• ពលរដ្ឋនៅតំបន់បឹងកក់៧ភូមិរួមគ្នាតវ៉ាប្រឆាំងនឹងលិខិតរបស់សាលាក្រុងបង្គាប់ឲ្យរុះរើផ្ទះ

    • ថ្ងៃចេញផ្សាយ ១៩-មករា-២០១៦

    សហគមន៍បឹងកក់ ធ្វើសន្និសីទកាសែតស្ដីពីខួប ៥ឆ្នាំនៃការចេញអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កាត់ដី ១២,៤៤ហិកតារ ឲ្យប្រជាពលរដ្ឋដែលសេសសល់នៅតំបន់បឹងកក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ RFA/Tha Kitya ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ទាំង ៧ភូមិ រួមគ្នាស្រែកតវ៉ាប្រឆាំងលិខិតជូនដំណឹងរបស់សាលាខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ដែលបង្គាប់ឲ្យសកម្មជនតវ៉ាដីធ្លីមួយគ្រួសារ រុះរើផ្ទះជាបន្ទាន់ក្នុងរយៈពេល ១៥ថ្ងៃ ដោយចោទថា សង់ផ្ទះរំលោភចូលដីសាលាក្រុង។ ទាក់ទិនបញ្ហានេះ សង្គមស៊ីវិលរិះគន់ជាថ្មីថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់បឹងកក់ ឲ្យបានចប់នោះទេ។«សំឡេងអ្នកបឹងកក់ស្រែកតវ៉ា»នេះ គឺជាសម្រែករបស់ក្រុមសកម្មជនដីធ្លីបឹងកក់ ដែលបានប្រមូលផ្តុំគ្នាធ្វើសន្និសីទកាសែតនៅខាងមុខផ្ទះ លោកស្រី ផាន់ ឈុនរ៉េត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមករា។ ការធ្វើសន្និសីទកាសែតនេះ នៅបន្ទាប់ពីសកម្មជនតវ៉ាដីធ្លី លោកស្រី ផាន់ ឈុនរ៉េត ត្រូវបានសាលាខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ចោទថា លោកស្រីបានលួចសង់ផ្ទះលើដីកម្មសិទ្ធិរបស់សាលារាជធានីភ្នំពេញ ចំនួន ១៦,០៧ម៉ែត្រការ៉េ ហើយបង្គាប់ឲ្យរុះរើចេញវិញជាបន្ទាន់ក្នុងរយៈពេល ១៥ថ្ងៃ។លោកស្រី ផាន់ ឈុនរ៉េត ដែលជាម្ចាស់ផ្ទះ ច្រានចោលការចោទប្រកាន់នេះ ដោយរៀបរាប់ថា គ្រួសារគាត់បានសង់ផ្ទះអស់ទំហំដីតែ ១៥៩ម៉ែត្រការ៉េនៅលើទំហំដីរបស់លោកស្រីចំនួន ២២៣.៦ម៉ែត្រការ៉េ ហើយនៅសល់ដីជាង ១០០ម៉ែត្រការ៉េទៀតឯណោះ។ ដីនេះ លោកស្រីអះអាងថា គាត់បានកាន់កាប់អស់រយៈពេលជាង ២២ឆ្នាំមកហើយ។ លោកស្រីបន្ថែមថា កន្លងមក មន្ទីរសុរិយោដីក្រុង និងមន្ត្រីសាលារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានចុះវាស់វែងជាច្រើនលើកច្រើនសា និងទទួលស្គាល់មាត្រដ្ឋានដីនោះ ថាជាកម្មសិទ្ធិលោកស្រីដែរ។ លោកស្រីហាក់មិនយល់ពីភាពប្រែប្រួលនៅពេលនេះឡើយ៖ «»។មូលហេតុដែលសាងសង់ផ្ទះថ្មីនេះ លោកស្រីពន្យល់បន្តថា ដោយសារសាលាក្រុងបានចាក់ខ្សាច់បំពេញបឹងនៅជាប់លំនៅឋានរបស់គាត់ កាលពីឆ្នាំ២០១៥ បានធ្វើឲ្យប៉ះពាល់ផ្ទះទ្រុឌទ្រោមមិនអាចរស់នៅបាន ម៉្លោះហើយទើបគាត់រុះរើសាងសង់ផ្ទះថ្មីវិញ ដោយធំជាងផ្ទះចាស់បន្តិច។ កាលណោះ អាជ្ញាធរក៏អនុញ្ញាត ហើយធ្លាប់សន្យាជួយផ្តល់សម្ភារៈសាងសង់ទៀតផង នៅបន្ទាប់ពីមានការប្ដឹងតវ៉ារឿងខូចខាតលំនៅឋាននោះ ប៉ុន្តែទីបំផុត អាជ្ញាធរក្រុងគ្មានការទទួលខុសត្រូវឡើយ។ ដូច្នេះ លោកស្រីប្រកាសថា មិនព្រមរុះរើផ្ទះសង់អំពីឈើជាដាច់ខាត៖ «»។ក្នុងលិខិតរបស់សាលាក្រុង និងសាលាខណ្ឌដូនពេញ ដែលធ្វើនៅថ្ងៃទី២៨ ខែធ្នូ ហើយទើបបញ្ជូនដល់ដៃ លោកស្រី ផាន់ ឈុនរ៉េត នៅថ្ងៃទី១៥ ខែមករា បង្ហាញថា សំណង់ថ្មីឈើស័ង្កសី បានរំលោភយកដីកម្មសិទ្ធិរបស់សាលាក្រុងទំហំ ១៦,០៧ម៉ែត្រការ៉េ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ហើយស្ថិតក្នុងដំណាក់កាលប្រជុំដោះស្រាយនៅឡើយ ដូច្នេះត្រូវរុះរើវិញដោយទុកពេលឲ្យ ១៥ថ្ងៃ។ លិខិតដដែលបន្តថា បើមិនរុះរើទេ សាលាខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ ការខូចខាត ឬបាត់បង់សម្ភារៈឡើយ។រឿងរ៉ាវវិវាទដីធ្លីនៅតំបន់បឹងកក់ កើតឡើងហាក់ដូចជាជំងឺមហារីកដែលមិនផ្សះជាបាន។ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី អះអាងថា ពួកគាត់ប្រឆាំងដាច់ខាតចំពោះលិខិតរបស់សាលាក្រុង និងសាលាខណ្ឌដូនពេញ។ អ្នកស្រីអះអាងថា សាលាក្រុងគ្មានចំណែកដីនៅទីនោះឡើយ ព្រោះអនុក្រឹត្យរបស់រដ្ឋាភិបាលចុះកាលពីឆ្នាំ២០១១ គឺបានធ្វើសម្បទានទំហំដី ១២,៤៤ហិកតារ សម្រាប់ប្រជាពលរដ្ឋនៅសេសសល់ធ្វើការអភិវឌ្ឍនៅនឹងកន្លែង៖ «»។កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលបានចុះកិច្ចសន្យាជួលដីតំបន់បឹងកក់ក្នុងរយៈពេល ៩៩ឆ្នាំ ដល់ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ក្នុងតម្លៃប្រមាណ ៧៩លានដុល្លារ។ ប្រជាជនប្រមាណ ៤.២៥២គ្រួសារ ត្រូវរងផលប៉ះពាល់ដោយសារគម្រោងនេះ។ សកម្មជនដីធ្លីឲ្យដឹងថា មានប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ បានបង្ខំចិត្តចាកចេញពីតំបន់បឹងកក់ដោយបង្ខំចិត្ត ដោយសាររងសម្ពាធ និងការគំរាមកំហែង។ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវតែគោរពសេចក្តីណែនាំរបស់អាជ្ញាធរ។ លោកបញ្ជាក់ថា ដីនៅតំបន់នោះ ប្រជាពលរដ្ឋមិនទាន់អាចសាងសង់បាននោះទេ ដោយនៅកំពុងដោះស្រាយ៖ «»។នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត លោក អ៊ី សារ៉ុម សម្ដែងការសោកស្ដាយដែលសាលាក្រុងគ្មានឆន្ទៈដោះស្រាយបញ្ចប់បញ្ហា រ៉ាំរ៉ៃនៅតំបន់បឹងកក់។ លោកដាក់ការសង្ស័យថា ឫសគល់ដែលមិនអាចបញ្ចប់បញ្ហាដីធ្លីនេះបានប្រហែលជាអាជ្ញាធរមានមហិច្ឆតាលោភលន់ចង់បន្តលក់ដូរដីដែលនៅសេសសល់ នៅតំបន់នោះ៖ «»។ក្រៅពីផ្ទះរបស់ លោកស្រី ផាន់ ឈុនរ៉េត ក៏នៅមានផ្ទះពលរដ្ឋនៅជិតគ្នានោះពីរទៅបីខ្នងទៀត ក៏រងការចោទប្រកាន់ថា សង់រំលោភយកដីសាលាក្រុង និងទាមទារឲ្យរុះរើដូចគ្នាដែរ។យ៉ាងណាក៏ដោយចុះ សហគមន៍បឹងកក់ និងសហគមន៍ដែលមានជម្លោះដីធ្លីផ្សេងទៀត ក៏ប្រកាសថា នឹងរួបរួមគ្នាបន្តតវ៉ាជាថ្មីម្តងទៀត ប្រសិនបើសាលាខណ្ឌ និងសាលាក្រុង នៅតែអនុវត្តវិធានការរុះរើផ្ទះ លោកស្រី ផាន់ ឈុនរ៉េត និងប្រជាពលរដ្ឋដទៃទៀតនោះ៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៦។។