• អាជ្ញាធរ​ហាម​អ្នក​ប្រារព្ធ​ខួប​នៃ​ការបាញ់សម្លាប់​លោក ជា វិជ្ជា តិះដៀល​រដ្ឋា​ភិ​បា​ល

    • ថ្ងៃចេញផ្សាយ ២១-មករា-២០១៦

    សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយប្រហារ​រដ្ឋាភិបាល​ឡើយ​។ បម្រាម​នេះ នៅ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព និង​កម្មករ​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែមករា​។ ទាក់ទិន​បម្រាម​នេះ ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី លើកឡើងថា គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​។​​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ គឺ​គម្រប់​ខួប ១២​ឆ្នាំ​គត់ ដែល​អតីត​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ត្រូវបាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ​។​​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សហជីព​កម្មករ ព្រមទាំង​ក្រុមគ្រួសារ ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​តម្កល់​រូបសំណាក​របស់លោក ស្ថិតនៅលើ​សួនច្បារ​ខាងលិច​វិមានឯករាជ្យ​។ ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រារព្ធ​ពិធី​នោះ​ហែ​ក្បួន និង​ថ្លែង​សារ​នយោបាយ ឬ​តិះដៀល​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះឡើយ​៖ «​មិន​អនុញ្ញាតអោយ​គាត់​ប្រើប្រាស់​កម្មវិធី​ថ្ងៃនោះ ជា​កម្មវិធី​នយោបាយ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​មិន​ប៉ះពាល់​ដល់​ប្រទេសជិតខាង​។ និយាយអោយចំ​ទៅ គឺ​មិនអោយ​ញុះញង់​បំបែកបំបាក់​ជាតិ គឺថា​យើង​មិន​ចង់អោយ​ធ្វើបែបនេះ​ទេ​»​។​មកទល់ពេលនេះ មជ្ឈដ្ឋាន​ទូទៅ​នៅតែ​ចង់ដឹងថា នរណា​ជា​ឃាតក​សម្លាប់​លោក ជា វិជ្ជា ហើយ​នៅពេល​សាលា​រាជធានី​មាន​បម្រាម​រារាំង​យ៉ាង​ដូច្នេះ បានធ្វើ​ឲ្យ​ពួកគេ​ដាក់​មន្ទិលសង្ស័យ​ទៅលើ​រដ្ឋាភិបាល​។​​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោក​នៅតែ​ថ្លែង​សារ​ទៅកាន់​រដ្ឋាភិបាល​ដូច​រាល់​ឆ្នាំ ហើយ​បើ​មិន​ចង់​ប៉ះពាល់​នោះ រដ្ឋាភិបាល​ត្រូវតែ​វែកមុខ​ឃាត​កពិត និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ដែល​បានសម្លាប់​លោក ជា វិជ្ជា យកមក​ផ្ដន្ទាទោស ដើម្បី​លុបបំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា​៖ «​បើ​មិន​ចង់​ឲ្យ​គេ​ថ្លែង​សារ​ទេ ចាប់​ឃាត​កមក ព្រោះ​អ្នក​ដែល​ដឹង​រឿង​នៅរស់​តើ ជាពិសេស​ក្រសួងមហាផ្ទៃ ដឹង​ហើយ ក្រសួងមហាផ្ទៃ ពូកែ​តើ​! មិនមែន​អត់​ជំនាញ​ទេ គឺមាន​ជំនាញ ប៉ុន្តែ​ថា ត្រូវ​ចាប់គាត់​អត់​ចាប់ ហើយ​គាត់​ចាំតែ​មេ​បញ្ជា​។ទោះបីជា​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ក៏ដោយ ប៉ុន្តែ​មានតែ​នៅលើ​ក្រដាស មិន​ការអនុវត្ត​ទេ ហើយ​បើ​អ៊ីចឹង មិនអោយ​គេ​រិះគន់​យ៉ាងម៉េច ឬក៏​សម្លាប់​គេ​ចង់​បិទបាំង​»​។​​ចំណែក​អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការហាម​ប្រាម​របស់​សាលា​រាជធានី គឺ​មិនត្រូវ​ឡើយ​។ មិន​ត្រឹមត្រូវ ព្រោះ​លោក ជា វិជ្ជា ត្រូវបាន​គេ​ចាត់ទុកថា ជា​វីរ​កម្មករ​ដែលមាន​ស្នាដៃ​ទាមទារ​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​ជូន​កម្មករ ដូច្នេះ​គណបក្សនយោបាយ​ណា​ក៏មាន​សិទ្ធិ​ចូលរួម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ល្បឿន​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៖ «​វា​ជា​រឿង​ធម្មតា​របស់​ប្រជាពលរដ្ឋ និង​គណបក្សនយោបាយ ប៉ុន្តែ​អ្វី​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​ឃាតក​ដែល​សម្លាប់​លោក ជា វិជ្ជា​»​។​​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​លីកាដូ រូបនេះ​បញ្ជាក់ថា ថ្វីត្បិតតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង មេ​សហជីព​ពីររូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុ​វណ្ណា​រ៉េត កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ក្ដី ប៉ុន្តែ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ពិត​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ឡើយ ព្រោះ​គណៈកម្មការ​នេះ មាន​អាយុ​ជាង ៥​ខែ​ហើយ តែ​មិនទាន់មាន​ពន្លឺ​នៃ​ការស៊ើបអង្កេត​។ លោក​សន្និដ្ឋានថា ការបង្កើត​គណៈកម្មកា​រ​មួយ​នេះ​ឡើង គឺ​រដ្ឋាភិបាល​ចង់​ទាក់ទាញ​ប្រជាប្រិយភាព និង​បន្លំ​ភ្នែក​ថា ការស៊ើបអង្កេត​នៅតែ​បន្ត​ប៉ុណ្ណោះ​៕​ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញថ្ងៃទី២០ ខែមករាឆ្នាំ២០១៦។។