• អាជ្ញាធរ​បញ្ជូន​មនុស្ស ២ នាក់​ក្នុង​ហិង្សា​ក្បែរ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទៅ​តុលាការ​

    • ថ្ងៃចេញផ្សាយ ៨-កុម្ភៈ-២០១៦

    ភ្នំពេញៈ មនុស្ស ២ នាក់​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ ៧ មករា​បាន​ចាប់ខ្លួន​ក្នុង​អំពើហិង្សា​ក្បែរ​ទីស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​សាខា​ផ្សារ​អូរឫស្សី​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេលដែល​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤ បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ពួកគេ​វិញ​ដោយ​ពួកគេ​ថា​ការចាប់ខ្លួន​នោះ​ធ្វើឡើង​មិន​ត្រឹមត្រូវ​។​​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​មាន​អំពើហិង្សា​មួយ​បាន​កើតឡើង​រវាង​សមាជិកសមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CCDA) ជាមួយ​អតីត​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​បណ្តាល​ឲ្យ​មនុស្ស ១៤ នាក់​រងរបួស​ធ្ងន់​ស្រាល និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ម្នាក់ និង​មន្ត្រីនគរបាល​ម្នាក់​។ ក្នុង​ហិង្សា​នោះដែរ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​មនុស្ស ២ នាក់​ឈ្មោះ ណន វណ្ណា អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល និង រស់ ស៊ី​ផៃ សមាជិក​សហភាព​ការងារ​កម្ពុជា​។​​អធិការរង​ខណ្ឌ ៧ មករា​លោក ក្រេ​ក ស​ការី​ន បាន​មានប្រសាសន៍ថា​មនុស្ស ២ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ក្រោយពី​បាន​ឃុំខ្លួន និង​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​។ ​លោក​ថា​៖ «​យើង​បាន​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​ហើយ​គេ​កំពុង​សួរនាំ​ពួកគាត់​រឿង​ហ្នឹង​ផុតដៃ​ពួក​ខ្ញុំ​ហើយ​មានការ​អី​ទៅ​សួរ​ខាង​តុលាការ​ទៅ​»​។​​ព្រឹត្តិការណ៍​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤ រួមមាន​លីកាដូ អាដហុក សហភាព​ការងារ​កម្ពុជា និង​អង្គការ​មួយចំនួនទៀត​បានចេញ​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​សៅរ៍​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ដែល​ពួកគេ​ថា​ប្រព្រឹត្តឡើង​ដោយ​ក្រុម​សមាគម CCDA ជា​អ្នកការពារ​រថយន្តក្រុង​កា​ពី​តូ​ល​ទៅលើ​ក្រុមអ្នកតវ៉ា​ខណៈ​កម្លាំង​នគរបាល​មិនបាន​ឆ្លើយតប​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​អំពើហិង្សា​។​​សេចក្តីថ្លែងការណ៍​បាន​រកឃើញថា​ក្រុម​អតីត​អ្នកបើកបរ​ដែល​តវ៉ា​បាន​ព្យាយាម​រារាំង​រថយន្តក្រុង​មួយ​មិន​ឲ្យ​ចាក​ចេញពី​ស្ថានីយ​ហើយ​ពេលនោះ​អ្នកគាំទ្រ​ក្រុមហ៊ុន​មកពី​សមាគម CCDA បាន​ដើរទៅ​ការពារ​រថយន្តក្រុង​នោះ​ហើយ​អំពើហិង្សា​បានចាប់ផ្តើម​ឡើង​។ សមាជិក​មួយចំនួន​នៃ​សមាគម CCDA បាន​ប្រើ​ញញួរ និង​ដំបង​ដែក​វាយដំ និង​ទាត់​ធាក់​ទៅលើ​ក្រុមអ្នកតវ៉ា​ហើយ​នគរបាល​បង្ក្រាប​បាតុកម្ម​មួយចំនួន​បាន​ចូលរួម​ក្នុងការ​វាយដំ​នោះ​ខណៈ​សមាជិកសមាគម និង​មន្ត្រីនគរបាល​មួយចំនួនទៀត​បាន​ព្យាយាម​បញ្ឈប់​អំពើហិង្សា​តែ​មិនបាន​ជោគជ័យ​។​​ក្រោយ​ការប៉ះទង្គិច​គ្នា​នោះ​កម្លាំង​នគរបាល​បាន​ព្យាយាម​រុញច្រាន​អ្នកបើកបរ និង​អ្នកគាំទ្រ​ទាំងនោះ​ឲ្យ​ថយក្រោយ និង​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ប៉ុន្តែ​សមាជិក​មកពី​សមាគម CCDA ដែលជា​អ្នក​ប្រើ​ហិង្សា​មិន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ «​សុំ​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជនរងគ្រោះ​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ព្រឹត្តិការណ៍​នោះ​»​។​​តំណាង​អតីត​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល លោក ហ៊ិ​ន មឿ​ន បាន​និយាយថា​ពួកគាត់​តវ៉ា​គ្រាន់តែ​ចង់​ឲ្យ​ក្រុមហ៊ុន​ចេញមក​ចរចា និង​ទទួល​ពួកគាត់​ចូលធ្វើការ​វិញ​ប៉ុណ្ណោះ​ពុំមាន​បំណង​បង្ក​ហិង្សា​ណាមួយ​ឡើយ​។​​លោក​ថា​៖ «​យើង​មិន​ចង់យក​កំហឹង​មក​ទប់ទល់​គ្នា​អ៊ីចឹង​ទេ​យើង​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី​តែ​មិនដឹងថា​ក្រុម​ម៉ូតូ​កង់​បី និង​ក្រុមហ៊ុន​ហ្នឹង​គិត​យ៉ាងម៉េច​បានជា​មក​បង្ក្រាប និង​ប្រើ​ហិង្សា​មកលើ​យើង​បែបនេះ​»​។​​ដោយឡែក​ក្រុមហ៊ុន​កា​ពី​តូ​ល​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ព្រឹត្តិការណ៍​នោះ និង​បាន​ចោទ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​បក្ខពួក​ថា​ជា​អ្នក​នៅ​ពីក្រោយ​ញុះញង់​ឲ្យ​កើតមាន​អំពើហិង្សា​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​ខណៈដែល​ក្រុម​អតីត​អ្នកបើកបរ​ដែល​តវ៉ា​នោះបាន​លើកគ្នា​ទៅ​បិទផ្លូវ​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​បង្ក​ការកកស្ទះ និង​បាន​ប្រើ​ដុំថ្ម​គប់​ទៅលើ​សមត្ថកិច្ច និង​ប្រើ​កាំបិត​ចាក់ទៅលើ​អ្នករត់​រឺ​ម៉ក​កង់​បី​ដែល​រក​ទទួលទាន​អាស្រ័យ​ផល​នៅមុខ​ក្រុមហ៊ុន​។​​ក្រុមហ៊ុន​បាន​បន្តថា​៖ «​បើ​គ្មាន​សមត្ថកិច្ច​បងប្អូន​អ្នករត់​ម៉ូតូ និង​អ្នករត់​រឺ​ម៉ក​កង់​បី​ដែល​រក​ទទួលទាន​អាស្រ័យ​ផល​នៅមុខ​ក្រុមហ៊ុន​ជួយ​ទប់ស្កាត់​ទេ​មិន​ដូច្នេះ​ប្រហែលជា​ក្រុមហ៊ុន​របស់​យើងខ្ញុំ​ត្រូវ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដូច​មាន​ក្នុង​រូបថត និង​វីដេអូ​ជា​ភ័ស្តុតាង​»​។​​ក្រុមហ៊ុន​កា​ពី​តូ​ល​ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមអ្នកតវ៉ា និង​សហភាព​ការងារ​កម្ពុជា​ដែលជា​អ្នក​ញុះញង់​នោះដែរ​។​​ចំណែក​លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បាន​ច្រានចោល​ការលើកឡើង​រប​ស់​អង្គការ​សង្គម​ស៊ីវិល​ហើយ​ថា​ដើមចម​នៃ​អំពើហិង្សា​នោះ​គឺ​ដោយសារ​ក្រុម​អតីត​អ្នកបើកបរ​ដែលមាន​ស​ហ​ភាព​ការងារ​កម្ពុជា​នៅ​ពីក្រោយ​ការតវ៉ា​នោះបាន​ទៅ​រារាំង​រថយន្ត​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ដំណើរ​ការដឹក​ភ្ញៀវ​ធ្វើ​ឲ្យ​ពួកគាត់​ដែលជា​អ្នករត់ម៉ូតូឌុប និង​អ្នករត់​រ៉ឺម៉ក​កង់​បី​ចំនួន ១៥៥ នាក់​ដែល​អាស្រ័យ​ផល​នៅមុខ​ក្រុមហ៊ុន​នោះ​មិនអាច​រក​ទទួលទាន​បាន​។​​លោក​បាន​បញ្ជាក់ថា​៖ «​រឿងនេះ​មិនដែល​សុខៗ​ពួក​ខ្ញុំ​ទៅ​វ៉ៃ​ពួកគេ​ដែល​ធ្វើបាតុកម្ម​ទេ​តែ​ក្រុមបាតុករ​នោះ​ចូលមក​រារាំង​ឡានក្រុង​ហើយ​ឈរ​បិទផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួក​ខ្ញុំ​នៅមុខ​ក្រុមហ៊ុន​នេះ​។ ខ្ញុំ​សោកស្តាយ​ណាស់​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ដែល​ចោទ​ប្រកាន់ពួក​ខ្ញុំ​ខណៈដែល​ពួក​ខ្ញុំ​ក៏មាន​រងរបួស​ចំនួន ១៧ នាក់​ដែរ​»​។​​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ក្រុមហ៊ុន​ហើយ​ថា «​ពួកយើង​ធ្វើឡើង​ដោយ​អហិង្សា​អត់​មានប្រើ​ដំបង ឬ​ប្រើ​អាវុធ​ដូច​ពួក​នោះទេ​ហើយ​យើង​ធ្វើ​នៅ​ខាងកើត​ក្រុមហ៊ុន​មិនមែន​ធ្វើ​នៅមុខ​ក្រុមហ៊ុន​ទេ​ដូច​ឃើញ​ក្នុង​វីដេអូ​ហើយ​គឺ​ពួក​នោះទេ​ដែល​ក្នុង​ដៃ​មាន​កាន់ដំបង​ដែក ដំបង​ទីប និង​មាន​ញញួរ​មាន​ដុំថ្ម​ដាក់​ក្នុង​មួក​ហើយ​មក​វ៉ៃ​កម្មករ​បែរជា​មក​ចោទ​យើង​បង្ក​អំពើហិង្សា​វា​ដូចជា​អយុត្តិធម៌​ណាស់​»​។​​បើតាម​លោក អាត់ ធន់ នៅ​ថ្ងៃ​ចន្ទ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នឹង​ទៅ​ឃ្លាំមើល​ការសាកសួរ​ជនរងគ្រោះ​ទាំងពីរ​នាក់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ប្រសិនបើ​ពុំមាន​ការដោះលែង និង​ពុំមាន​ដំណោះស្រាយ​សម្រាប់​អតីត​អ្នកបើក​បរទាំង ៤៥ នាក់​ទេនោះ​នឹងមាន​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ពី​សំណាក់​ក្រុមហ៊ុន​កា​ពី​តូ​ល​៕​ ដកស្រង់ចេញពីកាសែតប៉ុស្តិ៍ខ្មែរ ចេញផ្សាយថ្ងៃទី៨ ខែកុម្ភះឆ្នាំ២០១៦។។