-
ការវិភាគផ្នែកច្បាប់ជុំវិញបទចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា
-
Released Date:
07-Aug-2013
ការវិភាគផ្នែកច្បាប់នេះក្នុងគោលបំណង៖ (១) ផ្តល់ទិដ្ឋភាពអង្គហេតុដែលនាំឲ្យឈានដល់ការចាប់ខ្លួនរហូតដល់ការកាត់ទោស (២)វិភាគតាមដំណាក់កាល (៣) ធ្វើការពិនិត្យលើនិតីវិធីតុលាការ (៤) ផ្តល់ទិដ្ឋភាពសិទ្ធិមនុស្សជាមូលដ្ឋាន (៥) ធ្វើការសន្និដ្ឋានលើការកាត់ទោស។
-
-
តើអ្វីទៅជាការញុះញង់?
-
Released Date:
04-Jun-2013
ការញុះញង់ តាមន័យធម្មតា ជាការបញ្ចូលចិត្តឲ្យអ្នកណាម្នាក់ធ្វើអ្វីមួយ ដើម្បីឲ្យបានសំរេចគោលបំណងដែលខ្លួនចង់បាន ជាទូទៅជាគោលបំណងអាក្រក់។ក្នុងន័យច្បាប់ ការញុះញង់ គឺជាការផ្តើមគំនិតឲ្យអ្នកណាមួយប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ បទមជ្ឈិម។ ដូច្នេះ អ្នកញុះញង់មិនប្រព្រឹត្តិបទល្មើសនោះដោយខ្លួនឯងទេ តែគាត់ជាម្ចាស់គំនិត ម្ចាស់ប្រាជ្ញានៅក្នុងការប្រព្រឹត្តបទល្មើសនេះ។ គេហៅអ្នកញុះញង់ថាជា”ចារីខាងបញ្ញា” រីឯអ្នកប្រព្រឹត្តជា”ចារីខាងអំពើ”។ ក្នុងប្រព័ន្ធច្បាប់បារាំង ក៏ដូចជាប្រព័ន្ធច្បាប់ខ្មែរ គេចាត់ទុកអ្នកញុះញង់ជាអ្នកសមគំនិត មិនមែនជាចារីទេ។ដោយសារបទល្មើសព្រហ្មទណ្ឌទាមទារឲ្យមានអំពើ(ធាតុផ្សំសត្យានុម័ត) ហើយអ្នកញុះញង់មិនបានប្រព្រឹត្តអំពើដោយផ្ទាល់ ដូច្នេះ គេមិនអាចចាត់ទុកអ្នកញុះញង់ជាជនប្រព្រឹត្តបទល្មើសទេ ក៏ប៉ុន្តែ ច្បាប់ចាប់ឲ្យអ្នកញុះញង់ទទួលខុសត្រូវដូចជាជនប្រព្រឹត្តដែរ។ មានន័យថា បើជនប្រព្រឹត្តមានទោស អ្នកញុះញង់ក៏មានទោសដែរ។ ឧទាហរណ៍ បើ ក ញុះញង់ឲ្យ ខ ទៅប្លន់ទ្រព្យសម្បត្តិអ្នកដទៃ បើ ខ ប្លន់បាន នោះ ក ក៏ទទួលខុសត្រូវខាងបទព្រហ្មទណ្ឌដូច ខ ដែរ។ឧទារហរណ៍មួយទៀត បើ ក ញុះញង់ឲ្យ ខ ទៅកាប់ព្រៃឈើក្នុងព្រៃការពារ តែ ខ មិនបានទៅកាប់ នោះ ក ក៏គ្មានទោសអ្វីដែរ ព្រោះ ខ គ្មានទោសពីបទកាប់ព្រៃខុសច្បាប់។ឧទាហរណ៍មួយទៀត បើ ក ផ្តើមគំនិតឲ្យ ខ ទៅធ្វើបាតុកម្មទាមទារតម្លើងប្រាក់ខែ ខ បាននាំបាតុករដទៃទៀតធ្វើបាតុកម្មដោយសន្តិវិធីតាមការណែនាំរបស់ ក នោះ ក គ្មានទទួលខុសត្រូវពីបទល្មើសអ្វីទេ ព្រោះថាការធ្វើបាតុកម្មមិនមែនជាបទល្មើសព្រហ្មទណ្ឌអ្វីទាំងអស់។ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋឬ បទមជ្ឈិម ចំពោះបុគ្គលណាដែល ៖១. ជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទបជ្ឈិមតាមការណែនាំ ឬ ការបញ្ជា។២. បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន។អ្នកផ្តើមគំនិតនឹងត្រូវអាចផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវបានសម្រេច ឬ ប៉ុនប៉ង។អ្នកផ្តើមគំនិតបទឧក្រិដ្ឋឬបទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ៕ តបតាមមាត្រា២៨ខាងលើបានបញ្ជាក់ថា អ្នកផ្តើមគំនិត គឺជាម្ចាស់ប្រាជ្ញា ម្ចាស់គំនិតដែលញុះញង់ឲ្យអ្នកដទៃប្រព្រឹត្តបទល្មើស ហើយអ្នកផ្តើមគំនិតប្រាប់ទៅអ្នកប្រព្រឹត្តជាសម្ងាត់ពោលគឺគ្មានអ្នកណាក្រៅពីជនប្រព្រឹត្តបានដឹងទេ។និយមន័យនៃអំពើញុះញង់មាត្រា៤៩៤៖ លក្ខណ្ឌអត្ថិភាពនៃការញុះញង់ ដើម្បើអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖១. ដោយសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។២. ដោយសំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬ តាំងឲ្យសាធារណជនមើល។៣. ដោយគ្រប់មធ្យោបាយទូរគមនាគន៍សោតទស្សន៍សម្រាប់សាធារណជន៕តាមន័យច្បាប់នៃមាត្រា៤៩៤ខាងលើបានបញ្ជាក់ថា អំពើនៃការញុះញង់គឺជាការផ្តើមគំនិតឳ្យអ្នកណាម្នាក់ ឬច្រើននាក់ប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌណាមួយ។ ដូច្នេះអ្នកញុះញង់មិនបានចូលរួមប្រព្រឹត្តបទល្មើសដោយខ្លួនឯងផ្ទាល់ដៃទេ តែគាត់គ្រាន់តែជាម្ចាល់គំនិត ម្ចាស់ប្រាជ្ញា ដែលផ្តល់ ឬបង្គាប់បញ្ជាដល់អ្នកដទៃឳ្យប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ហើយអ្នកញុះញង់ប្រើប្រាស់តាមគ្រប់មធ្យោយបាយទាំងអស់ដែលមានចែងក្នុងមាត្រ៤៩៤ ខាងលើ ពោលគឺជាសាធារណៈមិនលាក់លៀមចំពោះអ្នកណាទេ។ និយាយជារួម អ្នកផ្តើមគំនិត(មាត្រា២៨) និង លក្ខណ្ឌអត្ថិភាពនៃការញុះញង់ (មាត្រា៤៩៤) ត្រូវចាត់ទុកជាអំពើញុះញង់ដូចគ្នា ភាពខុសគ្នាត្រង់ថា អ្នកផ្តើមគំនិត(មាត្រ២៨) ធ្វើសម្មភាពដោយសង្ងាត់ ចំណែកឯលក្ខណ្ឌអត្ថិភាពនៃការញុះញង់(មាត្រា៤៩៤)សម្តែងចេញជាសាធារណៈ៕តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យមនុស្សម្នាក់ទទួលខុសត្រូវពីរការញុះញង់?យោងតាមមាត្រា ២៨ និង មាត្រា៤៩៤ ខាងលើ ដើម្បីឲ្យមនុស្សម្នាក់ទទួលខុសត្រូវពីការញុះញង់ ត្រូវមានកត្តាចាំបាច់ជាមុន និង កត្តាបន្ទាប់។កត្តាចាំបាច់ជាមុន៖ មុននឹងបែរមុខឆ្ពោះទៅរកអ្នកញុះញង់ គេត្រូវរកឲ្យឃើញអ្នកប្រព្រឹត្តផ្ទាល់សិន មានន័យថា (១) តើអ្នកប្រព្រឹត្តបទល្មើសបានប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តដែរឬទេ (២) ប្រព្រឹត្តបទល្មើសអ្វី និង (៣) បទល្មើសដែលចោទឡើងនោះមានចែងនៅក្នុងច្បាប់ដែរឬទេ។ ឧទាហរណ៍ មុននឹងចោទលោក ក ជាអ្នកញុះញង់ឲ្យប្រព្រឹត្តបទបំផ្លាញព្រៃឈើ គេត្រូវដឹងឲ្យប្រាកដជាមុនថា (១) មានមនុស្សបានកាប់ព្រៃឈើដែរឬទេ ឬដើមឈើនោះរលំខ្លួនឯង (២) បើមាន តើឈើនោះជាឈើដែលត្រូវហាមឃាត់ ឬជាឈើដែលអនុញ្ញាតឲ្យយកប្រើជាអនុផលព្រៃឈើ និង (៣) បើជាឈើត្រូវហាមឃាត់ តើមាត្រាណានៃច្បាប់ណាដែលហាមឃាត់។ កត្តាចាំបាច់ជាមុននេះ ជាកត្តានីត្យានុកូល។កត្តាបន្ទាប់៖ គេត្រូវកំណត់ពីទំនាក់ទំនងរវាងអ្នកប្រព្រឹត្តផ្ទាល់ និង អ្នកដែលគេចោទថាបានញុះញង់។ តើមនុស្សដែលត្រូវបានចោទថាញុះញង់នោះ បានធ្វើអ្វីខ្លះដល់អ្នកប្រព្រឹត្តផ្ទាល់ ទាក់ទងនឹងការប្រព្រឹត្តផ្ទាល់នោះ?។ ឧទាហរណ៍ ក ជាមនុស្សដែលគេចោទថាបានញុះញង់ឲ្យ ខ កាប់ព្រៃឈើហាមឃាត់។ សំណួរត្រូវសួរថា តើ ខ ដែលកាប់ព្រៃឈើហាមឃាត់នោះ (១) គាត់កាប់ដោយសារ ក ញ៉ាំងគាត់ឲ្យទៅកាប់ ឬ (២) គាត់ស្តាប់ពាក្យរបស់ ក មិនយល់ហើយក៏ទៅកាប់ ឬ (៣) គាត់កាប់ដោយចិត្តឯង?។ ខ ត្រូវតែបានរងអំពើញុះញង់មួយពី ក ។ តើអំពើអ្វីខ្លះដែលហៅថាញុះញង់?តាមមាត្រា ២៨ ខាងលើ មានអំពើពីរដែលចាត់ទុកជាការញុះញង់៖១. ការណែនាំ (បារាំងហៅថា Instruction)២. ការបង្ក (បារាំងហៅថា Provocation) ១. ការណែនាំអ្នកដែលត្រូវចោទថាបានញុះញង់នោះបានឲ្យការណែនាំ ឬ បានបញ្ជាដល់អ្នកប្រព្រឹត្តផ្ទាល់។ អ្នកនេះជាអ្នកផ្តល់ពត៌មានដល់អ្នកប្រព្រឹត្តផ្ទាល់ដូចជា ពីរបៀបប្រព្រឹត្ត ពី ពត៌មាននៃគោលដៅដែលជាកម្មវត្ថុនៃការប្រព្រឹត្ត(ឧទាហរណ៍ ក្នុងករណីលួច ប្រាប់ពីកន្លែងទុករបស់ ម្ចាស់ចេញពីផ្ទះនៅម៉ោងប៉ុន្មាន) និយាយរួមអ្នកនោះប្រាប់ពីពត៌មានដើម្បីសំរួលដល់ការប្រព្រឹត្តផ្ទាល់នោះ។ និយាយរួមអ្នកញុះញង់ដោយការណែនាំ គឺជាមេប្រាជ្ញា ជាអ្នកផ្តល់ប្រាជ្ញាឲ្យអ្នកប្រព្រឹត្តផ្ទាល់ឬចារីអាចប្រព្រឹត្តបទល្មើសមួយបាន។ ២. ការបង្កដើម្បីឲ្យការញុះញង់ដោយការបង្ករងការទទួលខុសត្រូវព្រហ្មទណ្ឌ ការបង្កនោះត្រូវបំពេញលក្ខខ័ណ្ឌបីគឺ (១) ការបង្កនោះត្រូវធ្វើដោយផ្ទាល់ មានន័យថា គំនិតធ្វើបទល្មើសត្រូវតែបញ្ជាក់ដោយច្បាស់គ្មានព្រលាំដោយអ្នកបង្ក (២) ការបង្កត្រូវតែមានលក្ខណៈជាឯកត្តភូត មានន័យថាសំដៅទៅលើបុគ្គលណាជាក់លាក់ មិនមែនបង្កមនុស្សទូទៅមិនដឹងមុខនោះទេ និង (៣) ការបង្កត្រូវតែមានទម្ងន់ជម្រុញ តាមមធ្យោបាយណាមួយដែលរៀបរាប់ក្នុងមាត្រា ២៨.២ ដូចជា ការផ្តល់អំណោយ ការសន្យា ការគំរាមកំហែង ការញុះញង់ ការលួងលោម ឬការរំលោភអាជ្ញា ឬ អំណាច។ ការបង្កមិនសូវទាក់ទងនឹងការផ្តល់គំនិតដល់ជនប្រព្រឹត្តផ្ទាល់ប៉ុន្មានទេ ប៉ុន្តែ វាជាការអន្ទងចិត្ត ជានុយសំរាប់អូសទាញឲ្យអ្នកប្រព្រឹត្តផ្ទាល់មានទឹកចិត្តនឹងប្រព្រឹត្ត។ អំពើទាំងនេះមានដូចជាផ្តល់អំណោយ ការសន្យានឹងឲ្យអ្វីមួយ ការលួងលោម បើជនម្នាក់ទៀតមិនមានចេតនាខ្លួនឯងដើម្បីបង្កើតផែនការប្រព្រឹត្តបទល្មើសមួយទេនោះ។ ឧទាហរណ៍ ក ចង់បំផ្លាញផ្ទះលោក ផ តែមិនហ៊ានចេញមុខធ្វើខ្លួនឯង ក ក៏បញ្ចុះ បញ្ជូលឲ្យ ខ ទៅដុតផ្ទះនោះចោលដោយសន្យាថានឹងឲ្យប្រាក់មួយចំនួន ឬក៏បញ្ជោ ខ ឲ្យ ដុត។ការបង្កខ្លះទៀតមានលក្ខណៈជាការគាបសង្កត់ផ្លូវចិត្ត ឬផ្លូវកាយលើអ្នកដែលគ្មានគំនិតជាមុនថានឹងប្រព្រឹត្តបទល្មើសណាមួយ។ អំពើទាំងនេះរួមមាន ការគំរាមកំហែង ការរំលោភអាជ្ញា ឬ អំណាចរបស់អ្នកផ្តើមគំនិត។ឧទាហរណ៍នៃការគំរាមកំហែងមានដូចជា មនុស្សឈ្មោះ ក ទូរស័ព្ទទៅ ខ ហើយប្រាប់ថា ថាបើលោក ខ ឈប់លក់គ្រឿងញៀនឲ្យខ្លួន ខ្លួននឹងសម្លាប់កូនរបស់ ខ។ ឧទាហរណ៍មួយទៀតទាក់ទងនឹងការរំលោភអំណាចគឺ លោក ក ជាប្រធានមន្ទីរដឹកជញ្ជូនមួយ ហើយបានប្រើអ្នកបើកបររបស់គាត់ឲ្យដឹកទំនិញដែលត្រូវបានចាត់ទុកថាជាទំនិញខុសច្បាប់។ អ្នកបើកបរមិនហ៊ានប្រកែក ព្រោះខ្លាចប្រធានបញ្ឈប់ពីការងារ។ ក្នុងករណីនេះ លោក ក ជាអ្នកផ្តើមគំនិតឲ្យប្រព្រឹត្តបទល្មើស ដោយបំពានអាជ្ញាឬអំណាចរបស់ខ្លួន ព្រោះ តាមផ្លូវច្បាប់ គាត់គ្មានអំណាចប្រើបុគ្គលិករបស់ខ្លួនហួសពីរង្វង់ការងាររបស់ក្រសួងទេ។ខាងលើដែលបានពោលមកនេះជាការរៀបរាប់ពីអំពើឬទង្វើអ្វីខ្លះដែលហៅថាជាអំពើញុះញង់។ ដើម្បីឲ្យអ្នកញុះញង់ទទួលខុសត្រូវចំពោះបទល្មើសដែលប្រព្រឹត្តដោយមនុស្សម្នាក់ទៀត តើអ្នកញុះញង់នោះត្រូវមានចេតនាប្រព្រឹត្តបទល្មើសដែរឬទេ?អ្នកញុះញង់ត្រូវមានចេតនា តែមិនមែនចេតនាប្រព្រឹត្តទេ តែជាចេតនាចូលរួមក្នុងការប្រព្រឹត្ត។ នៅក្នុងបទល្មើសមួយដែលបានចោទប្រកាន់ អ្នកញុះញង់មិនបានបញ្ចេញអំពើជាសត្យានុម័តណាមួយដែលជាធាតុផ្សំនៃបទល្មើសនោះទេ ប៉ុន្តែគាត់បានធ្វើសហប្រតិបត្តិការជាមួយនឹងអ្នកប្រព្រឹត្តផ្ទាល់។ គាត់រួមចំណែកជាចេតនា នៅក្នុងការប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់នោះ។នៅក្នុងការញុះញង់ដោយការណែនាំឬការបញ្ជា បើតាមយុត្តិសាស្ត្របារាំង ចេតនារបស់អ្នកញុះញង់គឺ គាត់ផ្តល់”ការណែនាំក្នុងគោលបំណងឲ្យ[មនុស្សម្នាក់ទៀត]ធ្វើសកម្មភាពមួយដែលចាត់ចូលជាបទឧក្រិដ្ឋឬមជ្ឈិម”។ការធ្វេសប្រហែសរបស់លោក ក នៅក្នុងការនិយាយស្តី ដោយគាត់និយាយទៅលោក ខ ហើយលោកខ យល់ច្រឡំថាលោក ក ចង់មានន័យថាឲ្យខ្លួន (លោក ខ) ប្រព្រឹត្តបទល្មើសមួយ មិនអាចចាត់ទុកថាគាត់មានចេតនាផ្តល់ការណែនាំឲ្យប្រព្រឹត្តបទល្មើសទេ។ឧទាហរណ៍ មនុស្សម្នាក់បានមកខ្ចីពូថៅពីលោក ក ថាយកទៅកាប់ឧស តែផ្ទុយទៅវិញ មនុស្សនោះយកពូថៅនោះទៅកាប់មនុស្សដែលខ្លួនបានគុំពីមុនមក។ ម្ចាស់ពូថៅនេះគ្មានចេតនាចូលរួមក្នុងការកាប់នេះទេ គាត់មិនដឹងថាពូថៅនេះត្រូវបានគេយកទៅប្រើដូច្នេះទេ។ គាត់មិនបានរួមចំណែកដល់អំពើកាប់នេះទេ។ដូចគ្នានឹងការញុះញង់ដោយការណែនាំឬបញ្ជាដែរ ការញុះញង់ដោយការបង្កទាមទារឲ្យមានចេតនាចូលរួមក្នុងការប្រព្រឹត្តបទល្មើស។ អ្នកបង្កត្រូវតែដឹងថា អ្វីដែលខ្លួនបង្កនោះ នឹងជំរុញឬ អន្ទងឲ្យមនុស្សម្នាក់ទៀតប្រព្រឹត្តបទល្មើស។ ការធ្វេសប្រហែសក្នុងការបញ្ចេញគំនិតពីបទល្មើស មិនចាត់ទុកជាចេតនាចូលរួមក្នុងការប្រព្រឹត្តទេ។ធម្មតាក្នុងការប្រាស្រ័យទាក់ទងពីមនុស្សមួយទៅមនុស្សមួយទៀត គំនិតចេញពីមនុស្សទីមួយទៅកាន់មនុស្សទីពីរមិនមែនត្រូវបានទទួលដូចគេផ្តិតនោះទេ។ បើគំនិតដើមត្រូវបានក្រឡៃដោយអ្នកប្រព្រឹត្តផ្ទាល់ ឬ អ្នកប្រព្រឹត្តផ្ទាល់យល់គំនិតដើមមិនច្បាស់ ហើយយកគំនិតនោះទៅប្រព្រឹត្តបទល្មើស តើមនុស្សទីមួយត្រូវទទួលទោសដែរឬទេ?ដូចបានឃើញនៅខាងលើស្រាប់ ចេតនារបស់អ្នកដែលជាប់ចោទពីការញុះញង់ ត្រូវសំដែងដោយការផ្តល់ជាពត៌មានសំរាប់យកទៅប្រព្រឹត្តបទល្មើស (ការញុះញង់ដោយការណែនាំ) ឬដោយការបង្កតាមរយៈមធ្យោបាយនានាដែលប្រើជាទម្ងន់ជំរុញការប្រព្រឹត្តបទល្មើស ដូច្នេះ បើគំនិតដើមមិនមានន័យឲ្យប្រព្រឹត្តបទល្មើស តែបើអ្នកទីពីរយកគំនិតនោះទៅប្រើខុស ឬយល់ខុសគំនិតដើមដែលនិយាយអញ្ចេះ ហើយយកទៅអនុវត្តផ្សេង នោះមនុស្សទីមួយមិនជាប់ទាក់ទងនឹងការញុះញង់ដែលត្រូវទទួលទណ្ឌកម្មទេ។ដើម្បីឲ្យអ្នកជាប់ចោទពីការញុះញង់ទទួលទោសបាន ការសំដែងគំនិតរបស់ជននោះត្រូវតែបានធ្វើដោយជាក់ច្បាស់ មិនមែនល្វឹងល្វើយមិនច្បាស់ថាជាអ្វីប្រាកដនោះទេ។ នៅក្នុងញុះញង់ដោយការណែនាំ ការសំដែងគំនិតណែនាំត្រូវតែជាក់ច្បាស់ មានលក្ខណៈសំរួលដល់ការអនុវត្តគំនិតដើម្បីប្រព្រឹត្តបទល្មើស ឬមានលក្ខណៈឲ្យអនុវត្តកើតនូវគំនិតដើម្បីប្រព្រឹត្តបទល្មើស។ឧទាហរណ៍ នៅក្នុងរឿងក្តីនៅប្រទេសបារាំង ការផ្តល់ពត៌មានពីម៉ោងពេលជាក់លាក់ដែលម្ចាស់ផ្ទះមិននៅ ដើម្បីឲ្យមនុស្សម្នាក់ចូលលួចផ្ទះនោះ ជាការញុះញង់ដោយការណែនាំ និងត្រូវទទួលទោស។ ប៉ុន្តែ ការណែនាំឲ្យទៅសម្លាប់មនុស្សឈ្មោះ ក តែអ្នកប្រព្រឹត្តផ្ទាល់មិនទៅសម្លាប់ឈ្មោះ ក ទេ តែបែទៅសម្លាប់ឈ្មោះ ខ ដោយឆន្ទៈរបស់ខ្លួនផ្ទាល់ ការនេះមិននាំឲ្យអ្នកណែនាំទទួលទោសទេ។ តើការញុះញង់ទាមទារឲ្យមានលទ្ធផលនៃការញុះញង់ដែរឬទេ?ដើម្បីដាក់ទោសអ្នកជាប់ចោទពីការញុះញង់បាន គេត្រូវក្រឡេកទៅមើលលទ្ធផលនៃការប្រព្រឹត្តរបស់ជនប្រព្រឹត្តផ្ទាល់ ឬ ចារី។ ចារីត្រូវបានសម្រេចការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមរបស់ខ្លួន ឬយ៉ាងហោចណាស់ក៏បានប៉ុនប៉ងប្រព្រឹត្តដែរ។ឧទាហរណ៍នៃការប្រព្រឹត្តបទល្មើសបានសំរេចមាននៅក្នុងករណី ដែលឈ្មោះ ក បានសន្យាឲ្យរង្វាន់ជាប្រាក់ ៥០០,០០០ រៀលដល់ឈ្មោះ ខ ដើម្បីឲ្យ ខ លួចដុតតូបលក់ទំនិញដែលនៅជិតខាងខ្លួន។ ខ បានដុតតូបនោះឆេះអស់។ ខ បានប្រព្រឹត្តសំរេចនូវបទល្មើសបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម និងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិអ្នកដទៃស្របតាមមាត្រា ៤១៣ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះ ក ត្រូវមានទោសពីបទញុះញង់ ឬ ផ្តើមគំនិតឲ្យប្រព្រឹត្តបទល្មើសមជ្ឈិមនេះ។ជួនកាលចារីបានអនុវត្តគំនិតរបស់អ្នកញុះញង់ តែមិនបានសំរេចការប្រព្រឹត្តបទល្មើសទេ ដោយបានត្រឹមប៉ុនប៉ង។ ឧទាហរណ៍ ដូចជាក្នុងករណីខាងលើ ខ ត្រូវម្ចាស់តូបឃើញទាន់មុនពេលដកដែកកេះដុតសាំងដែលខ្លួនបានចាក់ដាក់តូបរួចហើយ ហើយម្ចាស់តូបស្រែកឡូឡា រួច ក ក៏រត់គេចខ្លួន។ ក មានទោសពីការប៉ុនប៉ងបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ ស្របតាមមាត្រា ៤២១ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះ ខ ក៏មានទោសពីបទញុះញង់(ផ្តើមគំនិត) ឲ្យមានការប៉ុនប៉ងប្រព្រឹត្តការបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃដែរ។នៅពេលដែលការអនុវត្តគំនិតនៃការញុះញង់ បានត្រឹមតែឲ្យចារីត្រៀមលក្ខណៈដើម្បីប្រព្រឹត្តបទល្មើសប៉ុណ្ណោះ តើអ្នកញុះញង់ ឬអ្នកផ្តើមគំនិតត្រូវមានទោសដែរឬទេ?ក្រមព្រហ្មទណ្ឌដាក់ទោសអ្នកញុះញង់ តែក្នុងករណីចារីប៉ុនប៉ងប្រព្រឹត្តតែប៉ុណ្ណោះ តែមិនដាក់ទោសក្នុងករណីចារីត្រៀមប្រព្រឹត្តទេ។ នេះដោយសារតែច្បាប់មិនដាក់ទោសការត្រៀមប្រព្រឹត្ត។ មាត្រា ២៧ កថាខ័ណ្ឌទី ៤ នៃក្រមព្រហ្មទណ្ឌចែងថា៖អំពើត្រៀមមប្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ។មាត្រា ២៧ ដដែលត្រង់កថាខ័ណ្ឌទី ១ និង ទី ២ ចែងថា៖ការប៉ុនប៉ង...អាចត្រូវផ្តន្ទាទោសបានកាលណា...ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស...ដូច្នេះ ការត្រៀមបម្រុង ខុសពីការប៉ុនប៉ង។ ការប៉ុនប៉ងបានធ្វើឲ្យគំនិតនៃការធ្វើបទល្មើសមានលក្ខណៈច្បាស់មិនស្រពិចស្រពិល មានន័យថា លទ្ធផលនិងអំពើនៃការប្រព្រឹត្តមានទំនាក់ទំនងគ្នាដោយផ្ទាល់។ជាគោលការណ៍ទូទៅ ការត្រៀមបម្រុងមិនគួរនឹងផ្តន្ទាទេ ពីព្រោះវាដូចជាលឿនពេកដែលត្រូវកំណត់ពីភាពជាក់ស្តែងនៃបទល្មើស មានន័យថា បទល្មើសនោះគ្រាន់តែមានរូបភាពស្ទង់ៗ មិនអាចកំណត់ជារូបរាងអ្វីមួយឲ្យបានច្បាស់។ ដូច្នេះ ច្បាប់ផ្តល់វិមតិសង្ស័យដល់ការត្រៀមបម្រុង។ដើម្បីឲ្យមនុស្សម្នាក់មានទោសពីបទប៉ុនប៉ង គាត់ត្រូវតែមានចេតនាប្រព្រឹត្តមិនអាចដកត្រឡប់ក្រោយបាន។ រីឯនៅក្នុងដំណាក់ការត្រៀមបម្រុង គេអាចដកចេតនាវិញបាន ព្រោះគេអាចប្តូរចិត្តបាននៅឡើយ។ ប៉ុន្តែ នៅក្នុងការប៉ុនប៉ង ឆន្ទៈនឹងប្រព្រឹត្តបទល្មើសនៅបន្តរហូតដល់មានកាលៈទេសៈខាងក្រៅខ្លួនមកបញ្ឈប់សកម្មភាពរបស់ខ្លួន ឧទាហរណ៍ ដូចជាប៉ូលីសមកទាន់ជាដើម។ពេលខ្លះគេពិបាកកំណត់ថាអ្វីជាការប៉ុនប៉ង ដោយសារមានការកៀកគ្នារវាងការត្រៀមបម្រុង និង ការប៉ុនប៉ង។ តើមានវិធានណាដែលធ្វើឲ្យគេញែកដាច់រវាង ការត្រៀមបម្រុង និង ការប៉ុនប៉ងដែរឬទេ?ដូចបានពោលខាងលើ ការប្រព្រឹត្តបទល្មើសត្រូវឆ្លងកាត់ដំណាក់ការបី គឺ (១) ការគិតធ្វើ (២) ការប្តេជ្ញាធ្វើ (៣) ការត្រៀមបម្រុង (៤) ការអនុវត្ត និង (៥) ការសំរេចផែនការអនុវត្ត។ដើម្បីបែងចែកការត្រៀមបម្រុងពីការចាប់ផ្តើមអនុវត្តមានតេស្តមួយដែលតុលាការយកមកប្រើ។ តុលាការខ្មែរប្រហែលជាត្រូវប្រើតេស្ត”វិបាកដោយផ្ទាល់” ឬ”គោលបំណងដោយផ្ទាល់” ព្រោះក្រមព្រហ្មទណ្ឌខ្មែរចែងពី គោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស។ ដើម្បីងាយយល់ពីគោលគំនិតនេះ យើងក្រឡេកទៅមើលយុត្តិសាស្ត្របារាំង ថាតើ តេស្តនេះត្រូវបានអនុវត្តដូចម្តេច។តើអ្វីទៅដែលហៅថាវិបាកដោយផ្ទាល់? គេត្រូវដឹងថា ការប៉ុនប៉ងមានលក្ខណៈសំគាល់ដោយព្រឹត្តិការណ៍ដែលចារីបានចូលក្នុងដំណាក់ការអនុវត្តហើយធ្វើអំពើអ្វីម្យ៉ាង ដែលតម្រង់ទិសដោយផ្ទាល់ទៅរកការអនុវត្តឲ្យបានសំរេចនូវបទល្មើសដែលបានពោលនោះ។ អំពើដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងបទល្មើសគឺជា អំពើទាំងឡាយណាដែលបង្កើតការជាប់ទាក់ទងគ្នារវាងអំពើទាំងនោះនិងការប្រព្រឹត្តបទល្មើសដែលត្រូវបានចោទប្រកាន់។ ឧទាហរណ៍ អំពើភ្ជង់កាំភ្លើងទៅរកមនុស្សម្នាក់ ដោយដៃនៅលើកៃមានចំណងទាក់ទងដោយផ្ទាល់ជាមួយនឹងបទល្មើសសម្លាប់មនុស្ស។ អំពើដែលគ្មានចំណងទាក់ទងដោយផ្ទាល់ជាមួយបទល្មើសគឺជាអំពើ ដែលអាចឬមិនអាចនាំទៅរកការប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ឧទាហរណ៍ ទិញកាំភ្លើងអាចមិនមានចំណងទាក់ទងដោយផ្ទាល់ទៅនឹងការសម្លាប់មនុស្ស។ នៅក្នុងដំណាក់ការត្រៀម ចេតនាប្រព្រឹត្តបទល្មើសនៅមិនទាន់លេចរូបរាងច្បាស់លាស់នៅឡើយ ព្រោះថា បុគ្គលដែលត្រៀមបំរុងនោះអាចលះបង់គ្រោងការចាស់របស់ខ្លួនបាន។ ច្បាប់ផ្តល់វិមតិសង្ស័យដល់ជនដែលត្រៀមបំរុង។ដើម្បីងាយយល់ពីដំណាក់ការនានានៅក្នុងការប្រព្រឹត្តបទល្មើស យើងពិនិត្យមើលតារាងខាងក្រោមនេះ ដែលពន្យល់ពីតេស្តដែលកំណត់ពីវិបាកដោយផ្ទាល់៖
-
-
តើអ្វីទៅជាបទបរិហារកេរ្តិ៍?
-
Released Date:
04-Jun-2013
តើអ្វីទៅជាបទបរិហារកេរ្តិ៍? បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសអ្នកដទៃ។ ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការបរិហារកេរ្តិ៍ នោះធ្វើជាសាធារណៈ។ មានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែងសាធារណៈ ឬតាមមធ្យោ បាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញសុះសាយជាសាធារណៈ ដូចជាតាម កាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។ ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទា ទោសទេ។ ហេតុដូច្នេះហើយបានជាច្បាប់ខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទ បរិហារកេរ្តិ៍ជាឯកជនទេ។ តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម តែមិនមានទោសពន្ធនាគារទេ។ អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ពី មួយសែន រៀលទៅដប់លានរៀល និងត្រូវសងសំណងខូចខាតដល់ជនដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ។ មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖ ១. តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។ ២. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។ ៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារជន។តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ ក្នុងការសរសេរ។ បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖ ១. ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត ២ ការនិយាយឬការសរសេរនោះជាការពិត ៣. ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។តើអ្វីទៅដែលហៅថា”សុទ្ធចិត្ត”?សុទ្ធចិត្ត តាមភាសាសាមញ្ញ គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។ ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍ សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ដោយសារគាត់ចង់ឲ្យអ្នកដទៃទៀតដឹងពី រឿងអ្វីមួយ តែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។ ប៉ុន្តែ តុលាការបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសំដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ៖ ១. ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍។ នេះមានន័យថា ជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួនស្អប់គាត់ ឬមានគំនុំជាមួយគាត់ពីមុនមនោះទេ។ ២ ពាក្យសំដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះធ្វើឡើងក្នុងគោលដៅសមស្រប ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែលសំខាន់ ដល់សុខុមាលភាពរបស់សហគមន៍ ឬ សង្គម ឬ ប្រទេស។ ៣. ពាក្យសំដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះត្រូវបានគាត់អង្កេតម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យ របស់ ខ្លួននោះឡើយ។ ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទមួយ គាត់បាន ព្យាយាមរកប្រភពមួយចំនួនដើម្បីបញ្ជាក់លើព័ត៌មានរបស់គាត់។ ការពិត ទោះបីគេព្យាយាមរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះ ព័ត៌មានដែលផ្សាយនោះនៅតែមិនពិតហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាងណាក្តី ក្នុងករណីបែបនេះ អ្នកកាសែតនោះនៅទទួលបានទទួលគុណប្រយោជន៍ពីកត្តាមួយ នៃបណ្តាកត្តាសុទ្ធចិត្តដែរ។ ៤. ពាក្យសំដីដែលជនជាប់ចោទបាននិយាយឬសរសេរនោះមានតុល្យភាពឬមានការថ្លឹងថ្លែង។ នេះមានន័យថា គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។ ឧទាហរណ៏ អ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ ត្រូវបង្ហាញពីព័ត៌មានដែលផ្តល់ឲ្យដោយមន្ត្រីនោះដែរដើម្បីឲ្យគាត់មានឳកាសបំភ្លឺពីករណីរបស់គាត់ដែរ។ ម្យ៉ាងវិញទៀត ការប្រើសំដីត្រូវឲ្យល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន ឬ ជាជនក្បត់ជាតិនោះទេ។តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ?ជាចំណុចគោល អ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។ តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឲ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ។ មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែលនិយាយឬសរសេរការពិតនោះទេ។តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ ច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ មាត្រានេះផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ ឬព្រឹត្តិការណ៏ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។ មានសំណួរចោទសួរថាអ្វីជា “អំពើ” អ្វីជា ”មតិ”?អំពើកើតឡើងដោយមនុស្សធ្វើ និយាយរួមគឺជាព្រឹត្តិការណ៏កើតឡើងដោយស្នាដៃអ្នកណាមួយ(យើងមិននិយាយពីបាតុភូតធម្មជាតិ នៅ ទីនេះទេ)។ ដូច្នេះ ព្រឹត្តិការណ៏ជាអ្វីដែលយើងអាចផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន ឬពិតជាមិនបានកើតឡើងទេ។ មតិមិនមែនជាព្រឹត្តិការណ៏ទេ។ មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍ណាមួយ។ ដូច្នេះ គេមិនអាចថាមតិមួយពិតឬមិនពិតទេ តែគេអាចនិយាយថា “មតិរបស់លោកអាចទទួលយកបាន ឬមិនអាចទទួលយកបាន” “មតិរបស់លោកសមរម្យដែរ” ឬ “មតិរបស់លោកមិនសមរម្យទេ”។ឧទាហរណ៍នៃ ”អំពើ” ៖ កាលពីខែមិនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។ឧទាហរណ៍នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។អំពើ៖ គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅទឹកផុស ព្រោះគេអាចមើលតាមរបាយការណ៍សារពត៌មាន ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។មតិ ៖ នេះជាមតិរបស់មនុស្សម្នាក់ ថាការបណ្តេញចេញនេះមិនសមរម្យ។ មនុស្សខ្លះថាមិនសមរម្យបើគិតទៅតាមការកាន់កាប់ដីយូរមកហើយ រីឯមនុស្សខ្លះទៀតថាសមរម្យ បើយោងទៅតាមការសំរេចរបស់សាលក្រមតុលាការ។ មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះយល់ឃើញថា កតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ព្រះរាជអាជ្ញាមិនអាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។ កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ពីបទបរិហារកេរ្តិ៍ ជំនួសឲ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។ បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ។តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់?កិត្តិយសត្រូវបានប៉ះពាល់នៅពេល ពាក្យសំដីដែលប្រើនោះធ្វើឲ្យជនរងគ្រោះនោះ ចុះថយ ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឳកាសការងារ ឳកាសសេដ្ឋកិច្ច។ល។ ឧទាហរណ៍ ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ ធ្វើឲ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជនរបស់គេ។ ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឲ្យជននោះបាត់បង់ការរាប់អានពីអ្នកដទៃ ធ្វើឲ្យសង្គមស្អប់ខ្ពើម ឬបាត់បង់ការងារ។
-
-
អ្វីទៅជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ?
-
Released Date:
04-Jun-2013
ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ ពី ១ លានទៅ ៤ លាន រៀល។ តើបទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ មានការទាក់ទងអ្វីដល់សេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការនិយាយ? បើបទល្មើសនេះសុទ្ធសាធ វាគ្មានអ្វីទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិឬការនិយាយស្តីទេ។ ប៉ុន្តែ បទល្មើសនេះអាចត្រូវបានប្រើដោយភាគីជម្លោះដើម្បីចោទប្រកាន់គ្នា ដើម្បីបង្វែរដានពីការទាមទារសិទ្ធិដីធ្លី ឬ ការទាមទារផ្សេងទៀត ឲ្យទៅជាបទល្មើសមួយសាមញ្ញ ហាក់ដូចជាគ្មានទាក់ទងនឹងការទាមទារដើម។ ឧទាហរណ៍ សមាជិកសហគមន៍ជាច្រើនត្រូវបានគេរាយការណ៍មកថា ពួកគេត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ភាគីដែលខ្លួនកំពុងទាមទារឲ្យប្រគល់ដីមកឲ្យពួកគេវិញ។ ការចោទប្រកាន់នេះ កើតឡើងដោយសារសមាជិកសហគមន៍បានធ្វើបាតុកម្ម ហើយបានធ្វើឲ្យខូចខាតដំណាំដែលភាគីម្ខាងទៀតបានដាំ ឬបានធ្វើឲ្យបាក់របង ឬមានការបំផ្លាញគ្រឿងយន្តរបស់ភាគីម្ខាងទៀត។ ការទាមទារជាសេរីភាពនៃការបញ្ចេញមតិ។ មានពេលខ្លះ មានការខូចខាតបន្តិចបន្តួច ដើម្បីបង្វែរការទាមទារ ភាគីម្ខាងទៀតរិះរកមធ្យោបាយដើម្បីប្រែក្លាយរឿងទៅជាព្រហ្មទណ្ឌ ដើម្បីឲ្យអ្នកតវ៉ាជាប់រវល់នឹងរឿងក្តីព្រហ្មទណ្ឌប្រឆាំងនឹងសហសេវិករបស់ខ្លួន។ ចុះបើយើងបំផ្លាញទ្រព្យសម្បត្តិគេហើយ ម្តេចថា គេបង្វែររឿងមិនឲ្យសមាជិកសហគមន៍នោះបន្តការទាមទារ? តើនេះមានន័យថាអ្នកដែលបំផ្លាញចេះតែរួចខ្លួនទៅឬ? ការពិតអ្នកធ្វើខុសត្រូវតែទទួលទណ្ឌកម្មអញ្ចឹងមែន។ គេមិនត្រូវការពារអ្នកដែលធ្វើខុសទេ។ ប៉ុន្តែ គេត្រូវគិតមួយរឿងៗ។ រឿងទាំងអស់មិនមែនសុទ្ធតែដូចគ្នាទេ ថ្វីបើមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមែន។ តើរឿងដែលថាមិនដូចគ្នានោះជារឿងអ្វីទៅ? ដំបូងគេ ច្បាប់ចែងថា ការបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ អាចត្រូវផ្តន្ទាទោសបាន លុះត្រាណាតែការខូចខាតទ្រព្យសម្បត្តិនោះមិនស្រាល បានន័យថាខូចខាតធ្ងន់ធ្ងរ។ បន្ទាប់មក ទ្រព្យដែលត្រូវបំផ្លាញនោះជា “ទ្រព្យសម្បត្តិអ្នកដទៃ”។ មានករណីជាច្រើន ដែលទ្រព្យជាប់ក្នុងជម្លោះនោះ មិនអាចកំណត់ថាជាទ្រព្យរបស់ខាងណាបានជាពិត ប្រាកដ។ ដូច្នេះ មុននឹងធ្វើការចោទប្រកាន់ថា មនុស្សម្នាក់បានបំផ្លាញទ្រព្យសម្បត្តិអ្នកណាផ្សេងទៀត គេត្រូវកំណត់ឲ្យបានច្បាស់ថាតើអ្នកណាជាម្ចាស់ពិតប្រាកដ។ ចំពោះរឿងធ្ងន់ស្រាលតើគេអាចកំណត់បានយ៉ាងណា ថាវត្ថុមួយរងការខូចខាតធ្ងន់? មានន័យថាខូចខាតប៉ុន្មានទៅហៅថាស្រាល ខូចប៉ុន្មានហៅថាធ្ងន់? នេះជារឿងមួយពិបាកនឹងកំណត់។ លោក ក អាចមើលឃើញថាមានការខូចខាតស្រាល រីឯលោក ខ មើលឃើញមានការខូចខាតធ្ងន់ចំពោះរបស់តែមួយ ដែលបានទទួលការខូចខាត។ មាត្រា ៤១០ ចែងថា “អំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬ ធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់គុកពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ លានរៀល លើកលែងតែការខូចខាតនោះមានលក្ខណៈស្រាល”។ ច្បាប់មិនបានប្រាប់ថាខូចខាតប៉ុន្មានថា ធ្ងន់ឬស្រាលទេ ប៉ុន្តែ ការបកស្រាយច្បាប់អាចធ្វើបានដោយវិធីច្រើនយ៉ាង ដំបូងគឺ ការវិភាគពាក្យដែលប្រើ និងវិធីផ្សេងទៀតមានការស្រាវជ្រាវរកគំនិតដើមរបស់អ្នកតាក់តែងច្បាប់ ដូចជាអ្នកជំនាញដែលព្រាងច្បាប់ និង កំណត់ហេតុនៃការវែកញែកនៅក្នុងសភាជាដើម។ តែនៅពេលនេះ យើងសាកល្បងវិភាគពាក្យដែលប្រើ។ ពាក្យសំខាន់ៗនៅក្នុងមាត្រា ៤១០ មាន “បំផ្លិចបំផ្លាញ” “ធ្វើឲ្យទ្រុឌទ្រោម” និង “ធ្វើឲ្យខូចខាត”។ “បំផ្លិចបំផ្លាញ” បើតាមវចនានុក្រមជួន ណាត មានន័យថា ធ្វើឲ្យលង់ហោនហោច ឬធ្វើឲ្យសាបសូន្យ។ និយាយម្យ៉ាងទៀត គឺ ធ្វើឲ្យលែងឃើញរូបដើម។ “ទ្រុឌទ្រោម” បើតាមវចនានុក្រមជួន ណាត មានន័យថា គ្រាំគ្រា ឬធ្វើវត្ថុមួយស្រុតមិនអាចឈរបានដោយខ្លួនឯង។ និយាយម្យ៉ាងទៀត គឺ លែងអាចអាចប្រើការបានដូច ដើម។ “ខូចខាត” មានន័យថា សភាពនៃវត្ថុប្រែប្រួលពីសភាពល្អទៅសភាពអន់ជាងមុន។ យើងអាចសង្ខេប ការវិភាគពាក្យទាំងបីខាងលើ ហើយពូតផ្តុំន័យនៃពាក្យ “បំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬ ធ្វើឲ្យខូចខាត” ឲ្យទៅជាទស្សនាទាន ឬគោលគំនិតរួមមួយដែលថា វត្ថុមួយរងការបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬ ធ្វើឲ្យខូចខាត ពេលណាវត្ថុទាំងនោះមានលក្ខណៈណាមួយនៃលក្ខណៈដូចខាងក្រោមនេះ ៖ 1. វត្ថុមួយបាត់បង់បូរណភាពរបស់វា មានន័យថាវត្ថុនោះបាត់បង់ភាពនៅទាំងមូលរបស់វា គឺ វត្ថុនោះរលាយរូបរាងទាំងស្រុង។2. វត្ថុមួយលែងប្រើការបាន មានន័យថា វត្ថុដែលទ្រុឌទ្រោមនោះមិនទាន់បាត់បង់រូបរាងទេ វត្ថុនោះទាមទារឲ្យមានការចំណាយពេលវេលា និងឬ ធនធានច្រើនដើម្បីស្តារឲ្យមកសភាពដើមវិញ។3. វត្ថុមួយមានវិការភាព មានន័យថា វត្ថុនោះមានសភាពអន់ថយខាងគុណភាព ឬភាពប្រើការបានរបស់វាចុះថយជាងមុន។ វត្ថុនោះចុះថយតម្លៃ ឬ ធ្វើការលែងសូវមានប្រសិទ្ធិភាព។ដូច្នេះ ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃការខូចខាត គេអាចពិចារណាលើកត្តាបីយ៉ាងខាងលើ៖ បូរណភាព, ភាពប្រើការបាន , និង វិការភាពនៃវត្ថុនោះ។ចុះបើរកទៅមិនឃើញមានការខូចខាតធ្ងន់ អញ្ចឹង អ្នកធ្វើឲ្យរបស់គេខូចខាតមិនរួចខ្លួនទទេរហើយ ឬយ៉ាងម៉េច?អ្នកធ្វើឲ្យរបស់គេខូចស្រាលនៅតែទទួលខុសត្រូវជានិច្ច មិនមែនរួចខ្លួនទេ ប៉ុន្តែ គ្រាន់តែមិនទទួលទោសមជ្ឈិមដូចចែងក្នុងមាត្រា ៤១០។ បើរកមិនឃើញការខូចខាតធ្ងន់ទេ អ្នកធ្វើឲ្យខូចខាតរបស់គេ ត្រូវមានទោសលហុទៅវិញ ស្របតាមមាត្រា ៤១៨ គឺត្រូវសងការខូចខាតទៅតាមតម្លៃនៃការខូចខាតនោះ ព្រមទាំងទទួលទោសពន្ធនាគារ ពី ១ ថ្ងៃ ទៅ ៦ ថ្ងៃនិងពិន័យជាប្រាក់ពី ១ ពាន់ ទៅ ១ សែនរៀល។ ចំពោះបទលហុ តុលាការគ្មានប្រយោជន៍អ្វីត្រូវដាក់គុកទេ ថ្វីបើគាត់អាចដាក់បាន។ឥឡូវបកមកវត្ថុដែលរងការខូចខាត តែមានទំនាស់ថា ម្នាក់អះអាងថា វត្ថុនោះជារបស់គាត់ តែម្នាក់ទៀតអះអាងថា វត្ថុនោះជារបស់គាត់ដែរ ដូច្នេះម្នាក់ប្តឹងម្នាក់ទៀតពីបទព្រហ្មទណ្ឌនៃការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ តើរឿងនេះត្រូវដោះស្រាយយ៉ាងម៉េច?ជាដំបូង បើមានមនុស្សម្នាក់បន្តឹងមនុស្សម្នាក់ទៀតពីបទបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ គេមិនត្រូវស្ទុះស្ទាភ្លាមទៅកាត់សេចក្តី ឬចាត់ការលើអ្នកដែលជាប់បណ្តឹងនោះទេ ដូចជាចាត់ការឃុំខ្លួនបណ្តោះអាសន្នជាដើមនោះទេ។ ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ៣៤៣ ចែងថា៖“តុលាការត្រូវបង្អង់មិនទាន់សម្រេច កាលណាភាគីណាមួយលើកបញ្ហាបន្ទាន់បង្ខំដែលការពិនិត្យបញ្ហានេះជាសមត្ថកិច្ចរបស់តុលាការមួយផ្សេងទៀត។ បញ្ហាបន្ទាន់បង្ខំអាចនឹងទទួលបានលុះត្រាតែបញ្ហានេះ អាចនឹងលុបលាងចរិតជាបទល្មើសពីអំពើដែលចោទប្រកាន់លើជនជាប់ចោទ។ក្នុងរឿងរដ្ឋប្បវេណី បញ្ហាស្តីពីសិទ្ធិកម្មសិទ្ធិ សិទ្ធិប្រត្យក្សលើអចលនវត្ថុ និងឋានៈបុគ្គលជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការរដ្ឋប្បវេណី។”មាត្រានេះបានសេចក្តីថា បើមានការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយជនជាប់ចោទអះអាងថា ទ្រព្យនោះជាទ្រព្យរបស់គាត់ដែរ នោះតុលាការត្រូវបង្អង់រឿងព្រហ្មទណ្ឌនេះសិន ទុកឲ្យតុលាការរដ្ឋប្បវេណីដោះស្រាយឲ្យរួចរាល់សិន ថាតើវត្ថុនោះជារបស់អ្នកណា។ បើតុលាការសម្រេចថា វត្ថុនោះជារបស់អ្នកប្តឹង នោះតុលាការអាចចាត់ការបណ្តឹងព្រហ្មទណ្ឌតទៅទៀត។ បើតុលាការសម្រេចថា វត្ថុនោះជារបស់ជនជាប់ចោទ នោះតុលាការព្រហ្មទណ្ឌត្រូវលើកបណ្តឹងព្រហ្មទណ្ឌចោល។ឧបមាថា មនុស្សម្នាក់ប្តឹងពីមនុស្សម្នាក់ទៀតបានជាន់បំផ្លាញដំណាំដែលដាំក្នុងដីមួយកន្លៃងជារបស់ខ្លួន ប៉ុន្តែជនជាប់ចោទលើកឡើងថា ដីនោះជាដីរបស់គាត់ព្រោះគាត់បានកាន់កាប់មុនដើមបណ្តឹងចូលមកដាំដុះទៅទៀត។ តើតុលាការអាចចោទប្រកាន់ជនជាប់ចោទពីបទបំផ្លិចបំផ្លាញដំណាំ ជាជាងការបំផ្លិចបំផ្លាញដីធ្លីបានដែរឬទេ?គេត្រូវចែករឿងនេះជាពីរ។ តើគេប្តឹងពីបទបំផ្លិចបំផ្លាញដីធ្លី ឬបទបំផ្លិចបំផ្លាញដំណាំ?។ បើចោទពីរឿងដីធ្លី នេះជាការចោទខុស ព្រោះដីធ្លីនៅដដែល គ្មានខូចខាតអ្វីទេ។ បើចោទពីរឿងបំផ្លាញដំណាំ នោះវានឹងមានរឿងវែងឆ្ងាយត្រូវពិនិត្យនិងវិភាគតទៅទៀត។បើជារឿងបំផ្លាញដំណាំ តើគេត្រូវវិភាគដូចម្តេច?ក្នុងករណីដូច្នេះ មានបញ្ហាជាចំណោទពីរដែលត្រូវពិចារណា។ ចំណោទទីមួយដែលត្រូវដោះស្រាយ គឺ តើដីក្នុងជម្លោះនោះ តាមពិតទៅ ជារបស់អ្នកណា?។ បើជាដីរបស់ដើមបណ្តឹង នោះគេត្រូវចាត់ការបណ្តឹងព្រហ្មទណ្ឌនៃការបំផ្លិចបំផ្លាញដំណាំ ព្រោះដំណាំនោះជារបស់ដើមបណ្តឹងដែរ។ គេត្រូវចាត់ការ ដូចជា តើការខូចខាតនោះស្រាលឬធ្ងន់។ បើស្រាលត្រូវដោះស្រាយជាបឬលហុ។ បើធ្ងន់ត្រូវដោះស្រាយជាបទមជ្ឈិម។ បើដីនោះជាដីរបស់ជនជាប់ចោទនោះគេត្រូវឆ្លងទៅចំណោទទីពីរខាងក្រោម។ចំណោទទីពីរគឺថា ដីជារបស់ជនជាប់ចោទ តែដំណាំជារបស់ដើមបណ្តឹង។ នេះជាចំណោទមួយស្មុគ្រស្មាញ។ ជនជាប់ចោទអាចភោគីនៃដី ហើយដើមបណ្តឹងអាចជាអ្នកថ្មីមកទន្ទ្រានយកដីគេដោយកម្លាំង ឬជាអ្នកទិញពីអ្នកដែលលួចលក់ដីគេលក់ ឬបានពីមធ្យោបាយផ្សេងទៀតដែលមិនត្រូវច្បាប់។ បើគាត់ចូលមកដាំលើដីរបស់គេ នោះគាត់ជាអ្នករំលោភលើកម្មសិទ្ធិអ្នកដទៃ (កម្មសិទ្ធិនៅទីនេះរាប់បញ្ចូលភោគៈស្របច្បាប់ផងដែរ)។ បើគាត់ជាអ្នករំលោភដីគេយកទៅដាំដំណាំ នោះដើមបណ្តឹងនេះអាចក្លាយទៅជាជនជាប់ទៅវិញ តាមបទបញ្ញត្តិនៃច្បាប់ភូមិបាលក្នុងមាត្រាណាមួយ ឬមាត្រាទាំងអស់ពី ២៥១ រហូតដល់ ២៥៣។រវាងភាគីទាំងពីរដែលបាននិយាយមកខាងលើ ដើម្បីដឹងថាដីនោះជាដីអ្នកណាតើគេត្រូវពិចារណាលើកត្តាអ្វីខ្លះ?ដូចបាននិយាយខាងលើ កត្តាដែលត្រូវពិចារណាគឺ រវាងអ្នកទាំងពីរ តើអ្នកណាកាន់កាប់ដីនោះមុនគេ។ កាលណាមានជម្លោះដូច្នេះ ប័ណ្ណកម្មសិទ្ធិគ្រាន់តែជាឯកសារដំបូងប៉ុណ្ណោះ មិនមែនជាភស្តុតាងមិនអាចបដិសេធបាននោះទេ (សូមមើលមាត្រា ៤០ នៃច្បាប់ភូមិបាល)។ ភោគៈត្រឹមត្រូវ ត្រូវមានឧត្តមភាពលើឯកសារកម្មសិទ្ធិ កាលណាមានទំនាស់រវាងអ្នកកាន់កាប់ជាក់ស្តែង និង អ្នកមានប័ណ្ណកម្មសិទ្ធិ (សូមមើលមាត្រា ៣០ នៃច្បាប់ភូមិបាល)។ចុះបើដើមបណ្តឹងជាសម្បទានិកដីសម្បទានសេដ្ឋកិច្ច តើសិទ្ធិរបស់ភោគីជាក់ស្តែងមានឧត្តមភាពលើ សិទ្ធិសម្បទានសេដ្ឋកិច្ចដែរឬទេ?កាលណាមានទំនាស់រវាងអ្នកកាន់កាប់ដីជាក់ស្តែង និងដីសម្បទានសេដ្ឋកិច្ច គេត្រូវមើលកត្តាពីរ គឺ តើអ្នកដែលអះអាតថាខ្លួនជាម្ចាស់ដីសម្បទានសេដ្ឋកិច្ចនោះ ពិតជាអ្នកដែលបានសម្បទានស្របច្បាប់ឬទេ។ អ្នកដែលមានសម្បទានស្របច្បាប់ត្រូវមានកិច្ចសន្យាសម្បទានសេដ្ឋកិច្ចជាមួយក្រសួងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល ហើយដីសម្បទានសេដ្ឋកិច្ចនោះត្រូវបានចុះបញ្ជីត្រឹមត្រូវជាមួយសុរិយោដី។ បើគ្មានឯកសារទាំងពីរនេះទេ គាត់មិនទាន់ក្លាយជាម្ចាស់សម្បទាននៅឡើយទេ។ បើគាត់ពិតជាម្ចាស់ដីសម្បទានសេដ្ឋកិច្ចមែន មិនមានសេចក្តីថា គាត់អាចជាម្ចាស់សម្បទានដីទាំងអស់ ដោយក្តោបទាំងដីរបស់អ្នកដែលរស់នៅលើដីនោះយូរលង់មកហើយទេ លើកលែងតែអ្នកដែលរស់នៅលើដីនោះបានព្រមព្រៀងដោយត្រឹមត្រូវប្រគល់ដីនោះឲ្យទៅសម្បទានិក។ ឥឡូវត្រឡប់មករឿងបទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃវិញ។ តើការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ សុទ្ធតែត្រូវជាប់ទោសពីបទមជ្ឈិមទាំងអស់ឬ?នេះអាស្រ័យលើចេតនារបស់អ្នកដែលធ្វើឲ្យខូចខាត។ នឹងអាចដាក់ទោសបានគេត្រូវកំណត់សភាពផ្លូវគំនិតរបស់អ្នកប្រព្រឹត្ត គឺថា អ្នកបំផ្លិចបំផ្លាញត្រូវមានគំនិត៖១. ដឹងថាទ្រព្យនោះជារបស់អ្នកដទៃ៖ ដឹងថាជារបស់គេ តែចង់បំផ្លាញវត្ថុនោះ។ បើគាត់ច្រឡំថាជារបស់គាត់ហើយ បំផ្លាញរបស់នោះ នោះគាត់គ្មានចេតនាបំផ្លាញទ្រព្យអ្នកដទៃទេ គឺគាត់មានចេតនាបំផ្លាញរបស់គាត់។២. ដឹងថាអំពើរបស់ខ្លួនជាអំពើបំផ្លាញ។ ជួនកាលគាត់មិនដឹងថាអំពើរបស់គាត់នឹងមានអានុភាពអាចបំផ្លាញរបស់សំខាន់មួយបាន ឧទាហរណ៍ មនុស្សម្នាក់ទម្លាក់ឈើលើឡាំងមួយដែលមិនដឹងថាមានអំពូលថ្នាំពេទ្យពេញ ធ្វើឲ្យបែកខ្ទេច។ចុះបើមនុស្សម្នាក់គ្មានចេតនាធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃទេ តែគាត់ធ្វេសប្រហែស តើគាត់មានទោសដែរឬទេ?នេះអាស្រ័យលើមធ្យោបាយដែលគាត់ប្រើប្រាស់ដែលនាំឲ្យមានការខូចខាត។ ច្បាប់គិតពីសុវត្ថិភាពនៃការប្រើរបស់ផ្សេងៗដែលនាំឲ្យគ្រោះថ្នាក់ ដូចជាការប្រើវត្ថុដែលមានចំហេះ ការប្រើគ្រឿងផ្ទុះជាដើម។ ច្បាប់តម្រូវឲ្យមនុស្សប្រើប្រាស់របស់ទាំងនេះ ដោយការយកចិត្តទុកដាក់បំផុត ព្រោះវាងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិផង ដល់មនុស្សផង។ ដូច្នេះ ជនណាធ្វេសប្រហែសជននោះត្រូវទទួលខុសត្រូវខាងព្រហ្មទណ្ឌ ឧទាហរណ៍ ការធ្វេសប្រហែសធ្វើឲ្យខូចខាតទ្រព្យអ្នកដទៃ ដោយប្រើភ្លើង ឬ គ្រឿងផ្ទុះត្រូវមានទោសពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនទៅ ២ លានរៀល។តើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អាចរាប់បញ្ចូលជាទ្រព្យអ្នកដទៃបានដែរឬទេ?គ្មានចម្លើយជាក់លាក់នៅក្នុងក្រមព្រហ្មទណ្ឌទេ។ ពាក្យអ្នកដទៃគួរតែមានន័យថាបុគ្គលឯកជន។ ក្នុងក្រមព្រហ្មទណ្ឌមានការនិយាយពិសេសពីការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ គឺការបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬ ធ្វើឲ្យខូចខាតបណ្ណប្រកាសឬសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាល (មាត្រា ៤២០)។ ក្រៅពីនេះមិនឃើញមានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈទេ (vandalism)។
-
- 1
- 2(current)