-
តើខ្ញុំត្រូវ ធ្វើយ៉ាងណាដើម្បីបានដើរដង្ហែរជាក្បួន?
- [សេរីភាពក្នុងការជួបប្រជុំ]
លោក/អ្នក ដែលមានបំណងរៀបចំបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្តមានសមត្ថកិច្ចគ្រប់ទីកន្លែងនៅទីនោះ។ លិខិតជូនដំណឹងនោះត្រូវបញ្ជាក់អំពី៖
-នាមត្រកូល នាមខ្លួន និង អាសយដ្ឋានអចិន្ត្រៃយ៍សម្រាប់ទំនាក់ទំនងរបស់អ្នកដឹកនាំចំនួនបី (៣) នាក់ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងផង។
-គោលបំណងនៃការធ្វើបាតុកម្មដោយសន្តិវិធី
-កាលបរិច្ឆេទ ពេលវេលា និង រយៈពេលនៃការធ្វើបាតុកម្មដោយសន្តិវិធីទីកន្លែង និងផ្លូវ ដែលត្រូវប្រើប្រាស់សម្រាប់សកម្មភាព ចំនួនអ្នកចូលរួមព្រមទាំងចំនួនជំនិះតាមប្រភេទនិមួយៗ។
អ្នកដាក់លិខិតជូនដំណឹងទាំងអស់ត្រូវធានាថាគោរព ហើយអនុវត្តតាមតួនាទី និង ភារកិច្ចទទួលខុសត្រូវ។ អ្នកដឹកនាំធ្វើបាតុកម្មដោយសន្តិវិធី ត្រូវទទួលខុសត្រូវក្នុងការចាត់វិធានការសមស្របដើម្បីរក្សាឲ្យបានថា ការធ្វើបាតុកម្មនេះ នឹងប្រព្រឹត្តទៅដោយសន្តិវិធី និង តាមលក្ខខណ្ឌដូចជា៖ ជូនដំណឹងដល់អ្នកចូលរួមអំពីការទទួលខុសត្រូវរបស់ខ្លួន ពិភាក្សា និង សហការជាមួយមន្ត្រីមូលដ្ឋាន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យការធ្វើបាតុកម្មប្រព្រឹត្តិទៅដោយសន្តិវិធី និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ និង ត្រឹមត្រូវតាមពេលវេលា និង ទីកន្លែងកំណត់ គិតពីការចាប់ផ្តើមរហូតដល់ការបញ្ចប់ទៅវិញ នៃការធ្វើបាតុកម្មដោយសន្តិវិធី។ លិខិតជូនដំណឹងត្រូវដាក់នៅសាលារាជធានី ឬ សាលាខេត្ត យ៉ាងហោចណាស់ប្រាំ (៥) ថ្ងៃនៃថ្ងៃធ្វើការងារមុនពេលកំណត់ នៃការធ្វើបាតុកម្មដោយសន្តិវិធី។ នៅពេលបានទទួលលិខិតជូនដំណឹងហើយ សាលារាជធានី ឬ សាលាខេត្ត ត្រូវចេញបង្កាន់ដៃទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ជូនអ្នកដែលបានដាក់លិខិតជូនដំណឹង ត្រូវផ្សព្វផ្សាយលិខិតជូនដំណឹងនេះជាបន្ទាន់ នៅទីកន្លែងណាមួយ ដែលងាយមើលឃើញ នៅក្នុងអគាររដ្ឋបាល ឬ នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ត្រូវបញ្ជូនច្បាប់ថតចម្លងនៃលិខិតជូនដំណឹងនេះ ទៅស្នាក់ការនគរបាលមូលដ្ឋាន ស្នាក់ការកងរាជអាវុធហត្ថ និង អាជ្ញាធរមានសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធនឹងទីកន្លែងបាតុកម្ម។