• តើ​​​អ្វី​ទៅ​ដែល​ហៅ​ថា​ “​សុទ្ធ​ចិត្ត​”​?

    • [សេរីភាពក្នុងការបញ្ចេញមតិ]

    សុទ្ច​ចិត្ត​តាម​ភាសា​សាមញ្ញ​ ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​ស្មោះត្រង់​គ្មាន​បង្កប់​នូវ​គំនិត​ទុច្ចរិត​។​ ក្នុង​ន័យ​នៃ​ច្បាប់​បរិហារកេរ្តិ៍​សុទ្ធ​ចិត្ត​​​មាន​ន័យ​ជា​មូលដ្ឋាន​ថា​ ​ជន​ដែល​ត្រូវចោទ​(ជនទី១​ អ្នកនិយាយ​) ​ថា​បរិហារកេរ្តិ៍​គេ​នោះ​ បាន​បន្លឺ​ពាក្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​​មនុស្ស​​​ម្នាក់​ទៀត​ (ជនទី៣​) ដោយសារ​គាត់​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ (ជនទី២​ទទួល​ដំណឺង)​ ដឹង​ពី​រឿង​អ្វី​មួយ​ ​តែ​គាត់​មិនមាន​ចេតនា​​និង​​នឹក​​ស្មាន​ថា​ ​ពាក្យ​ដែល​បន្លឺ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្សម្នាក់​ទៀត​(ជនទី​៣​)​ ឬ​ គាត់​គ្មាន​ចេតនា​ចង់​បំផ្លាញ​មនុស្ស​នោះ​ទេ​។ច្បាប់​ខ្មែរ​យើង​មិន​បាន​កំណត់​ថា​កត្តា​អ្វីខ្លះ​ដែល​ហៅ​ថា​សុទ្ធចិត្ត​នោះ​ទេ​។

    ​ប៉ុន្តែ​តុលាការ​​បារាំង​បាន​កំណត់​កត្តា​បួនយ៉ាង​ដែល​អាច​​​យក​​មក​​ពិចារណា​ថា​ តើ​ពាក្យសំដី​មួយ​ជា​ពាក្យ​ដែល​បន្លឺ​ឡើង​ដោយ​សុទ្ធចិត្ត​ ​ឬ​ អសុទ្ធចិត្ត​ មាន​ន័យ​ថា​ចង់​បំផ្លាញ​គេ​ឬ​យ៉ាង​ណា​។ ​កត្តា​ទាំង​បួន​យ៉ាង​នោះ​គឺ៖​

    ១​.​ ​ជន​ដែល​ជាប់​ចោទ​ពី​បទប​រិហារកេរ្តិ៍​ គ្មាន​ភាព​ជា​សត្រូវ​ជាមួយ​នឹង​មនុស្ស​ត្រូវ​រង​ការ​បរិហារកេរ្តិ៍​ទេ​។​ ​នេះ​មាន​ន័យ​ថា​ ​ជន​ជាប់​​ ចោទ​​​មិនមែន​និយាយ​បរិហារកេរ្តិ៍​មនុស្សម្នាក់​ទៀត​ដោយសារ​តែ​ខ្លួន​ស្អប់​គាត់​ ឬ​មាន​គំនុំ​ជា​មួយ​គាត់​ពី​មុន​មក​នោះ​ទេ​។

    ២​.​ ពាក្យ​សំដី​ដែល​ជន​ជាប់​ចោទ​និយាយ​ ឬ​សរសេរ​នោះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សមស្រប​ ដូចជា​ក្នុង​គោលដៅ​ចង់​ឲ្យ​សាធារណ​ជន ចាប់​​អារម្មណ៍​​នឹង​​បញ្ហា​អ្វី​មួយ​ដែល​សំខាន់​ ដល់​សុខុមាលភាព​របស់​សហគមន៍​ ​ឬ​ ​សង្គម​ ឬ​ ​ប្រទេស​។

    ៣.​ ពាក្យ​សំដី​ដែល​ជនជាប់ចោទ​បាន​និយាយ​ ឬ​សរសេរ​នោះ​ត្រូវ​បាន​គាត់​អង្កេត​ម៉ត់ចត់​ ជាមួយ​ប្រភព​ ឬ​ឯកសារ​នានា​ ​​គឺ​មិនមែន​​ និយាយ​ ​ឬ​សរសេរ​តាម​ការ​នឹក​ស្រម័យ​របស់​ខ្លួន​នោះ​ឡើយ​។ ឧទាហរណ៍​ អ្នក​កាសែត​មុន​នឹង​សរសេរ​អត្ថបទ​មួយ​ គាត់​បាន​ព្យាយាម​​​រក​​​ប្រភព​​​​មួយចំនួន​ដើម្បី​បញ្ជាក់​លើ​ព័ត៌មាន​របស់គាត់​។ ​ការពិត​ទោះបី​គេ​ព្យាយាម​រក​ប្រភព​បាន​ច្រើន​មក​បញ្ជាក់​យ៉ាងណាក្តី​ពេល​​ខ្លះ​​ព័ត៌មាន​ដែល​ផ្សាយ​នោះ​នៅ​តែ​មិនពិត​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ​។ ទោះជាយ៉ាងណាក្តី​ក្នុងករណី​បែប​នេះ​អ្នក​កា​សែត​​នោះ​នៅ​ទទួល​បាន​គុណប្រយោជន៍​ពី​កត្តា​មួយ​នៃ​បណ្តា​កត្តា​សុទ្ធចិត្ត​ដែរ​។

    ៤.​ ពាក្យសំដី​ដែល​ជន​ជាប់ចោទ​បាន​និយាយ​ឬ​សរសេរ​នោះ​មាន​តុល្យភាព​ ​ឬ​មាន​ការ​ថ្លឹងថ្លែង​។ នេះ​មាន​ន័យ​ថា​ គាត់​មិន​មើល​តែ​​មួយ​​ជ្រុង​​នៃ​ព័ត៌មាន​ទេ​។ ​គាត់​ត្រូវ​បង្ហាញ​គ្រប់​ជ្រុងជ្រោយ​នៃ​ព័​​ត៌មាន​។ ​ឧទាហរណ៏​ អ្នក​កាសែត​ដែល​រាយការណ៏​ពី​អំពើ​ពុក​រលួយ​​នៃ​​មន្ត្រី​រាជការ​ណា​ម្នាក់​ គាត់​ត្រូវ​បង្ហាញ​ពី​ព័ត៌មាន​ដែល​ផ្តល់​​ឲ្យ​ដោយ​មន្ត្រី​នោះ​ដែរ​ដើម្បី​ឲ្យ​គាត់​មាន​ឳកាស​បំភ្លឺ​ពី​ករណី​របស់​គាត់​ដែរ​។ ​ម្យ៉ាង​វិញ​ទៀត​ ​ការ​ប្រើ​សំដី​ត្រូវ​ឲ្យ​ធួនល្មម​ គឺ​មិន​ត្រូវ​ហក់​ចូល​ក្នុង​ការ​សន្និដ្ឋាន​ថា​អ្នក​នេះ​ជា​ឧក្រិដ្ឋជន​ ​ឬ​ ជា​ជន​ក្បត់​ជាតិ​នោះ​ទេ​។