• ពលរដ្ឋជិត១​ពាន់​នាក់​ហែក្បួន​ទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌​

    • Issue Date 13-Jun-2013

    បណ្ដាញ​​សហគមន៍​​ប្រជាពលរដ្ឋ​​ទូទាំង​​ប្រទេស​​​ជិត​​១​ពាន់​​នាក់​​ ហែ​​ក្បួន​​បាតុកម្ម​​អហិង្សា​​ទាម​ទារ​​ឲ្យ​​តុលាការ​​កាត់​​ក្ដី​​ដោយ​​យុត្តិធម៌​​។​​ ​ក្រុម​​បាតុករ​​បញ្ជាក់​​ថា​​រយៈ​ពេល​​ ​៥​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​​ ​​ក្រុម​​សកម្មជន​​ការពារ​​សិទ្ធិមនុស្ស​​ ​​ការពារ​​ដី​ធ្លី​​​ធន​ធាន​​ធម្ម​ជាតិ​​ជិត​​ ​​​៥០០នា​ក់​ ​បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ ​អ្នក​មាន​លុយ​ ​មាន​អំណាច​ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំភ្លៃ​រឿងក្ដី​ជម្លោះ​ដីធ្លី​ ​ទៅ​ជា​ករណីបទ​ល្មើស​ញុះ​ញង់​ ​ឆបោក​ ​និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម​។​ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួងយុត្តិធម៌​តាំង​​ពី​ម៉ោង​ ៧ព្រឹក​ ​ថ្ងៃពុធ​ ​ទី១២​ ខែ​មិថុនា​ ​​ដោយ​មាន​ចង​បូពណ៌​ក្រហម​នៅ​លើ​ក្បាល​ ​ហើយ​សរសេរ​ថា​​\"​យើង​ត្រូវ​ការ​យុត្តិធម៌​​\""​។​​ដៃ​លើក​​ផ្ទាំង​​រូបភាព​មួយចំនួន​ស្ដីពី​សកម្មភាព​រំលោភបំពាន​ដីធ្លី​ ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ការតវ៉ា​ រូបភាព​កម្លាំង​ប្រដាប់អាវុធ​បាញ់​ទៅលើ​ក្រុមពលរដ្ឋ​ ​និង​សារ​សំ​ខាន់​ៗ​មួយចំនួន​ ​ដែល​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​តុលាការ​កាត់ក្ដី​ប្រកប​ដោយ​ភាពយុត្តិធម៌​។​​តំណាង​សហគមន៍​មាន​ជម្លោះ​ ដីធ្លី​នៅ​ស្រុក​ជីក្រែង​ ​ខេត្ត​សៀមរាប​ ​លោកស្រី​ យី​ ​វង្ស​ ​រំលឹក​ថា​ ជម្លោះ​ដីធ្លី​សហគមន៍​ជ្រីក្រែង​ ​បាន​អូស​បន្លាយ​រយៈពេល​ជិត​៦ឆ្នាំ​ មកទល់​ពេល​នេះ​មិន​មាន​ដំណោះស្រាយ​។​ ​លោក​ស្រី​បន្ត​ថា​ ​អ្នក​មាន​អំណាច​និង​មាន​លុយ​ ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ ​ទាំងការ​ប្រើប្រាស់​ហិង្សា​ផ្ទាល់​ ​និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ចាប់​ពលរដ្ឋ​ម្ចាស់​ដី​ដាក់​គុក​។​​លោកស្រី​បញ្ជាក់​ថា​ ​បើសិន​ជា​តុលាការ​ ​កាត់ក្តី​ដោយ​យុត្តិធម៌​ ​ពួក​គាត់​មិន​ចាំបាច់​មក​តវ៉ា​ដល់​ក្រសួង​យុត្តិធម៌​ទេ​៖​ «ចាប់​​ប្រជាពលរដ្ឋ​ដែល​ពួក​ខ្ញុំ​ទៅ​ច្រូត​ស្រូវ​ ​នៅ​ថ្ងៃទី​២២​ ខែមិនា​ ឆ្នាំ២០០៩​ ពួក​គេ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ពួក​ខ្ញុំ​នៅ​ក្នុង​ស្រែ​ដែល​ប្រមូលផល​ខ្លួនឯង​។​ ​ខ្ញុំ​មក​ថ្ងៃ​នេះ​ចង់​ឲ្យ​ក្រសួង​យុត្តិធម៌​​ជួយ​​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង​។​ ​អ្នក​ខ្លះ​គេ​ទទួល​បាន​ការ​ដោះស្រាយ​ខ្លះ​ហើយ​​ ​តែ​ពួក​ខ្ញុំ​នៅ​ទេ​»​។​​ចំណែក​ឯ​តំណាង​សហគមន៍​ព្រៃ​ឈើ​ស្រុក​​ស្នួល​ ​ខេត្ត​ក្រចេះ​ លោក​ ​អ៊ុក​ ​ពៅ​ ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​សហគមន៍​ស្នួល​ ​កំពុង​ប្រឈម​នឹង​ការ​រុក​រាន​ទន្ទ្រាន​ព្រៃ​យក​ដី​ ​ការ​រុក​រក​រ៉ែ​ ​ជំនួញ​ឈើ​ប្រណីត​ពី​សំណាក់​ក្រុម​ឈ្មួញ​អ្នក​មាន​លុយ​ ​ដែល​មាន​ក្រុម​អាជ្ញាធរ​នៅ​ពី​ក្រោយ​ខ្នង​៖​ ​«​សូម្បី​​តែ​​ដី​ឡាយ​ព្រះហស្ត​លេខា​ពី​ ​ព្រះករុណា​អីហ្នឹង​ ​ក៏​ត្រូវ​លក់​អស់​ហើយ​។ ​នៅ​ខា​ង​ស្រុកស្នួល​ ​ខេត្តក្រចេះ​ ​ហ្នឹង​ ដូច​ជា​មិន​ខ្លាច​ស្ថាប័ន​រដ្ឋសភា​នៅ​ពី​ខាង​លើ​អី​ទេ​»​។​ ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​បណ្ដាញ​ប្រជាពលរដ្ឋ​លើក​សំណូមពរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ ​រដ្ឋ​ស​ភា​ ​និង​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​​ចៅក្រម​ ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​ការពារ​ដីធ្លី​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ផ្ដន្ទាទោស​ចំពោះ​មន្ត្រី​តុលាការ​ដែល​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ​ឬ​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​។​​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​បួងសួង​សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ជំរុញ​ឲ្យ​មាន​តុលាការ​យុត្តិធម៌​​នៅ​លើ​ទឹកដី​កម្ពុជា​​ ​ខណៈពេល​ដែល​ពលរដ្ឋ​ខ្លះ​ទៀត​បាន​អូស​ទីងមោង​ ​ដែល​ជា​តំណាង​ឲ្យ​តុលាការ​អ​យុត្តិធម៌​​មក​បាច​អំបិល​ ​និង​ជះ​​ម្ទេស​ដាក់​បណ្ដាសា​តាម​ទម្លាប់​អបិយ​ជំនឿ​។​​ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ដឹក​នាំ​ដោយ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ​លោក​ ​អ៊ុង​ ​សុភារិន្ទ​ ​ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ​។ ​លោក​ប្រាប់​ដោយ​ខ្លី​ថា​ ​នឹង​យក​ញត្តិ​នេះ​ទៅ​ជូន​ថ្នាក់​លើ​ ​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ច្រើន​ជាមួយ​អ្នក​កាសែត​ឡើយ​។​​ក្រុម​បាតុករ​ក៏​បាន​លើក​គ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​កាន់​រដ្ឋសភា​ អម​ដោយ​សេចក្ដី​ថ្លែង​ការណ៍​បទ​ចម្រៀង​ ​និង​ ​អាន​ញត្តិ​ដាក់​ជូន​រដ្ឋសភា​ ​និង​ក្រសួង​ការ​បរទេស​បន្ត​ទៀត​។​ ​ចំណែក​ឯ​ក្រុម​អាជ្ញាធរ​មិន​បាន​រារាំង​បាតុករ​នោះ​ទេ​ ​តែ​បែរ​ជា​ប្រមូល​ ​កម្លាំង​ការពារ​​បរិវេណ​ផ្លូវ​ចូល​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​​មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ដែល​ទើប​តែ​ រួច​ផុត​ពី​បណ្ដឹង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បទចោទ​តំបន់​អបគមន៍​នៅ​ក្រចេះ​នោះ​ ​លោក​ ​ចាន់​ ​សុវ៉េត​ ​មាន​ប្រសាសន៍​ថា​ ​បាតុកម្ម​នេះ​កើត​ឡើង​ពី​ទឹក​​ចិត្ត​ពលរដ្ឋ​ដែល​ត្រូវ​ការ​តុលាការយុត្តិធម៌​។​​លោក​បន្ត​ថា​ ​ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ ​និង​រក្សា​ស្ថិរភាព​សង្គម​ ​លុះ​ណា ​តែ​​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ​ជំរុញ​ឲ្យ​មាន​ការ​បែងចែក​ផល​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ ផ្អែក​លើ​រដ្ឋសភា​ ​បម្រើ​ផលប្រយោជន៍​​រាស្ត្រ​ ​តុលាការ​ឯករាជ្យ​ ​និង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​៕​​អត្តបទ​​ដក​ស្រង់​ចេញ​ពី​វិទ្យុ​អាស៊ី​​សេរី​កាល​ពី​ថ្ងៃ​ទី​១២​​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៣​។​​h​t​t​p​:​/​/​w​w​w​.​r​f​a​.​o​r​g​/​k​h​m​e​r​/​n​e​w​s​​​​​/​l​a​n​d​​/​c​o​m​m​​u​n​i​t​y​​​-​s​u​b​m​i​t​-​p​e​t​i​t​i​o​n​-​2​s​e​e​k​-​j​u​s​t​i​c​e​-​0​6​1​2​2​0​1​3​0​7​4​5​0​5​.​h​t​m​l​"