• ជន​​ជាតិ​​ដើម​​ព្នង​​មួយ​​ចំនួន​​នៅ​​មណ្ឌល​​គិរី​​មិន​​ចាប់​​​អារម្មណ៍​​ការ​​បោះ​​ឆ្នោត​​

    • Issue Date 15-Jul-2013

    ​ ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ព្នង​ ​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌល​គិរី​ ​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​ទេ​។​ ​ពលរដ្ឋ​ខ្លះ​ប្រាប់​ថា​ ​ពួក​គាត់​មិន​បាន​ចុះ​ឈ្មោះ​ ​និង​ខ្លះ​ទៀត​ប្រាប់​ថា​​ ​មិន​ចង់​បោះ​ឆ្នោត​។​ ​ការ​បញ្ជាក់​ឲ្យ​ដឹង​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​នៅ​សប្ដាហ៍​នេះ​បាន​ប្រកាស​ថា​ ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១២​ ​អ្នក​បោះ​ឆ្នោត​ចំនួន​ ​៣%​ ឬ​ស្មើ​នឹង​ជាង​ ​៣០​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះ​ឆ្នោត​។​ ​ជន​ជាតិ​ដើម​ព្នង​ ​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌល​គិរី​ ​​នឹង​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​ទេ​ ​ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​គ្នា​ ​ដូច​ជា​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ​អ្នក​ខ្លះ​បាត់​ឈ្មោះ​ ​និង​អ្នក​ខ្លះ​ទៀត​មិន​ខ្វល់​ពី​ការ​បោះ​ឆ្នោត​តែ​ម្ដង​។​ ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ​នៅ​សង្កាត់​ស្ពាន​មាន​ជ័យ​ ​ក្រុង​សែន​មនោរម្យ​ ​លោក​ ​ក្រោះ​ ​ង៉ាញ់​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​កក្កដា​ ​មាន​ប្រសាសន៍​ថា​ ​លោក​មិន​ដឹង​ថា​បោះ​ឆ្នោត​ពេល​ណា​ទេ​ ​ព្រោះ​ថា​រវល់​ធ្វើ​ចម្ការ​។​ ​លោក​បន្ត​ថា​ ​គ្រួសារ​លោក​​​មិន​ខ្វល់​នឹង​អ្នក​ណា​ជាប់​ឆ្នោត​ឡើយ​ ​តែ​អ្វី​ដែល​បារម្ភ​បំផុត​នោះ​ ​គឺ​អង្ករ​ច្រក​ឆ្នាំង​តែ​ប៉ុណ្ណោះ​។​ ​នៅ​ពេល​ដែល​សួរ​ថា​ ​តើ​ធ្លាប់​បាន​ដឹង​ថា​គេ​បោះ​ឆ្នោត​ជា​ច្រើន​ដង​ហើយ​ទេ​?​​ លោក​ ​ក្រោះ​ ​ង៉ាញ់​ ​បញ្ជាក់ថា​ ​គាត់​រវល់​តែ​ចូល​ព្រៃ​។​​ទន្ទឹម​នឹង​នេះ​ ​ស្ត្រី​ជន​ជាតិ​ដើម​ព្នង​ ​នៅ​សហគមន៍​ប៊ូស្រា​ ​លោក​ស្រី​ ​ង៉ះ​ ​នី​ ​មាន​ប្រសាសន៍​ថា​ ​គាត់​រក​ឈ្មោះ​មិន​ឃើញ​ទេ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ​ហើយ​ក៏​មិន​បាន​ទទួល​ប័ណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​ដែរ​។​ ​លោក​ស្រី​បន្ត​ថា​ ​រូប​គាត់​ធ្លាប់​បាន​បោះ​ឆ្នោត​ ​២​អាណត្តិ​មក​ហើយ​ ​គឺ​តាំង​ពី​ឆ្នាំ​២០០៣​ ​និង​ឆ្នាំ​២០០៨​។​ ​ចំណែក​ឯ​ការ​បោះ​ឆ្នោត​ឃុំ​ឆ្នាំ​២០១២​ ​មិន​បាន​បោះ​ទេ​ ​ព្រោះ​ជាប់​ធ្វើ​ចម្ការ​ភ្លេច​ថ្ងៃ​បោះ​ឆ្នោត​។​ ​លោក​ស្រី​បញ្ជាក់​ថា​ ​លោក​ស្រី​មិន​ហ៊ាន​ទៅ​ប្ដឹង​ ​ឬ​ត​វ៉ា​អ្វី​ឡើយ​ ​ទោះ​មិន​បាន​បោះ​ឆ្នោត​ក៏​តាម​ដំណើរ​ទៅ​ចុះ​។​​ស្រដៀង​គ្នា​នេះ​ដែរ​ ​បេក្ខ​ជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ខេត្ត​មណ្ឌល​គិ​រី​ ​លោក​ ​ឈឹម​ ​សាមុត​ ​ឲ្យ​ដឹង​ថា​ ​នៅ​ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​មិន​តិច​ទេ​ដែល​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​ ​ឈ្មោះ​បោះ​ឆ្នោត​ ​និង​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​។​ ​លោក​បន្ត​ថា​ ​ការ​ខក​ខាន​មិន​បាន​បោះ​ឆ្នោត​ ​គឺ​បាន​ន័យ​ថា​ ​ជា​ការ​បាត់​បង់​សិទ្ធិ​សម្រេច​ចិត្ត​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ ​​ដើម្បី​​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​ប្រឈម​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​។​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ​អនុ​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ខេត្ត​មណ្ឌល​គិ​រី​ ​លោក​ ​គិន​ ​ជាន​ ​មាន​ប្រសាសន៍​ថា​ ​លោក​មិន​បាន​ដឹង​ថា​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ ​ដែល​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើយ​ ​បើ​ទោះ​ជា​ថ្នាក់​ជាតិ​ធ្វើ​សវន​កម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ហើយ​ក៏​ដោយ​។​ ​លោក​បន្ត​ថា​ ​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ខ្លះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​ពិនិត្យ​ឈ្មោះ​ ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ​ ​ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​បោះ​ឆ្នោត​ដែរ​។​ ​លោក​បញ្ជាក់​ថា​ ​បើ​ពលរដ្ឋ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ​គឺ​មាន​តែ​រង់​ចាំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​ ​ដែល​ខ្លួន​រស់​នៅ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែ​តុលា​។​កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២​ ​កន្លង​ទៅ​ ​មាន​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ជាង​ ​៦០%​ ​ដែល​ចូល​រួម​បោះ​ឆ្នោត​។​ ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​មណ្ឌល​គិ​រី​ ​ឲ្យ​ដឹង​ថា​ ​មក​ដល់​ពេល​នេះ​ ​ស្ថាប័ន​ជំនាញ​បាន​ចែក​ប័ណ្ណ​ព័ត៌​មាន​អស់​ចំនួន​ជាង​ ​៨០%​ ​ប៉ុណ្ណោះ​ ​ហើយ​ប័ណ្ណ​នៅ​សល់​រក​ពលរដ្ឋ​មិន​ឃើញ​ ​អាច​មក​ពី​ការ​ផ្លាស់​ទី​លំ​នៅ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។​ ​ក្រុម​មន្ត្រី​សង្គម​ស៊ី​វិល​ ​បញ្ជាក់​ថា​ ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ ​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ដោយ​សារ​កត្តា​ជា​ច្រើន​ ​ដូច​ជា​ ​ការ​ខ្វះ​នូវ​ព័ត៌​មាន​ ​ខ្វះ​ការ​ផ្សព្វ​ផ្សាយ ​ចំណេះ​ដឹង​ទាប​ ​ជីវ​ភាព​ក្រី​ក្រ​ ​និង​អ្នក​ខ្លះ​ទៀត​មិន​ចេះ​ទាំង​និយាយ​ភាសា​ខ្មែរ​ក៏​មាន​។​​តាម​របាយ​ការណ៍​សវន​កម្ម​របស់​ ​ខុម​ហ្វែ្រល​ ​(Comfrel)​ ​ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៣​ ​បង្ហាញ​ថា​ ​មូល​ហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​បាត់​ឈ្មោះ​ ​និង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ​ដោយ​សារ​ភាព​អ​សកម្ម​នា​នា​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ប្រជា​ពលរដ្ឋ​ ​ដែល​ជា​តួ​នា​ទី​របស់​ស្មៀន​ឃុំ​សង្កាត់​ ​និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ពី​ ​គ​.​ជ​.​ប​៕​ ​អត្ត​បទ​ដក​ស្រង់​ចេញ​ពី​វិទ្យុ​អា​ស៊ី​សេរី​ ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៣​។​http://www.rfa.org/khmer/news/politics/some-phnong-minority-do-not-care-about-election-07142013045453.html