• ​អង្គ​ការ​អន្តរ​ជាតិ​៖ ​បក្ស​ប្រជា​ជន​បង្កើត​បរិយា​កាស​ ​បំ​ភិត​បំ​ភ័យ​អ្នក​បោះ​ឆ្នោត​

    • Issue Date 23-Jul-2013

    ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូ​មែន​ រ៉ៃស៍​ វ៉ច្ឆ​ (​Human​ Rights​ ​Watch​) ​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អា​មេរិក​ ​ចោទ​ប្រកាន់​រដ្ឋា​ភិ​បាល​កម្ពុជា​ ​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ថា​បង្កើត​បរិយា​កាស​បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត​ ​ដោយ​ការ​ចូល​ជា​ចំហ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​មេ​បញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​។​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ​យូ​មែន​ ​រ៉ៃស៍​ វ៉ច្ឆ​ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ​ខែកក្កដា​ ​បាន​ឲ្យ​ដឹង​ថា​ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​កាន់​ក្ដាប់​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​រួម​ ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​គណ​បក្ស​កាន់​អំ​ណាច​ ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ដែល​កំ​ណត់​ដោយ​ ​គ.​ជ.​ប​ កាល​ពី​ថ្ងៃ​ទី២​ ​ខែ​មិថុនា​ ​នោះ​ទៅ​ទៀត​ ត្បិត​អ្នក​ទាំង​នោះ​គឺ​ជា​ក្រុម​អ្នក​ចុះ​ពង្រឹង​កា​រគាំ​ទ្រ​គណបក្ស​នេះ​នៅ​ ​តាម​មូល​ដ្ឋាន​ខេត្ត​ក្រុង​ ​និង​ស្រុក​ មួយ​ចំនួន​។​សកម្មភាព​នោះ​ក៏​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​យូមែន​ រ៉ៃស៍ ​​វ៉ច្ឆ ​ចាត់​ទុក​ថា​ ​ជា​រំ​លោភ​លើក​អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រាង​ទី​ក្រុង​ប៉ា​រីស​ ឆ្នាំ​១៩៩១​ ដែល​បញ្ជាក់​ថា​ ​ពួក​គេ​ត្រូវ​អព្យា​ក្រឹត​ ​និង​ធា​នា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​។​​នាយក​ប្រ​ចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​លោក​ ​ប្រែដ ​អាដាម​ (Brad Adams) ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា​ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ត្រូវ​ស្ថិត​នៅ​អព្យា​ក្រឹត​ពី​គណ​បក្ស​នយោ​បាយ​៖​ «​ជា​ការ​ពិត​នៅ​ពេល​ដែល​កម្លាំង​សន្តិ​សុខ​កម្ពុជា​ ​ធ្វើ​សកម្មភាព​ជាក់​ស្ដែង​ប្រៀប​បាន​នឹង​ស្លាប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺជា​មហន្តរាយ​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​។​ អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ប្រទេស​សមាជិក​ជា​ពិសេស​ប្រទេស​ដែល​គាំ​ទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ កម្លាំង​សន្តិ​សុខ​មាន​តួនា​ទី​មិន​លំ​អៀង​ ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដែល​សេរី​ និង​យុត្តិធម៌​។​ ​នៅ​ពេល​ដែល​កម្លាំង​សន្តិ​សុខ​ចូល​រួម​ជា​មួយ​បក្ស​នយោ​បាយ​ណា​មួយ​ក្នុង​ការ​បោះ​ឆ្នោត​ ​ជា​ការ​បំភិត​បំភ័យ​ដល់​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​ ​ដែល​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ពារ​ដោយ​គ្មាន​ការ​គំរាម​កំហែង​»​។​​យូមែន​ រ៉ៃស៍​ វ៉ច្ឆ ​បាន​រក​ឃើញ​ថា​ ​មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ចុះ​ទៅ​រក​សំឡេង​ឆ្នោត​សម្រាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​នោះ​មាន​ជា​អាទិ៍​ អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លោ​ក​ ប៉ុល​ សារឿន​ បាន​ចុះ​ទៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ថ្ងៃ​ទី២៦​ ​ខែ​ឧសភា​។ ​អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លោក​ គន់​ គីម​ បាន​ចុះ​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ​កូន​ប្រុស​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ានិត​ ជា​នាយក​រង​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ចុះ​ទៅ​ខេត្ត​ស្វាយ​រៀង​ កាល​ពី​ថ្ងៃ​ទី​២៧​ ​ខែមិថុនា​ និង​លោក​ ​ហ៊ីង​ ប៊ុន​ហៀង​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ​និង​ជា​មេ​បញ្ជាការ​កង​អង្គ​រក្ស​ចុះ​ទៅ​ជួប​ក្រុម​កម្មករ​នៅ​ក្នុង​ខេត្ត​កណ្ដាល​ ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មិថុនា​។ ​ក្រៅ​ពី​នេះ​ យូ​មែន​ រ៉ៃស៍​ វ៉ច្ឆ​ ក៏​បាន​ភ្ជាប់​នូវ​របាយ​ការណ៍​មួយ​ដែល​មាន​រាយ​នាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​នគរ​បាល​ដែល​មាន​តួនា​ទី​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ​មិន​ខុស​គ្នា​ឡើយ​ ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​បាន​បញ្ចុះ​បញ្ចូល​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ដើម្បី​ធានា​ថា​ លោក​ ហ៊ុន​ សែន​ ​នៅ​តែ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា​។ ​សកម្មភាព​ទាំង​នេះ​ត្រូវ​ យូមែន​ ​រ៉ៃស៍ ​វ៉ច្ឆ​ ​ចាត់​ទុក​ថា​ ​ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន ​សែន​ កាល​ពី​ថ្ងៃ​ទី២​ ខែ​មេសា​ ដែល​ថា​ ​កង​កម្លាំង​ទាំង​អស់​ត្រូវ​ឋិត​នៅ​ឯក​រាជ្យ​ ​អព្យា​ក្រឹត​ ​ក្នុង​ការ​បោះ​ឆ្នោត​៖ ​«​អ្វី​ដែល​ធំ​ ​យើង​បក្ស​ក្នុង​រដ្ឋាភិ​បាល​ចង់​ឈ្នះ​ឆ្នោត​ហើយ​ ​ក៏​ប៉ុន្តែ​ គ្រប់​គ្រង​ប្រទេស​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម​ត្រូវ​តែ​បាន​ធា​នា​។​ ​បរិយាកាស​នយោ​បាយ​អព្យា​ក្រឹត​មួយ​ត្រូវ​តែ​បាន​ធានា​សម្រាប់​គ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ​ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី​ និង​យុត្តិធម៌​ ​មាន​តម្លា​ភាព​។ ​អ៊ី​ចឹង​សុំ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ​ ​និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ​ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​»។​ក្រៅ​ពី​ចាត់​ទុក​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ថា ​ពុំ​មាន​ន័យ​ខ្លឹម​សារ​អ្វី​ យូមែន​ រ៉ៃស៍​ វ៉ច្ឆ​ ​បាន​ចាត់​ទុក​ការ​ចូល​រួមក្នុង​ការ​ឃោសនា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ​អាច​បន្ថែម​ភាព​ភ័យ​ខ្លាច​បន្ថែម​ទៀត​ចំពោះ​ស្ថាន​ភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ពេល​ដែល​ទាំង​មន្ត្រី​ និង​អ្នក​គាំ​ទ្រ​គណ​បក្ស​នេះ​តែង​ព្រមាន​ជា​ញឹក​ញយ​ថា​ ​កម្ពុជា​អាច​នឹង​ក្រឡាប់​ចាក់ ​ឬ​មាន​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត​។​ ​ការ​ព្រមាន​នេះ​ហាក់​ចង់​រំលឹក​អ្នក​បោះ​ឆ្នោត​ពី​រឿង​ហេតុ​​ដែល​ធ្លាប់​បាន​កើត​ឡើង​រួច​ហើយ​ ​ដូច​ជា​ព្រឹត្តិ​ការណ៍​​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧​ ការ​បង្ក្រា​បបង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ក្នុង​ឆ្នាំ​១៩៩៨​ ​ជាដើម​៕ ​អត្ត​បទ​ដក​ស្រង់​ចេញ​ពី​ការ​សែត​ដើម​អម្ពិល​ដក​ស្រង់​​បន្ត​ពី​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា​ ២០១៣​។http://khmer-news.org/topic.php?read=15917