• កម្លាំងសន្តិសុខ២ពាន់នាក់ហ្វឹកហាត់ត្រៀមទប់ទល់បាតុករ

    • Issue Date 01-Sep-2013

    ការ​ហ្វឹក​ហាត់​នោះ​ក្នុង​គោល​បំណង​បំ​ប៉ន​សមត្ថ​ភាព​ ​ដើម្បី​ត្រៀម​រៀប​ចំ​ជា​មុន​ក្នុង​ការ​រក្សា​សន្តិ​សុខ​សង្គម​ជាតិ​ទាំង​មូល​ ជៀស​វាង​ហេតុ​ការណ៍​អាក្រក់​ជា​យ​ថា​ហេតុ​។​ ​ការ​បង្វឹក​ហាត់​ដើម្បី​ពង្រីង​សមត្ថភាព​នេះ​ ​ស្រប​ពេល​ដែល​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​កំណត់​ពី​ថ្ងៃ​ធ្វើ​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​៧​ ​កញ្ញា​ ​ខាង​មុខ​។​ ​ជួន​ពេល​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ប្រកាស​ធ្វើ​ការ​ហ្វឹក​ហាត់​ សម​ពី​វិធី​ធ្វើ​បាតុ​កម្ម​អហិង្សា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​ ​នៅ​ថ្ងៃ​ទី១​ ​កញ្ញា​ ​នេះ​ ​កង​កំលាំង​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ​ក៏​បាន​ប្រកាស​ប្រមូល​ផ្តុំ​កំលាំង​ដើម្បី​ហ្វឹក​ហាត់​វិធី​បង្ក្រាប​​បាតុ​កម្ម​តាម​ទី​សាធារ​ណៈ​ដែ​រ​។​ ចំ​ពោះ​ការ​ហ្វឹក​ហាត់​របស់​កង​រក្សា​សន្តិ​សុខ​ពេល​នេះ​ ត្រូវ​បាន​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​ ​លោក​ ​ជួន​ ​សុវណ្ណ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ហ្វឹក​ហាត់​នេះ​មិន​មាន​អ្វី​ដែល​ជា​ការ​ចម្លែក​នោះ​ទេ​ ពី​ព្រោះ​កន្លង​មក​កង​កម្លាំង​រក្សា​សន្តិ​សុខ​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ដើម្បី​ពង្រីក​សមត្ថភាព​របស់​ក្រុម​ប៉ូលិស​ទាំង​នោះ​។​ ទន្ទឹម​នឹង​មាន​លំហាត់​ហ្វឹក​ហ្វឺន​របស់​កង​កម្លាំង​រក្សា​សន្តិ​សុខ​នៅ​​ព្រឹក​ថ្ងៃ​ទី១​ ​កញ្ញា​ ​នេះ​ខាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ក៏​បាន​កំណត់​យក​ថ្ងៃទី​១​ ​កញ្ញា​ ​នេះ​ដែរ​ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ក្រុម​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ដែល​នឹង​មាន​ ​ការ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ ​ដើម្បី​ត្រៀម​ខ្លួន​ជា​មុន​ទម្រាំ​ថ្ងៃ​ធ្វើ​បាតុ​កម្ម​មែន​ទែន​មក​ដល់​នៅ​ ​ថ្ងៃ​ទី​៧ ​កញ្ញា​ ​ខាង​មុខ​។ ​ស្រប​ពេល​ដែល​កម្លាំង​ទាំង​ពីរ​កំពុង​តែ​ដំឡើង​សាច់​ដុំ​ដាក់​គ្នា​នោះ​ ​ត្រូវ​បាន​អ្នក​សិក្សា​វិទ្យាសាស្រ្ត​នយោបាយ​ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​លោក​បណ្ឌិត​ ​សុខ​ ​ទូច​ ​មើល​ឃើញ​ថា​ ​ជា​ធម្មតា​កង​ ​កម្លាំង​ទាំង​អស់​ចាំ​បាច់​ណាស់​ក្នុង​ការ​ហ្វឹក​ហាត់​ មិន​មែន​មក​ដល់​ពេល​មាន​បញ្ហា​ហើយ​ទើប​ខំ​ប្រឹង​ដំ​ឡើង​សាច់​ដុំ​ដាក់​ម្ទាស់​ឆ្នោត​នោះ​ទេ​។​ លោ​ក​បន្ត​ថា​ ​ជា​ការ​បង្ហាញ​ថា​ ការ​ប្រើ​ប្រាស់​កម្លាំង​របស់​គ្រប់​ភាគី​ត្រឹម​ត្រូវ​នោះ​គួរ​តែ​មាន​ការ​ធ្វើ​ប្រជា​មតិ​ពី​សំណាក់​ប្រជាពល​រដ្ឋ​ជា​មុន​សិន​។​ ​លោក​ក៏​បាន​បញ្ជាក់​ចុង​ក្រោយ​ថា​ ការ​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា​នេះ​ ​ទី១​ ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរ​ភាព​នយោបាយ​ ​ទី២​ ធ្វើ​ឲ្យ​​ប្រជាជន​បាត់​បង់​ជំនឿ​ទុកចិត្ត​លើ​អ្នក​នយោបាយ​ ​ទី៣​ ​ធ្វើ​ឲ្យ​​បាត់បង់​​សន្តិ​​​សុខ​​សង្គម​​ ​ទី៤​ ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​នយោបាយ​អន្តរជាតិ​ និង​ចុង​ក្រោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​តែម្តង​៕​ ​អត្តបទ​ដក​ស្រង់​ពី​វិទ្យុ​អាស៊ីសេរី​ដែល​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​០១​ ​ខែកញ្ញា​ ​ឆ្នាំ២០១៣​៕​