• កម្លាំងសមត្ថិកិច្ចឆែកឆេរពលរដ្ឋធ្វើដំណើរចូលភ្នំពេញ

    • Issue Date 05-Sep-2013

    តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៥​ ​ខែកញ្ញា​ ​នេះ​ ​មាន​សមត្ថ​កិច្ច​នគរ​បាល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​នាក់​ ​ត្រូវ​ចាត់​តាំង​ឲ្យ​ទៅ​ប្រចាំ​ការ​តាម​ចំណុច​មួយ​ចំនួន​តាម​ដង​ផ្លូវ​ជាតិ​​សំខាន់​ៗ​ ​ដែល​ត​ភ្ជាប់​ពី​តាម​ខេត្ត​នានា​ ​ចូល​មក​រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​រាជ​អាវុធហត្ថ​ឲ្យ​ដឹង​ថា​ ​កម្លាំង​ចម្រុះ​ទាំង​នោះ​មាន​ភារៈ​ឆែកឆេរ​រក​អាវុធ​ដើម្បី​ការពារ​ ​សុវត្ថិភាព​ ​នៅ​គ្រា​ដែល​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ខិត​ជិត​មក​ដល់​នៅ​​ថ្ងៃទី៧​ ​ខែកញ្ញា​។​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ ​ដែល​ផ្ទុក​មនុស្ស​ច្រើន​ចូល​មក​រាជ​ធានី​ភ្នំពេញ​។​ ​ការ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​មន្ទិល​សង្ស័យ​ថា​ អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​រារាំង​មិន​ឲ្យ​ពលរដ្ឋ​នៅ​ ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​ចូល​រួម​ធ្វើ​មហាបាតុកម្ម​អហិង្សា​ដែល​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រឆាំង​។​ ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដែល​ឃើញ​ហេតុការណ៍​នេះ​ ​ឲ្យ​ដឹង​ថា​ ​កម្លាំង​នគរបាល​ ​និង​កង​រាជ​អាវុធហត្ថ​ប្រមាណ​ ២០​នាក់​ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ ​ឈរ​ឃ្លាំ​មើល​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ​ជាតិ​លេខ៣​ ​ចូល​មក​រាជធានី​ភ្នំពេញ​ ​ត្រង់​ចំណុច​ផ្លូវ​កែង​ក្បែរ​វត្ត​ស្លែង៕ ​អត្ត​បទ​ដក​ស្រង់​ពី​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៣​។​