• កម្លាំងសមត្ថកិច្ចប្រមាណ១០០នាក់ រារាំងអ្នកបឹងកក់ ដើរក្បែរផ្ទះនាយករដ្ឋមន្ត្រី

    • Issue Date 09-Sep-2013

    កម្លាំងសមត្ថកិច្ចប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីការពារ ខណៈប្រជាសហគមន៍បឹងកក់ប្រមាណជា១០០នាក់ ដើរជាក្បួនសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប ឲ្យដោះលែងសកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា។ នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋបឹងកក់ បានប្រមូលផ្តុំគ្នានៅខាងមុខតុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នមួយនេះ ពន្លឿនសវនា​ការ​លើ​សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ ប្រជាសហគមន៍ បានបើកបដា ដែលមានការប្រៀបធៀបពីករណី អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងករណីអ្នកស្រីយ៉ោម បុប្ផា។ អ្នកតវ៉ា អំពាវនាវឲ្យអាជ្ញាធរចាប់លោក ឈូក បណ្ឌិត និងដោះលែងអ្នកស្រី យ៉ោម បុប្ផា។ បន្ទាប់ពីតវ៉ានៅមុខតុលាការកំពូល អ្នកបឹងកក់ បានដើរសំដៅមកសហភាពអឺរ៉ុប ដើម្បីសុំអន្តរាគមន៍ តែត្រូវបានសមត្ថកិច្ចហាមឃាត់ និងមានការប៉ះទង្គិចបន្តិចបន្តួច។ មន្ត្រីសហភាពអឺរ៉ុប បានអនុញ្ញាតឲ្យតំណាងសហគមន៍បឹងកក់ពីរនាក់ ចូលជួបនៅវេលា​ម៉ោង​ជាង​១០​ព្រឹក​នេះ។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយ​ផ្តន្ទាទោស​សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដាក់ពន្ធនាគារបីឆ្នាំ ប៉ុន្តែព្យួរទោស១ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀល ទៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបពីរអ្នក។ សាលាឧទ្ធរណ៍បានប្តូរបទចោទអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាម ទៅ​បទ​ផ្តើម​គំនិតហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ តាមមាត្រា២៨នៃក្រមព្រហ្មទណ្ឌថ្មី។ករណីអ្នកសកម្មជនដីធ្លី អង្គការលើក​លែង​ទោស​អន្តរជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យដោះលែងអ្នកស្រីជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕ អត្តបទដក​ស្រង់ពីវិទ្យុ​សំលេងប្រជាធិបតេយ្យ​ (VOD) ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣។