• បក្សប្រឆាំង​ប្រកាស​ធ្វើ​បាតុ​កម្ម​បក្ស​ប្រជាជន​ប្រកាស​ការ​ពារ​​លទ្ធផល​​ឆ្នោត​​

    • Issue Date 09-Sep-2013

    ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណ បក្ស សង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេត ពីភាព មិនប្រក្រតីក្ នុងដំណើរការ បោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់ សព្វគ្រប់។ ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដំណោះស្រាយនយោបាយជាច្រកតែមួយគត់ដែលអាចដោះស្រាយបញ្ហាពេលនេះបាន។ លោកបន្តថា បើ​សិន​ជាគណបក្សទាំងពីរបន្តចរចាគ្នាមិនត្រូវនោះអ្នកដែលរងទុក្ខពិតប្រាកដជាប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិទាំងមូល។ លោក​បញ្ជាក់​ថា បើមិនមានដំណោះស្រាយត្រឹមត្រូវ គណបក្សកាន់អំណាចនឹងខាតបង់យ៉ាងច្រើន ទាំងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និង​ប៉ះ​ពាល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងធ្វើដំណើរទៅកៀរគរពលរដ្ឋជាថ្មី ឲ្យមក​ចូលរួម​មហាបាតុ​កម្ម​ចាប់​ពីថ្ងៃទី៩ ខែកញ្ញា ដោយគ្រោងនឹងចុះទៅកាន់ខេត្តកណ្ដាល។ ថ្ងៃទី១០ ខែកញ្ញា ចុះទៅផ្សារអូរឫស្សី ថ្ងៃទី១១ ខែកញ្ញា ទៅ​ខេត្ត​សៀម​រាប និងថ្ងៃទី១២ កញ្ញា ទៅខេត្តបាត់ដំបង។ ក្នុងមហាបាតុកម្មកាលពីថ្ងៃទី៧ ខែកញ្ញា គណបក្សប្រឆាំងប្រមូលបានថវិកាជាង ១ម៉ឺន​ដុល្លារ​អាមេរិក ទឹកសុទ្ធរាប់រយយួរ ម្ហូបអាហារពីសំណាក់ក្រុមអ្នកគាំទ្របាតុកម្ម។ មន្ត្រីបក្សសង្គ្រោះជាតិ មិនទាន់​បញ្ជាក់​ពីរបៀប​ធ្វើ​បាតុកម្ម និងចំនួនអ្នកចូលរួមធ្វើបាតុកម្មលើកទី២ នៅឡើយ ប៉ុន្តែបក្សប្រឆាំងប្រកាសថា ធ្វើតាមឆន្ទៈរាស្ត្រ។ នៅក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា នឹង​ប្ដេជ្ញា​ការពារ​លទ្ធផល​នៃ​ការ​បោះឆ្នោតនេះ។ គណបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត ស្របពេលដែល គណបក្សប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និងដាក់គម្រោងធ្វើបាតុកម្មបន្តទៀតនោះ គណបក្សប្រជាជនក៏បានប្រកាសជំហរយ៉ាងមុតមាំដើម្បីការពារលទ្ធផល ឆ្នោតនេះ។ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ កញ្ញា បានប្រកាសភ្លាមៗក្រោយពី គ.ជ.ប ប្រកាស​លទ្ធផលឆ្នោតជាផ្លូវការ ដោយស្វាគមន៍លទ្ធផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ឈ្នះលើ​គណបក្ស​សង្គ្រោះជាតិ ដែលបានទទួល ៥៥អាសនៈ ក្នុងចំណោមកៅអីទាំង ១២៣របស់រដ្ឋសភា។ ទោះយ៉ាងណា គណបក្ស​ប្រជាជន​បាន​វាយតម្លៃខ្ពស់ដល់ គ.ជ.ប ដែលបានជម្នះរាល់ការលំបាកស្មុគស្មាញនានាក្នុងការបំពេញតួនាទីរបស់ ខ្លួនបាន​ល្អ​ប្រសើរ​ដោយ​ប្រកាន់​ភ្ជាប់​នូវជំហរឯករាជ្យ អព្យាក្រឹត និងតម្លាភាព។ ការលើកសរសើរនេះ ក៏ស្ថិត​នៅ​ចំណុច​ផ្ទុយគ្នា​ពីគណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​តែចោទ ប្រកាន់ស្ថាប័ន គ.ជ.ប នេះថា កំពុងធ្វើការលម្អៀងទៅគណបក្សកាន់អំណាច៕ អត្តបទដកស្រង់​ពីពីវិទ្យុអាស៊ីសេរី​ចុះផ្សាយ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣។