• យុវ​ជន​ម្នាក់​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​ម្តុំ​ស្ពាន​អាកាស​មុនី​វង្ស​

    • Issue Date 15-Sep-2013

    យុវ​ជន​ម្នាក់​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស​ ​និង​បី​នាក់ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដាច់​ដោយ​ឡែក​គ្នា​មួយ​ ​រវាង​ក្រុម​យុវជន​មួយ​ក្រុម​ ​ជាមួយ​ប៉ូលិស​ ​នៅ​ម្តុំ​ស្ពាន​ក្បាល​ថ្នល់​។​ ​នេះ​បើ​តាម​ព័ត៌​មាន​ពី ​លោក​ចាន់​ ​សាវ៉េត​ ​មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ​ដែល​វត្ត​មាន​នៅ​កន្លែង​កន្លែង​កើត​ហេតុ​ ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី​ ​១៥​ ​កញ្ញា​នេះ​។​តាម​លោកចាន់​ ​សាវ៉េត​ ​ប៉ូលិស​បាន​ប្រើ​គា្រប់​កាំភ្លើង​ពិត​ ​គ្រាប់​បែក​ផ្សែង​ ​និង​ឡាន​ទឹក​បាញ់​លើ​ក្រុម​យុវជន​ជាង​៣០​នាក់​ ​ដែល​បាន​ប្រឈម​មុខ​តទល់​ជាមួយ​​ប៉ូលិស​ ​ដែល​មាន​ប្រមាណ​៣​ពាន់​នាក់​។​ ​តាម​លោក​ចាន់​ ​សាវ៉េត​ ​យុវជន​មួយ​ក្រុម​នោះ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​បាតុករ​ដឹក​នាំ​ដោយ​គណបក្ស​​សង្រ្គោះ​ជាតិ​ទេ​ ​ដោយ​សារ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​រំសាយ​បាតុកម្ម​តាំង​តែ​ពី​រសៀល​ម្ល៉េះ​។​ ​គេ​មិន​ដឹង​ថា​ ​តើ​យុវជន​មួយ​ក្រុម​នោះ​មាន​ប្រភព​មក​ពីណា​ទេ​ ​ប៉ុន្តែ​ ​តាម​លោក​ចាន់​ ​សាវ៉េត​ ​ពួក​យុវជន​ខឹង​​តវ៉ា​ចំពោះ​ការ​បិទ​ផ្លូវ​ ​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ចាប់​តាំង​ ​ពីម៉ោង​ ​បី​ព្រឹក​ភ្លឺ​ ​នៅថ្ងៃ​ ​អាទិត្យ​។ ការបិទផ្លូវដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងនៅម្តុំស្ពាន មុនីវង្ស។បើតាមលោកចាន់ សាវ៉េត​ដដែល យុវជនដែលត្រូវស្លាប់ដោយគ្រាប់ប៉ូលិស មិនមែនជាមនុស្សក្នុងចំណោមយុវជនទាំងជាង៣០នាក់នោះទេ ប៉ុន្តែ គឺគ្រាន់​តែ​អ្នក​មើល។ ចំណែកមនុស្សបីនាក់ផ្សេងទៀត បានរងរបួសដោយគ្រាប់កំាភ្លើង ឬភ្លើងដែលចេញពីគ្រាប់បែកផ្សែងរបស់ប៉ូលិស។ លោក​ចាន់​ សាវ៉េត ដែលនៅកន្លែងកើតហេតុ រហូតដល់ម៉ោង១០កន្លះយប់ ថ្ងៃអាទិត្យ បាននិយាយថា លោកឃើញគេចាប់មនុស្សយ៉ាងតិច ១០​នាក់ នៅក្នុងការប្រឈមមុខមួយប្រាវរវាងក្រុមយុវជន និងប៉ូលិស៕ អត្តបទដកស្រង់ពីវិទ្យុបារាំង (RFI) បានផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។