• ព្រះ​មហា​ក្សត្រ​បដិ​សេធ​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ​​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​

    • Issue Date 17-Sep-2013

    ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី បដិសេធលិខិតស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលសុំពន្យារពេលការប្រជុំសភា ដោយ​ស្នើ​ឲ្យតំ​ណាងរាស្ត្រគណបក្សទាំង៥៥ររូប ចូលរួមប្រជុំនៅថ្ងៃទី២៣ខែកញ្ញាខាងមុខ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ ឡាយ​ព្រះ​ហត្ថលេខានៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៣ ឲ្យដឹងថា យោងតាមមាត្រា ៨២ថ្មីនៃរដ្ឋធម្មនុញ្ញ ព្រះអង្គ នឹង​យាង​ជា​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុងសម័យប្រជុំសភាដំបូងនៃរដ្ឋសភា នីតិកាលទី៥ ដូចមានចែងក្នុងព្រះរាជសារអញ្ជើញប្រជុំ ចុះថ្ងៃទី១៤ខែកញ្ញា។ ព្រះ​រាជ​សារ​បន្តថា សូមតំណាងរាស្ត្រទាំងអស់ អញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដើម្បីបង្ហាញនូវការរួបរួម និងឯក​ភាព​ជាតិ​។ព្រះ​រាជសាររបស់ព្រះមហាក្សត្រ ជាការឆ្លើយតបនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានសុំពន្យារពេលថ្ងៃប្រជុំសភា ដើម្បីដោះស្រាយបញ្ហានៅសេសសល់ជាមុនសិន។អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃអង្គារ ព្រមាន​ថា​គណ​បក្សប្រឆាំងនឹងធ្វើមហាបាតុកម្មលើកទីបី ប្រសិនបើមានការបើកប្រជុំសភានៅថ្ងៃទី២៣កញ្ញា ដោយមិនមាន​ដំណោះស្រាយ​សមរម្យ​ជាមុនសិន។ លោក កឹម សុខា ថ្លែងទៅកាន់បាតុករថា ប្រសិនបើមិនមានការឯកភាពរកដំណោះស្រាយសមរម្យ នៅត្រឹមថ្ងៃទី​២២ខែ​កញ្ញានេះទេ គណបក្សសង្គ្រោះជាតិ នឹងពហិការចូលរួមប្រជុំសភាលើកដំបូង ហើយនឹងធ្វើមហាបាតុកម្មជាបន្តបន្ទាប់។តែមន្ត្រី​គណ​ប​ក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា តំណាងរាស្ត្ររបស់ខ្លួននឹងចូលរួមប្រជុំសភាធម្មតា បើទោះជាមិន​មាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​ក៏ដោយ។នៅថ្ងៃអង្គារនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសថា ពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ដំបូង នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៣ ខែកញ្ញា សប្តាហ៍ក្រោយនេះ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ សេចក្តីប្រកាស ព័ត៌មានបន្តថា សម័យប្រជុំដំបូងនេះ នឹង​មាន​ផ្សាយ​បន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិ FM96MHZ និងវិទ្យុវត្តភ្នំ 105.70MHZ ចាប់ពីម៉ោង ៨ព្រឹក៕ អត្តបទ​ដក់ស្រង់​ពី​វិទ្យុសំលេងប្រជាធិបតេយ្យ(VOD)ផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣។