• អង្គការជាតិ និងអន្តរជាតិ អំពាវនាវឲ្យ​ រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ ចាត់វិធានការ បញ្ឈប់ហិង្សានៅកម្ពុជា

    • Issue Date 24-Sep-2013

    អង្គការជាតិ និងអន្តជាតិ ចំនួន៥នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ ត្រូវតែចាត់វិធានការឥឡូវនេះ ដើម្បី​​ការពារកុំឲ្យមានការកើនឡើងនៃអំពើហិង្សា ដែលកើតឡើងក្រោយការបោះឆ្នោត។អង្គការចំនួន៥នោះ រួម​មាន​​អង្គ​ការ​លើកលែងទោសអន្តរជាតិ(Amnesty International) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។សេចក្តី​ថ្លែង​ការណ៍​រួ​ម ចេញ​ផ្សា​យនៅថ្ងៃទី២៤ ខែ​កញ្ញា​នេះ ឲ្យ​ដឹងថា​ អង្គការ​ទាំង៥​​កំពុងតែព្រួ​យបារម្ភយ៉ាងខ្លាំង​លើ​​​ការប្រើ​ប្រា​ស់​កម្លាំងហួសហេ​តុរបស់​អាជ្ញាធរ ក្នុងការពារ និងគាបសង្កត់សេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិដោយសន្តិវិធី ។ អង្គការ​ទាំងអស់ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងបរទេស ចាត់វិធានការជាបន្ទាន់ ក្នុងការ​ការពារ​ស្ថា​នភាព​សិទ្ធិ​មនុស្ស​កុំឲ្យ​​កាន់តែអាក្រក់​ទៅៗ។សេចក្តី​ថ្លែង​ការណ៍​ បានលើក​​ឡើង​ពី​ការតវ៉ារបស់ពលរដ្ឋក្នុងការស្នើសុំពន្យារពេល0សម័យប្រជុំសភាលើកដំបូង ហិង្សា​ដែល​កើត​ឡើង​នៅថ្ងៃមហា​បាតុ​កម្ម​របស់​គណ​បក្ស​​​សង្គ្រោះ​ជាតិ ការបង្ក្រាប​របស់​កម្លាំង​សមត្ថ​កិច្ចលើកូដ​កម្ម​អត់​ព្រះស្ងោយ​របស់​​​ព្រះអង្គម្ចាស់ ស៊ី​សុ​វត្ថិ ធម្មិ​កោ និង​ការបង្ក្រាប​​កូដ​កម្ម​អត់​អាហាររបស់អ្នកបឹងកក់នៅវត្តភ្នំ នៅពេលយប់ ដែលបណ្តាលឲ្យ​មនុស្ស​ជាង​​១០​នាក់ រងរបួស។អង្គការទាំងនោះ ក៏អំពាវនាវឲ្យមានការស៊ើបអង្កេត​ជា​បន្ទាន់ ប្រកប​ដោយ​ភាពមិនលម្អៀង តម្លាភាព និងហ្មត់ចត់ ទៅ​លើ​ការ​ប្រើ​​​​​ប្រា​ស់​​ហិង្សា​​ដោ​យ​ខុ​ស​ច្បាប់ ហើយ​រដ្ឋា​ភិបាល​អន្តរជាតិ និងអង្គការសហប្រជាជាតិ ត្រូវតែនិយាយ និងថ្កោលទោសការ​រំលោភ​សិទ្ធិ​នៃ​​ការ​​​ប្រមូល​ផ្តុំ​ដោយ​សន្តិ​វិធី​ និង​សិទ្ធិ​ផ្សេងៗ​ទៀត​។គួរ​បញ្ជាក់​ថា មួយ​រយៈ​​ចុងក្រោយ​នេះ ការប្រឈមមុខរវាងពលរដ្ឋ និងកម្លាំង​សមត្ថកិច្ច ស្ទើរតែកើតឡើងជារៀងរាល់ថ្ងៃ។កងកម្លាំង​​​​សមត្ថកិច្ច​​​ត្រូវ​បាន​ដា​ក់​ពង្រាយតាមដងផ្លូវ និងរនាំងបន្លាលួស ត្រូវបានដាក់ឃាំងផ្លូវ ដើម្បីការពារក្រុមអ្នកតវ៉ា៕ អត្ថបទ​ដកស្រង់​ពី​វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។