• រដ្ឋមន្ត្រីព័ត៌មាន ក្រើនរម្លឹកដល់ប្រព័ន្ធ ផ្សព្វផ្សាយ ថា ការជេរប្រមាថ ការបំពានច្បាប់ និងបំពានរដ្ឋធម្មនុញ្ញ មិនមែនជាសេរីភាពបញ្ចេញមតិទេ

    • Issue Date 26-Sep-2013

    លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបតែបន្តអាណត្តិទី៣របស់ខ្លួន ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ បានរំលឹក​ដល់ ប្រព័ន្ធផ្សព្វផ្សាយថា ការជេរប្រមាថ ការបំពានច្បាប់ និងការបំពានរដ្ឋធម្មនុញ្ញ។ល។ មិនមែនជាសេរីភាពនៃការបញ្ចេញ​​​​​​​មតិទេ ផ្ទុយទៅវិញ ការប្រកាន់ខ្ជាប់ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងមូលដ្ឋានគតិយុត្ត គឺជារបាំងដ៏មានប្រសិទ្ធភាពទប់ទល់ នឹង រាល់យុទ្ធនាការឃោសនា​អកុសល។ការក្រើនរំលឹករបស់លោករដ្ឋមន្ត្រីដូច្នេះ ត្រូវបានធ្វើឡើង ខណៈពេលដែលលោកបានអញ្ជើញប្រគល់វិញ្ញាបនប័ត្រដល់ខេត្តបី ដែល ទទួលបាន​ជ័យលាភីលើការប្រកួតប្រជែង ស្តីពី \"ការធ្វើឲ្យកាន់តែមានតម្លាភាព និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋរបស់រដ្ឋបាល រាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា\"" កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា បច្ចប្បន្ននេះ ស្របនឹងការអភិវឌ្ឍសង្គម ការវិវត្តផ្នែកព័ត៌មានវិទ្យា មានល្បឿនគំហុក បានជំរុញ​ឲ្យមានអ្នកប្រើប្រាស់អ៊ីនធើណេត និងបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា មានរហូតដល់ជាង ១លាននាក់។ ចំណែកក្នុង ប្រទេស​​អាស៊ាន​មានជាង ១០០លាននាក់។ លោកបន្តថា ការរៀនសូត្របន្ថែម តាមរយៈការតាមដានព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានប្រពៃណី និងទំនើបជាពិសេស បណ្តាញ​​ព័ត៌មានសង្គមជាការចាំបាច់។ បច្ចេកវិទ្យាព័ត៌មាន បាននាំមកនូវភាពងាយស្រួល ក្នុងការទាញយកព័ត៌មានសម្បូរបែប តែ ក្នុងនោះ មានទាំង​ព័ត៌មាន​ពិត មានទាំងព័ត៌មានមិនពិត ទាំងព័ត៌មានមានវិជ្ជាជីវៈ និង ព័ត៌មានមិនមានវិជ្ជាជីវៈ (ដូចជាការជេរ ប្រមាថ ការកាត់តរូបភាព ការរើសអើងជាតិសាសន៍.។ល។ ដូច្នេះរាល់ការប្រើប្រាស់ ឬប្រតិកម្ម ចំពោះព័ត៌មានទាំងនោះ ត្រូវមានការ វិភាគពិចារណាស្វែងរកការពិត រកតថភាពឲ្យបានត្រឹមត្រូវ។ លោកបានបញ្ជាក់ថា សូមចងចាំថា ការជេរប្រមាថ ការបំពានច្បាប់បំពានរដ្ឋធម្មនុញ្ញ។ល។ មិនមែនជាសេរីភាពនៃការបញ្ចេញមតិ​ទេ។លោករដ្ឋមន្ត្រីបានបន្តថា ការប្រកាន់ខ្ជាប់ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងមូលដ្ឋានគតិយុត្ត គឺជារបាំង ឬគឺជាជញ្ជាំងដែកដ៏ មានប្រសិទ្ធភាព ទប់ទល់នឹងរាល់យុទ្ធនាការឃោសនាអកុសល ដោយប្រើប្រាស់ការបំភិតបំភ័យ បំភ័ន្ត បំភ្លៃ បញ្ឆេះកំហឹងគ្រប់រូបភាព។លោក ខៀវ កាញារីទ្ធ បានបន្ថែមថា \""ដើម្បីធានាតុល្យភាព អព្យាក្រឹតភាព និងឯករាជ្រនៃប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យមានតួនាទី រួមចំណែក​នូវទស្សនៈ និងតថភាព ក្នុងរបាយការណ៍ព័ត៌មាន តែអ្នកសារព័ត៌មាន ក៏ត្រូវលើកកម្ពស់ការរៀនសូត្រ និងគោរពវិជ្ជាជីវៈក្រម សីលធម៌ សច្ចភាព សមធម៌ និងយុត្តិធម៌ផងដែរ។ មិនមែនទាល់តែអគតិជេរប្រមាថរដ្ឋាភិបាល និងគណបក្សកាន់អំណាចទេ បាន ហៅថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នោះទេ។ បើពិតដូច្នេះមែន ឯណាទៅវិជ្ជាជីវៈសារព័ត៌មាននោះ? ឯណាទៅដែលហៅសារព័ត៌មាន ស្រឡាញ់តែការពិត និងផ្អែកលើការពិត\""៕អត្ថបទដកស្រង់ពីគេហទំព័រ CENចុះផ្សាយថ្ងៃទី២6​ ខែកញ្ញាឆ្នាំ២០១៣។ "