• ក្រុមការងារនៃសិទ្ធិទទួលបានព័ត៌មាន ជំរុញជាថ្មីទៀត ឲ្យអនុម័តច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន

    • Issue Date 27-Sep-2013

    ក្រុមការងារនៃសិទ្ធិទទួលបានព័ត៌មាន ជំរុញជាថ្មីទៀតឲ្យរាជរដ្ឋាភិបាល អនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះច្បាប់នេះ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវសិទ្ធិទទួលបានព័ត៌មាន ហើយជាជំហាន ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការងារតម្លាភាព។ ការជំរុញជាថ្មីទៀតនេះ ធ្វើឡើងមួយថ្ងៃនៃទិវា”សិទ្ធិដឹង”នៅថ្ងៃទី២៨ខែកញ្ញានេះ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា សិទ្ធនេះជាសិទ្ធិ មូលដ្ឋានរបស់មនុស្ស ហើយសិទ្ធិទទួលព័ត៌មាននេះមានអំណាច និងផ្តល់សារប្រយោជន៍ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។យោងតាមមាត្រា ១៩ នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស បានចែងថា​ \"មនុស្សគ្រប់រូបមាន សិទ្ធិក្នុងការសម្តែងមតិ ការយល់ឃើញដោយគ្មានការឃាត់ឃាំង មានសិទ្ធិស្វែងរក និងទទួលបាននូវមតិយោបល់ និងព័ត៌មានសំខាន់ៗ តាមរយៈបណ្តាញព័ត៌មាននានាដោយគ្មានដែនកំណត់\""។សិទ្ធិទទួលបានព័ត៌មាន គឺមានសារៈសំខាន់សម្រាប់អភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ សិទ្ធិក្នុងការចូលរួម ការរីកចម្រើនសេដ្ឋកិច្ច និងការវិនិយោគ ការការពារសិទ្ធិមនុស្ស សេរីភាពនៃសារព័ត៌មាន ការការពារបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។សេចក្តីថ្លែងការណ៏លើកឡើងថាបច្ចុប្បន្ននៅកម្ពុជាមានបញ្ហាប្រឈមចម្បងមួយចំនួនបានរារាំងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ដូចជា ៖ មិនមានការតាក់តែងច្បាប់ក្នុងការផ្តល់សិទ្ធិទទួលបានព័ត៌មានអោយបានទូលំទូលាយ ។រីឯការការពារសិទ្ធិនេះពុំមានចែង ច្បាស់លាស់ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមានវប្បធម៌លាក់បាំងជាលក្ខណៈប្រវត្តិសាស្ត្រការបើកចំហរបស់រដ្ឋាភិបាលនៅកម្រិតទន់ខ្សោយ។ប្រជាពលរដ្ឋមិនត្រូវបានជូនដំណឹងអំពីសិទ្ធិទទួលបានព័ត៌មាន និងធ្វើការទាមទារអោយមានការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានសាធារណៈទាំងអស់នៅឡើយ។ ចំណែកឯមន្ត្រីរដ្ឋាភិបាល និងអ្នកផ្សេងទៀតមានទស្សនៈភ័ន្តច្រឡំលើគោលគំនិតជាមូលដ្ឋាននៃ សិទ្ធិទទួលបានព័ត៌មាន ។ម្យ៉ាងទៀតអាជ្ញាធរមានភាពស្ទាក់ស្ទើរក្នុងការបង្ហាញព័ត៌មាន ដែលទាក់ទងនឹងរឿងរ៉ាវនានា ដោយពួកគេចាត់ទុកថា ជារឿងទាក់ទង នឹងនយោបាយ ។ នៅឆ្នាំ២០០៤ រដ្ឋាភិបាលបានថ្លែងថា មានតម្រូវការមួយចំពោះច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន “ដើម្បីបង្កើតនូវ ការគ្រប់គ្រងប្រកបដោយតម្លាភាព កាត់បន្ថយអំពើពុករលួយ និងកសាងនូវទំនុកចិត្តចំពោះរដ្ឋាភិបាលតាមរយៈប្រជាពលរដ្ឋកម្ពុជា ។”សេចក្តីស្នើច្បាប់ស្តីពី សេរីភាពក្នុងការទទួលព័ត៌មាន ចំនួន ២លើកដោយ លោកសុន ឆ័យ សមាជិកសភា ត្រូវបានបដិសេធក្នុងការ លើកយកមកពិភាក្សា និងអនុម័ត។ សេចក្តីស្នើច្បាប់នេះ មានខ្លឹមសារបញ្ជាក់អំពី និយមន័យពាក់ព័ន្ធ ការអនុវត្តរបស់ស្ថាប័នតុលាការ និងករណីយកិច្ចក្នុងការបោះពុម្ពផ្សាយរបស់របស់តុលាការ និងរាជរដ្ឋាភិបាល ការបង្កើតស្នងការព័ត៌មាន សំណើសុំព័ត៌មាន រយៈពេលកំណត់នៃការផ្តល់ចម្លើយ និងតម្លៃនៃសេវាកម្មព័ត៌មាន ។ល។នៅឆ្នាំ២០១១ របាយការណ៌របស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានបង្ហាញថា សមាជិកព្រឹទ្ធសភា និងសមាជិកសភា៦៤រូបក្នុងចំណោម១៨៤រូប បានគាំទ្រនូវការតាក់តែងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងតម្រូវការអោយមានបើកចំហ ឬផ្សព្វផ្សាយព័ត៌មានបន្ថែមទៀត ។ លោក ទេព ងន អនុប្រធានទីពីរព្រឹទ្ធសភា កាលណោះ បានអះអាងថា សិទ្ធិទទួលបានព័ត៌មាន គឺជា ធាតុដ៏សំខាន់នៃសង្គមប្រជាធិបតេយ្យ ។រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍ផងដែរថា សិទ្ធិទទួលបានព័ត៌មាន គឺជាធាតុដ៏សំខាន់បំផុតនៅក្នុង ដំណើរការអភិបាលកិច្ចល្អ អាចលើកកម្ពស់នូវគណនេយ្យភាព និងតម្លាភាព ។ ឯកឧត្តមបានបន្ត ទៀតថា ប្រទេសកម្ពុជាត្រូវតែត្រៀម ទទួលស្គាល់នូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋពីស្ថាប័ន នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។សមាជិកនៃអង្គការសង្គមស៊ីវិលមានឥរិយាបថវិជ្ជមានចំពោះសិទ្ធិទទួលបានព័ត៌មាន ហើយបានក្លាយជាអ្នកនាំមុខនៃយុទ្ធនាការតស៊ូមតិ។ តំណាងមកពីអង្គការសហគមន៍មូល ដ្ឋាន បានបង្ហាញនូវការគាំទ្រឱ្យមាន ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ។អ្នកចូលរួម វេទិកាពិភាក្សាមួយស្តីពីសិទ្ធិទទួលបានព័ត៌មាននៅក្នុងការផ្តល់សម្បទានព្រៃឈើ និងដីនៅខែមីនា ឆ្នាំ២0១២ ដែលត្រូវបានគេធ្វើការស្ទង់មតិ ៩៨% បានឆ្លើយថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានពិតជាសំខាន់សម្រាប់ការអនុវត្តការងាររបស់ពួកគេ។ ការស្ទង់មតិស្រដៀងគ្នានៅក្នុងសិក្ខាសាលាមួយទាក់ទងនឹងសិទ្ធិលំនៅស្ថាន នៅខែមេសា ឆ្នាំ២០១២ មានចំនួន៩៦%នៃអ្នកចូលរួម បានឱ្យភាគរយនៃច្បាប់នេះថាមានសារៈសំខាន់ខ្លាំងណាស់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានផ្តល់នូវការគាំទ្រដ៏រឹងមាំ ចំពោះ ការផ្តួចផ្តើមសិទ្ធិទទួលបានព័ត៌មាននេះ ៕ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣។"