• គណបក្សសង្គ្រោះជាតិ ជម្រាបជូនសាលា រាជធានីភ្នំពេញពីចំនួនមនុស្ស ២ម៉ឺននាក់ ចូលរួមការជួបជុំនៅ ថ្ងៃទី០៦ខែតុលា

    • Issue Date 01-Oct-2013

    គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ជម្រាបជូនអភិបាលរាជធានីភ្នំពេញ ដោយសុំការជួបជុំមហាជននៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី ០៦ខែតុលា បន្ទាប់ពីភ្ជុំបិណ្ឌ ដែលនឹងមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់។កម្មវត្ថុនៃការជួបជុំនេះ គឺជាការសម្តែងមតិ និងផ្តល់អនុសាសន៍ សំខាន់ៗ ក្នុងការទាមទារស្វែងរកការពិត និងយុត្តិធម៌ពាក់ព័ន្ធនឹងការបោះឆ្នោត។សេចក្តីជូនដំណឹង ផ្ញើជូនសាលារាជធានីភ្នំពេញ ឲ្យដឹងថា ការជួបជុំនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង២រសៀល រហូតដល់ម៉ោង ៦ ល្ងាច នៅថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៣។ គណបក្សសង្គ្រោះជាតិ ស្នើសុំការអនុញ្ញាត និងសម្រួលទីតាំងមួយចំនួននៅជុំវិញបរិវេណ ទីលាន ប្រជាធិបតេយ្យ ក្នុងការរៀបចំ និងមានវិធានការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ការជួបជុំមហាជនខាងលើដោយ អនុគ្រោះ។VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បាននៅឡើយទេ។ តែកន្លងទៅ សាលា រាជធានី ភ្នំពេញ លើកឡើងថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រព្រឹត្តខុសពីច្បាប់បាតុកម្មដោយសន្តិវិធី និង គោលការណ៍ កំណត់ដោយ មានអ្នកចូលរួមលើសពី១ម៉ឺននាក់ និងមានការដើរដង្ហែរតាមផ្លូវ។កន្លងទៅគណបក្សសង្គ្រោះជាតិ(CNRP) ធ្លាប់ប្រកាស ថា ខ្លួននឹងធ្វើមហាបាតុកម្មលើកទីបីរបស់ខ្លួន ដើម្បីទាមទារឲ្យមានការស៊ើប អង្កេតពី ភាពមិនប្រក្រតីនៃការបោះឆ្នោត បើទោះជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា គម្រោងមហាបាតុកម្មនេះ លែងមានន័យក៏ ដោយ។ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ខែកញ្ញា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រសិនបើ គណបក្ស ប្រជាជនកម្ពុជា មិនគោរពតាមឆន្ទៈប្រជាពលរដ្ឋ លោកនឹងអំពាវនាវទៅកាន់កម្មកររោងចក្រ មន្ដ្រីរាជការ និងអាជីវករឲ្យធ្វើ កូដកម្មមួយថ្ងៃ ហើយនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស។ចំណែកនៅថ្ងៃទី២៣តុលា គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្ម នៅ ទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង៣ដល់ម៉ោង៦ល្ងាច ដើម្បីយក ញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ១៩៩១ តាមរយៈតំណាង ឧត្តមស្នងការ អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ មហាបាតុកម្ម ក៏ទាមទារឲ្យមានការគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ២៣តុលា ១៩៩១ ឲ្យបានពេញ លេញ។គួររំលឹកថា គណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើមហាបាតុកម្មអហិង្សាចំនួនពីរលើករួចមកហើយ កាលពីថ្ងៃទី០៧ ខែកញ្ញា និងលើកទីពីរពីថ្ងៃ ទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានារាប់ម៉ឺន នាក់ចូលរួម។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ​២០១៣៕