• សមាជមហាជនគណបក្សសង្គ្រោះជាតិ សម្រេច ទាមទារ១០ចំណុច

    • Issue Date 06-Oct-2013

    សមាជមហាជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៦ខែតុលានេះ បានសម្រេចនូវការទាមទារចំនួន ១០ចំណុច ដោយរកយុត្តិធម៌ជូន ម្ចាស់ឆ្នោត និងទាមទារឲ្យមាន​ការ​ផ្លាស់ប្តូរតាមរយៈ​កែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន ដែលធ្វើឡើងតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី០៦ខែតុលានេះ នៅ ទីលានប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានស្តាប់នូវសេចក្តីថ្លែងគោលជំហររបស់គណបក្សសង្គ្រោះជាតិ និង យោបល់របស់ប្រជាពលរដ្ឋ ជុំវិញស្ថានភាព​នយោបាយ​បច្ចុប្បន្នអង្គសមាជមហាជនបានសម្រេច ទាមទារឲ្យគណបក្សសង្គ្រោះជាតិ បន្តស្វែងរកយុត្តិធម៌ជូនមហាជនជាម្ចាស់ឆ្នោត តាមរយៈការធ្វើមហាបាតុកម្ម​ជាទ្រង់ទ្រាយធំទូទាំងប្រទេស ធ្វើនយោបាយការទូតឲ្យ ទូលំទូលាយ ធ្វើញត្តិរាប់លានស្នាមមេដៃ ដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខី​នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស២៣តុលា១៩៩១។ ​សេចក្តីសម្រេច​របស់​​ស​មា​ជ​មហាជនក៏បាន​សម្រេច​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​​គោលនយោបាយនិង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​​ធានា​​ការពារ​ផលប្រយោជន៍​ជាតិនិង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ផង​ដែរ ដែល​នៅ​ចំពោះមុខអង្គសមាជ​បាន​សម្រេច​ទាមទារ​ចំណុច​សំខាន់ៗ​ចំនួន ១០​ចំណុច ដូចជា ១.ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់ឆ្នោតនិង​ផ្លាស់ប្តូរ​សមាសភាព​របស់​គណៈកម្មាធិការ​ជា​តិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្នដែល​សមាស​ភាព​ថ្មី​​ត្រូវ​​មាន​ការឯកភាព​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​, ២.ទាម​ទារ​ឲ្យមាន​តុល្យភាព​អំណាច​សភានិង​ទទួលស្គាល់​គណបក្សប្រឆាំង​ដោយ​បង្កើត​រាជរដ្ឋាភិបាល​ស្រមោល​, ៣.ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ហើយ​លុបចោល​កិច្ច​សន្យា​​ដែល​មាន​លក្ខណៈ​គាប​សង្កត់ បិទ​សិទ្ធិសេរីភាព​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ៤.បញ្ឈប់​នូវ​​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចនិង​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ចដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រទេសជាតិ​, ៥.​​​​​​​​​​​​​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​ដោយ​បង្កើត​យន្ត​ការ​​​​​ត្រួត​​ពិនិត្យដើម្បី​ធានាឲ្យបាន​នូវ​​ប្រសិទ្ធភាព​, ៦.​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេ​សន្ត​ឲ្យមាន​ប្រសិទ្ធភាព​ដោយ​គ្មាន​ការ​លើក​លែង ​​​​និង​រើសអើង​, ៧.​បង្កើត​គណៈ​​​កម្មការ​ចម្រុះដែល​មាន​សមាសភាព​ម​ក​ពី​គណបក្ស​ក្នុង​រដ្ឋសភាដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​ពី​ការ​បោះបង្គោល​​ព្រំដែន​,៨.​ធ្វើ​វិសោធនកម្ម​នីតិ​វិធីឬ​ធ្វើ​​​ច្បាប់​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើ​សមេ​ភូមិ​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​, ៩.​ប្រធាន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា គ្រប់​លំដាប់ថ្នាក់មិនត្រូវ​មាន​តួនាទី​ជា​​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នយោបាយនិង​១០.​ទាមទារ​ឲ្យ​ដោះ​លែ​ង​ជា​បន្ទាន់​អ្នកជាប់ចោទ អ្នក​ជាប់​ទោស​មនសិកា​រ នយោបាយសកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​។​​​​បន្ទាប់ពី​ធ្វើសមាជមហា​ជន​នេះគណបក្សសង្គ្រោះជាតិ គ្រោង​នឹង​ធ្វើមហា​បាតុកម្ម​លើក​ទី​៣​ នៅ​ថ្ងៃទី២៣​ខែ​តុលាខាង​មុខ​នេះ ដោយ​​​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋជា​ម្ចាស់​ឆ្នោត​ប្រមាណ​៣លាន​ស្នាម​មេដៃ​ធ្វើ​​ជា​ញត្តិ​ដាក់ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខីនៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះតាមរយៈ​​​​​​​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​៕អត្ថបទដកស្រង់ពីវិទ្យុសម្លេង​ប្រជាធិបតេយ្យ(VOD) ចុះ​ផ្សាយ​ថ្ងៃទី០៦ខែតុលា ឆ្នាំ​២០១៣។