• តុលាការ​ឲ្យ​ពលរដ្ឋ​៤​នាក់ ក្នុងចំណោម​៦​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​នៅ​ស្ពាន​ក្បាលថ្នល់ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​

    • Issue Date 10-Oct-2013

    មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា ពលរដ្ឋ ៤​នាក់ ដែល​ត្រូវបាន​ឃុំឃាំង នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ប៉ះទង្គិច​ដោយ​ហិង្សា កាលពី​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ប៉ុណ្ណោះ​អាសន្ន ចំណែក​២​នាក់​ទៀត នឹងត្រូវ​ដោះលែង​នៅពេល​ឆាប់​នេះ​។​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ហូរ វ៉ាន់ ឲ្យ​ដឹងថា សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ មិនត្រូវ​បានបញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​នោះទេ​។ លោក​ចាត់ទុកថា នេះ​ជា​ភាពមិនប្រក្រតី​មួយ ៖ \"​ប៉ុន្តែ​ការដោះលែង​នេះ រៀង​តក់ក្រហល់ ដោយ​ថា​អត់​មានបាន​ជូនដំណឹង​មក​មេធាវី អត់​បាន​ឲ្យ​មេធាវី​ដឹង ហើយ​យកមក​តុលាការ ស្រាប់​ដោះលែង​នៅ​តុលាការ​តែម្តង បើ​មើលទៅ​វា​ដូច​មិន​ប្រក្រតី ការដោះលែង​ហ្នឹង​ដូច​ថា​អត់​មាន​នីតិវិធី ហាក់ដូចជា​ចង់​វៀង​មិន​ឲ្យ​មហាជន​ដឹង មិន​ឲ្យ​គណបក្សប្រឆាំង​ដឹង​\""​​។​​ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត បដិសេធ​ប្រាប់​ពី​មូលហេតុ​នៃ​សេចក្តីសម្រេច​របស់លោក​។​​ពលរដ្ឋ ៤​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅក្រៅ​ឃុំ​នោះ​មាន លោក សុង និស្ស័យ អាយុ​២១​ឆ្នាំ លោក តាំង ដុន​ស៊ា​ង អាយុ​១៨​ឆ្នាំ លោក ឡាញ់ សាមឿន អាយុ​៣៣​ឆ្នាំ និង​លោក វ៉ា ណុន អាយុ​៤០​ឆ្នាំ​។ ចំណែក យុវជន ពីរ​នាក់ ដែល​កំពុង​រៀបចំ​ឯក​សារ មានឈ្មោះ លោក ង្វៀង ធី​ឌឹ​ក អាយុ​២០​ឆ្នាំ លោក ឯក ចាន់​នូ អាយុ​១៧​ឆ្នាំ​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត សាទរ​ចំពោះ​ការដោះលែង​នេះ តែ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​បន្ថែម ចំពោះ​ករណីនេះ ដោយ​លោក​ជឿជាក់ថា ពលរដ្ឋ​ទាំងនោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះទេ ៖ \""​ប៉ុន្តែ​អ្វីដែល​សំខាន់ អ្នក​ទាំង​៦​នាក់​ហ្នឹង បើតាម​ការស្រាវជ្រាវរ​បស់​យើង គឺថា គាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​ហ្នឹង​ទេ ពីព្រោះ​អ្នក​ទាំង​៦​នាក់​ហ្នឹង គ្រាន់តែ​ជា​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ហើយ​ជួបនឹង​ហេតុការណ៍​នៃ​អំពើហិង្សា​ដែល​កើតឡើង ហើយ​ត្រូវបាន​កងកម្លាំង​ហាមឃាត់ និង​ចាប់ខ្លួន\""​​។​​​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៣ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ហូរ វ៉ាន់ បាន​សរសេរ​លិខិត​ផ្ញើជូន​លោក សួស សំអាត ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​អនុញ្ញាត​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​នោះ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​លុបចោល បន្ទាប់ពី​ជន​ជាប់​មួយចំនួន ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ពលរដ្ឋ​ទាំង​៦​នាក់ ដែល​អះអាងថា ជា​អ្នកដំណើរ​ធម្មតា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ចោទ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​សមត្ថកិច្ច និង​បំផ្លាញ​ទ្រ​ព​សម្បត្តិ​រដ្ឋ​ដោយ​ចេតនា។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១០ខែតុលា ឆ្នាំ២០១៣៕"