• ពលរដ្ឋ​រងគ្រោះ​និង​មន្ត្រី​សិទ្ធិមនុស្ស​១១​រូប​ប្តឹង​មន្ត្រី​អាជ្ញាធរ​ខណ្ឌដូនពេញ​ទៅ​តុលាការ

    • Issue Date 11-Oct-2013

    ពលរដ្ឋ​ដែល​រងគ្រោះ​នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​១១​រូប បាន​ប្តឹង​មន្ត្រី​អាជ្ញាធរ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ចំនួន​៤​នាក់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ហិង្សា​ដោយ​ចេតនា ដោយ​ទាមទារ​សំណង​ម្នាក់ៗ​ដប់​លាន​រៀល​។​​កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ អ្នក​បឹងកក់​ចំនួន​១០​នាក់ និង​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ជនជាតិ​ញូ​ហ្សេ​ឡែ​ន បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​បង្ក្រាប និង​បណ្តេញ​អ្នក​បឹងកក់​ចេញពី​វត្តភ្នំ ដោយសារ​ពួកគេ ធ្វើ​កូដកម្ម​អត់​អាហារ​។ អ្នក​បឹងកក់ បាន​អះអាងថា ពួកគេ​១០​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារ​សមត្ថកិច្ច​បាន​ប្រើ​ក្មេង​ទំនើង ឲ្យ​កប់​ដុំថ្ម វាយ និង​បាញ់​ជំ​ពាម​កៅស៊ូ​មកលើ​អ្នកធ្វើ​កូដកម្ម​។​​ពលរដ្ឋ​បឹងកក់ កញ្ញា សុង ស្រី​លាភ បាន​រៀបរាប់​នៅ​កន្លែង​ដាក់ពាក្យ​បណ្តឹង មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អ្នករងគ្រោះ សុំ​ដាក់ពាក្យ​ប្តឹង​មន្ត្រីនគរបាល ដែល​បាន​ដឹកនាំ​កម្លាំង​ឲ្យ ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ម្នាក់ ដែល​ធ្វើ​កូដកម្ម​អត់​អាហារ និង​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​នដោះលែង​អ្នកស្រី​យ៉ោ​ម បុប្ផា​ឲ្យ​បាន​ឆាប់រហ័ស ៖ “​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ ក៏​ដូច​បុរី​កីឡា គឺ​មក​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​ដំបូង ពី​បញ្ហា​ដែល​គេ​ប្រើស​ប្រាស់​អំពើហិង្សា ប៉ុនប៉ង​មនុស្សឃាត និង​ការបង្ក​របួសស្នាម ពី​អាជ្ញាធរ​កាលពី​ថ្ងៃទី​២២ នៅ​វត្តភ្នំ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ និង​ចាប់​ជនដៃដល់​ដាក់ពន្ធនាគារ​តាមច្បាប់ មួយទៀត​គឺ​ពួក​ខ្ញុំ​ផ្តោតទៅលើ រឿង​អ្នកស្រី​យ៉ោ​ម បុប្ផា ដែល ដោយសារ​តុលា​ការមិន​ឯករាជ្យ ដោយសារ​តុលាការ​គាត់​បក្ខពួកនិយម បានធ្វើ​ឲ្យ​អ្នកស្រី​យ៉ោ​ម បុប្ផា ជាប់ពន្ធនាគារ​អស់​ជាង​បួន​រយ​ថ្ងៃ​ហើយ​”​។​​អ្នកស្រី ស៊ី ហៀ​ប ជា​ម្តាយបង្កើត​របស់​អ្នកស្រី​ទេព វ​ន្នី ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ត្អូញត្អែរថា គាត់​តែងតែ​ឈឺក្បាល​ជាប់​រហូត ដោយសារ​របួស​ត្រង់​គល់​ច​ញ្ចើ​ម របស់​គ្រាប់​ជំ​ពាម ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ប្រើ កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា នៅ​វត្តភ្នំ ។ អ្នកស្រី​សំណូមពរ​ឲ្យ​តុលាការ​ឈរលើ​គោលការណ៍​ឯករាជ្យ ចាប់​ជនដៃដល់ មក​ផ្តន្ទាទោស​និង​សងជំងឺចិត្ត​ជួន​គាត់ ៖ “​ខ្ញុំ​ឆ្លង​ដើរកាត់​ថ្នល់ ឃើញ​ប៉ូលីស​មក ប៉ូលីស​ហើយ​មួយក្រុម​ទៀត​ស្លៀកពាក់​ស៊ីវិល ដល់​ខ្ញុំ​ឃើញ​អ​ញ្ជឹ​ង ពេល​ដើរមក​ជិត ខ្ញុំ​ក៏​ថយ ថយ​ឆ្លងថ្នល់ បាន​ពាក់កណ្តាល​ថ្នល់ ស្រាប់តែ​ងាកមើល​ប៉ូលីស​មកដល់​ត្រឹមណា​ហើយ អាង​ខ្ញុំ​រត់​ទៀត ស្រាប់តែ​ងាកមើល​ប៉ាំង​តែម្តងស្រាប់តែ​ត្រូវតែ​ម្តង ខ្ញុំ​មើល​អ្វី​លែងឃើញ ហើយ​ធ្លាក់ឈាម​ច្រើនពេក ខ្ញុំ​ព្រិល​ភ្នែក​មើល​អ្វី​លែងឃើញ​ហើយ បាន​គេ​គ្រា​ខ្ញុំ​រត់​”​។​​តាម​ពាក្យបណ្តឹង​របស់​ពលរ​ដ្ឋ​រងគ្រោះ ពួកគេ​បាន​ប្តឹង​អភិបាលរង​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា មន្ត្រីក្រុមប្រឹក្សា​សាលាខណ្ឌ​ដូនពេញ លោកស្រី ពេ​ជ្យ សុជាតា និង​អធិការរង​នគរបាល​ខណ្ឌដូនពេញ លោក សៅ ណុល រួមទាំង​បក្សពួក​ដែលជា​កងកម្លាំង​ចម្រុះ​ដែលមាន​ឯកសណ្ឋាន និង​សំលៀកបំពាក់​ស៊ីវិល ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ហិង្សា​ដោយ​ចេតនា​។​​ មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណន អូ​នី ដែល​តាមដាន​កណី​នេះ យល់ថា អំពើហិង្សា​របស់​សមត្ថ​កិច្ច ដោយសារ​គុំ​គួ​ន​នឹង​អ្នកភូមិ​ដែល​ចេញ​ទាមទារ​យុត្តិធម៌​រឿង​ជម្លោះដីធ្លី​កន្លងមក ៖ “​ខ្ញុំ​ដល់ពេលនេះ ខ្ញុំ​ដូចជា​អត់​ទាន់​បានឃើញ ការចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​របស់​ខាង​សមត្ថកិច្ច​ទេ ការមិន​រវីរវល់​ចំពោះ​ភារកិច្ច​របស់ខ្លួន​នោះ​ហើយ បានជា​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​”​។​​មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​នោះ តែ​ក្រុម​ជនរងគ្រោះ​បាន​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ចំណាត់ការ​នេះ​។​​ចំណែក​អ្នកទទួល​ស័ព្ទ​របស់​អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ អះអាងថា ម្ចាស់​ទូរស័ព្ទ​រវល់​ប្រជុំ​។ រីឯ​មន្ត្រី​មួយចំនួនទៀត​រង​បណ្តឹង​នោះ​មិនទាន់​អាចទាក់ទង​បានទេ​។​អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣៕