-
ព្រះសង្ឃបិណ្ឌបាតពីលោក ហ៊ុន សែន ដើម្បីឲ្យអាជ្ញាធរបញ្ឈប់គំរាមកំហែងតាមវត្ត
- Issue Date 15-Oct-2013
បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បិណ្ឌបាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ជាទៅអាជ្ញាធរឲ្យបញ្ឈប់ការគំរាមកំហែងព្រះសង្ឃនៅតាមវត្ត បន្ទាប់ពីព្រះសង្ឃចូលរួមសកម្មភាពសង្គម។ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែតុលានេះ ព្រះអង្គ ប៊ុត ប៊ុនតេង មានថេរដីកាថា បើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តដាក់ប៉ូលិស ឃ្លាំមើលព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងរាជធានី-ខេត្ត គំរាមព្រះសង្ឃមិនឲ្យចូលរួមក្នុងការសម្តែងមតិផ្សេងៗទាក់ទងនឹងរឿងអយុត្តិធម៌សង្គមនោះ ធ្វើឲ្យកម្ពុជាទទួលរងការអាប់ឱន និងជាប់គាំនយោបាយបន្តទៀត ៖ "អត្មាសុំបិណ្ឌបាតឲ្យចម្រើនពរជាអនុសាសន៍ គួរតែបញ្ឈប់ការគំរាមកំហែងមកដល់ព្រះសង្ឃ ពីព្រោះការជាប់គាំងនយោបាយនេះហើយ ដែលធ្វើឲ្យមានការគំរាមកំហែងដល់ព្រះសង្ឃ បើសិនជាមានការជាប់គាំងនយោបាយហើយមានការគំរាមកំហែងព្រះសង្ឃ និងធ្វើឲ្យមានលទ្ធផលអាក្រក់បីយ៉ាង លទ្ធផលអាក្រក់ទីមួយ រដ្ឋាភិបាលបាលនឹងសំអុយជាតិខ្លួនឯងចោល លទ្ធផលទីពីរ រដ្ឋាភិបាលនឹងធ្វើឲ្យបាត់បង់តម្លៃប្រទេសរបស់ខ្លួន លទ្ធផលទីបី រដ្ឋាភិបាលធ្វើឲ្យប្រជាជនមានជម្លោះពាក្យសម្តីរវាងបក្សមួយទៅបក្សមួយ"។ព្រះអង្គ ប៊ុត ប៊ុនតេង ឲ្យដឹងថា បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៣ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនព្រះសង្ឃដែលត្រូវបានគេគំរាមកំហែង ដោយសារការចូលរួមបញ្ចេញមតិស្របច្បាប់ជាដើម។ បច្ចុប្បន្ននេះ មានសមាជិក ជាព្រះសង្ឃ ៣ពាន់អង្គ មកពីបណ្តាខេត្តចំនួន៤ គឺខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ។សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ព្រះសង្ឃមានសិទ្ធិដូចនិងប្រជាពលរដ្ឋធម្មតាដែរ ក្នុងការសម្តែងមតិ តែត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់។ លោកបញ្ជាក់ថា រដ្ឋាភិបាល ដាក់ប៉ូលិសឃ្លាំមើលព្រះសង្ឃចូលរួមសម្តែងមតិផ្សេងៗ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសង្គម ៖ "ព្រះសង្ឃក៏ជាពលរដ្ឋដែរ ហើយអញ្ចឹងលោកមានសិទ្ធិ ប៉ុន្តែគ្រាន់តែថារាជរដ្ឋាភិបាល លោកធ្វើទៅតាមបទបញ្ជា ទៅតាមតួនាទីនិងភារកិច្ចរបស់លោក ដែលច្បាប់បានប្រគល់ឲ្យ ហើយនិងធ្វើយ៉ាងណាដើម្បីថែរក្សា និងការពារ នូវសុវត្ថិភាព សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាហ្នឹងខ្ញុំគ្រាន់តែជម្រាប់ប៉ុណ្ណឹងទេ រាជរដ្ឋាភិបាលលោកបានរៀបចំទៅតាមអ្វីដែលមានចែងក្នុងច្បាប់ដែលបានប្រគល់ឲ្យលោក"។ការបិណ្ឌបាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមសមត្ថកិច្ច បានចុះទៅឡោមព័ទ្ធកុដិមួយចំនួននៅវត្តបទុមវត្តី រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៩ ខែតុលានេះ ដោយមិនប្រាប់ពីមូលហេតុ ធ្វើឲ្យព្រះសង្ឃមានការភ័យខ្លាច។ សមត្ថកិច្ចបានរកព្រះសង្ឃមួយអង្គ ព្រះនាម ងីម សៅរ៍សំខាន់ ដែលធ្លាប់ចូលរួមធ្វើមហាបាតុកម្ម គាំទ្រគណបក្សសង្គ្រោះជាតិ និងចលនាទាមទារយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យមួយកន្លងមក។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដាក់ប៉ូលិសឃ្លាំមើលព្រះសង្ឃនៅតាមទីវត្តអារាម និងការគំរាមកំហែងព្រះសង្ឃមិនឲ្យចូលរួមសម្តែងមតិ ដើម្បីសន្តិភាពសង្គម គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣៕