• អង្គការព័ត៌មាន និងសង្គមស៊ីវិលអំពាវនាវ​ឲ្យរដ្ឋាភិបាលគោរព សេរីភាពពលរដ្ឋ និងអ្នកសារព័ត៌មាន

    • Issue Date 16-Oct-2013

    អង្គការ​ព័ត៌មាន​ក្នុង និង​ក្រៅ​ស្រុក និង​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធានា​ការគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​ទទួលបាន​ព័ត៌មាន សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញការងារ​របស់គេ​។​​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​៩ ខែតុលា និង​ចេញផ្សាយ​នៅថ្ងៃនេះ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) រួមជាមួយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​(CIMS) សម្ព័ន្ធ​អ្នកសារព័ត៌មាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​(SEAPA) អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ខុមហ្វ្រែល​(Comfrel) ឲ្យ​ដឹងថា នៅក្នុង​ស្ថានភាព​នយោបាយ​មិន​ច្បាស់លាស់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ត្រូវការ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត និង​ឯករាជ្យ ដើម្បី​ឲ្យ​ពួកគាត់​អាចធ្វើ​សេចក្តីសម្រេចចិត្ត​។​​សេចក្តីថ្លែងការណ៍​រួម បាន​លើកទ្បើង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ ទៅលើ​សកម្មជន​ដីធ្លី​ដែល​ធ្វើ​កូដកម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ ដែល​បណ្តាល​ឲ្យ​ពួកគាត់ និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រងរបួស​។​​សេចក្តីថ្លែងការណ៍ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន ដើម្បី​ឲ្យ​បណ្តាញសារព័ត៌មាន​ទាំងអស់​អាច​រាយការណ៍​គ្រប់​រឿង​ទាំងអស់ ក្នុង​អំ​ទ្បុ​ង និង​ក្រោយ​ការបោះឆ្នោត​។​​អង្គការ​ព័ត៌មាន និង​សង្គម​ស៊ីវិល ក៏​អំពាវនាវ​ឲ្យ​ឥស្សរជន​នយោបាយ​លើកកម្ពស់​វិន័យ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​បំពេញការងារ​ក្នុងការ​ថែរក្សា​សន្តិភាព​។​​សេចក្តីថ្លែងការណ៍​រួម ក៏​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​កិច្ចការពារ​ដល់​អ្នកសារព័ត៌មាន ដែល​រាយការណ៍​ព័ត៌មាន​ក្រោយ​ការបោះឆ្នោត​ផងដែរ​។​VOD មិនអាច​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​បាន​នៅ​ទ្បើ​យ​ទេ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣៕