• គណបក្សសង្គ្រោះជាតិ ជម្រាបជូន​សាលា​រាជធានីភ្នំពេញពីគម្រោង មហាបាតុកម្ម​នៅថ្ងៃទី២៣តុលា

    • Issue Date 17-Oct-2013

    គណបកស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានដាក់​លិខិត​ទៅ​សាលា​រា​ធានី​ភ្នំពេញ ដើម្បី​ជម្រាប​ពី​គម្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា​រយៈពេល​៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ ជួយ​អន្តរាគមន៍​ពី​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។​​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​១៦​ខែតុលា ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​បាតុកម្មអហិង្សា ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៥​ខែតុលា ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ។ លិខិត​បន្តថា មហា​បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព និង​អនុវត្ត​ឲ្យ​ពេញលេញ តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំង​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធមនុស្ស​។​​ក្នុង​មហា​បាតុកម្ម​នោះ គណ​កប្ស​សង្គ្រោះ​ជាតិ នឹង​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​អង្គ ការ សហប្រជាជាតិ តាមរយៈ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា និង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​ដូចជា បារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និង​ស្ថានទូត​អូស្ត្រាលី​។ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មានការ​ដង្ហែ​ញ្ញត្តិ ក្រុមបាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​សម្ដែង​មតិ សម្ដែង​សិល្បៈ ច្រៀង​និង​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ដោយ​ការ​អង្គុយ​ស្ងៀមស្ងាត់​។​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា មហា​បាតុកម្ម​នោះ នឹងមាន​អ្នកចូលរួម​ដល់​ទៅ​រាប់ម៉ឺន​នាក់​។​​កន្លងទៅ លោក សម រង្ស៊ី ធ្លាប់​ព្រមាន​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ លោក​នឹង​អំពាវនាវ​ទៅកាន់​កម្មករ​រោងចក្រ មន្ដ្រីរាជការ និង​អាជីវករ ឲ្យ​ពួកគាត់​ឈប់​ធ្វើការ​មួយថ្ងៃ ហើយនឹង​ធ្វើបាតុកម្ម​ទូទាំង ប្រទេស​។​​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាសថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លែង​មានន័យ​ហើយ ដោយសារ​លោក សម រង្ស៊ី ប្រធាន​គណបក្ស បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ទទួលស្គាល់​លោក ជា​នាយករដ្ឋមន្ត្រី រួចទៅហើយ​។​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​បាតុកម្ម ព្រោះ​ការតវ៉ា​នេះ ប៉ះពាល់​ដល់​សន្តិសុខ និង​បង្ក​ការលំបាក​ជាច្រើន​។ លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ត្រូវការ​ការទទួល​ស្គា​ល់ពី​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ទេ គឺ​គ្រាន់តែ​ទទួលស្គាល់​ដោយ​ព្រះមហាក្សត្រ​បាន​ហើយ​។​​គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​មហា​បាតុកម្ម​ចំនួន​ពីរលើក​រួចមកហើយ គឺ​នៅ​ថ្ងៃទី​០៧​ខែ កញ្ញា និង​លើក​ទី​ពីរ កាលពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៧​ខែកញ្ញា​។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣៕