-
បណ្ដាញពហុវិស័យរក្សាជំហរធ្វើសមាជប្រជាជន នៅថ្ងៃទី២១ ខែតុលា
- Issue Date 18-Oct-2013
បណ្ដាញពហុវិស័យ ដែលជាបណ្តុំនៃសហគមន៍ពលរដ្ឋ រក្សាជំហរធ្វើសមាជប្រជាជន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដើម្បីឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរដោះស្រាយតម្រូវការរបស់ពលរដ្ឋ។ក្នុងសន្និសីទសារព័ត៌មានរបស់បណ្តាញពហុវិស័យ នៅថ្ងៃព្រហស្បតិ៍នេះ នៅរាជធានីភ្នំពេញ តំណាងមណ្ឌលព័ត៌មានកម្មករនៃបណ្តាញពហុវិស័យ អ្នកស្រី គឹម រ៉ាឌី ថ្លែងថា ក្នុងករណីអាជ្ញាធរមិនអនុញ្ញាត ពួកគាត់នៅតែរក្សាជំហធ្វើសមាជដដែល។ អ្នកស្រី បន្តថា លិខិតជូនដំណឹងរបស់បណ្តាញពហុវិស័យត្រូវបានសាលារាជធានីភ្នំពេញ បញ្ជូនទៅក្រសួងមហាផ្ទៃជាអ្នកសម្រេច។ ប្រធានបទនៃសមាជ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ អំណាចនីតិបញ្ញាត្តិ នីតិប្រតិបត្តិ ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ ស្ត្រីក្នុងវិស័យនយោបាយ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាដើម។តំណាងបណ្តាញពហុវិស័យ លោក ហេង សុជាតិ ឲ្យដឹងថា បណ្ដាញពហុវិស័យបានអញ្ជើញតំណាងមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតនៅរដ្ឋសភា ដើម្បីមកស្ដាប់មតិ និងតម្រូវការរបស់ពលរដ្ឋ នៅរសៀលថ្ងៃទី២១ ខែតុលា ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ខ្លួនមិនទាន់ទទួលបានចម្លើយពីខាងគណបក្សណាមួយនៅឡើយ។ លោកថា ប្រសិនបើគណបក្សណាមួយមិនមកចូលរួម បន្ទាប់ពីចប់សមាជ ពលរដ្ឋនឹងដង្ហែញត្តិទៅដាក់នៅទីស្នាក់ការរបស់គណបក្សនោះ ទោះបីជាគ្មានការអនុញ្ញាតឲ្យមានការដង្ហែក្បួនក៏ដោយ។ បណ្ដាញនេសាទបឹងទន្លេសាប លោក ស៊ឹម បញ្ញា មកពីខេត្តកំពង់ឆ្នាំង ថ្លែងថា បណ្ដាញពហុវិស័យព្រួយបារម្ភពីការប៉ះទង្កិចគ្នារវាងពលរដ្ឋ និង សមត្ថកិច្ច។ ប៉ុន្តែ លោកអះអាងថា ពលរដ្ឋនឹងមិនប្រើហិង្សាជាដាច់ខាត។បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក ហូរ វ៉ាន់ ឲ្យដឹងថា លោកមិនទាន់ទទួលដំណឹងពីសមាជនោះនៅឡើយទេ ប៉ុន្តែលោកថា គណបក្សចូលរួមរាល់កម្មវិធីរបស់ពលរដ្ឋ ៖ "ធម្មតាយើងគ្មានហេតុផលអីមិនចូលរួមទេ ខ្ញុំនិយាយជារួមអញ្ចេះចោះ ព្រោះសូម្បីតែត្រូវជជែកជាមួយគណបក្សប្រជាជន ក៏គេជែកដែរ គ្មានអីគេមិនចូលរួមទេ ព្រោះហេតុអីបានចឹង យើងដែលខិតខំរាល់ថ្ងៃដើម្បីអីដើម្បីដោះស្រាយបញ្ហា ភារកិច្ចយើងអត់មានឲ្យជាប់គាំងទេ ប៉ុន្ដែរាជរដ្ឋាភិបាលទេ ដែលបង្កើតរឿងឲ្យជាប់គាំងនោះ" ។ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងថា ប្រសិនបើមានលិខិតដាក់មកខាងគណបក្ស ដោយបញ្ជាក់ពីមូលហេតុច្បាស់ គណបក្សនឹងពិនិត្យ៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣៕