• សមត្ថកិច្ច បំបែកក្រុមយុវជនស្ម័គ្រចិត្ត ដែល ទាមទារយុត្តិធម៌ជូនជនរងគ្រោះនៅស្ពានក្បាលថ្នល់

    • Issue Date 18-Oct-2013

    កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើមបំបែកការជួបជុំក្រុមយុវជនស្ម័គ្រចិត្តនៅវត្តភ្នំ ខណៈយុវជនទាំងនោះគ្រោងធ្វើ​សកម្មភាព​ដង្ហែញត្តិរកយុត្តិធម៌ដល់ជនរងគ្រោះនៅលើស្ពានក្បាលថ្នល់។ក្រុមយុវជនស្ម័គ្រចិត្តជាង១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ វេលាម៉ោង៨ ចាប់ផ្តើមសកម្មភាពដង្ហែញត្តិទៅតុលាការ តាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌ជូនជនរងគ្រោះ​នៅស្ពានក្បាលថ្នល់ ដែលបានស្លាប់ និងរងរបួស កាលពីខែកញ្ញា ដោយសារការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច។ក្រុមយុវជនដែលមកពីគ្រប់មជ្ឈដ្ឋានបានជួបជុំ​គ្នា​នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ ទៅដាក់សាលារាជធានីភ្នំពេញ។នៅម៉ោងវេលាម៉ោងជិត៩ព្រឹក កម្លាំងសមត្ថកិច្ច បានប្រតិបត្តិការបំបែកក្រុមយុវជនទាំងនោះ។ ការប្រមូលផ្តុំនោះ សហគមន៍ដីធ្លី អ្នកបឹងកក់ក៏មានវត្តមាននៅទីនោះដែរ។ កម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយប្រជាសហគមន៍បឹងកក់ផងដែរ។កាលពីថ្ងៃទី១៥ខែតុលាកន្លងទៅ ប្រជាពលរដ្ឋ និង កម្លាំងប្រដាប់អាវុធរួមមានកងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នារួមទាំងមានផ្ទុះអាវុធទៀតផង។ក្នុងការប៉ះ​ទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមនឹងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធមួយចំនួនបានរងរបួសហើយសមត្ថកិច្ច​បានចាប់មនុស្ស ៦នាក់ឃុំខ្លួន។ការប៉ះទង្គិចនេះ បានកើតឡើងចំថ្ងៃទីមួយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល​បោះឆ្នោតនីតិកាលទី៥។សាលារាជធានីភ្នំពេញ បានបដិសេធសំណើរការជួបជុំរបស់ក្រុមយុវជនជួបជុំ និងដង្ហែញត្តិទាមទារយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់នៅស្ពានក្បាលថ្នល់ដោយអះអាងថា ស្នើសុំយឺតពេល។ក្រុមយុវជនស្ម័គ្រចិត្តនេះ បានដាក់សំណើកាលពីថ្ងៃទី១១ ខែតុលា តែសាលារាជធានីភ្នំពេញ បានបញ្ជូនត្រឡប់មកវិញ ដោយហេតុថា ខុសបែបបទរដ្ឋបាល។នៅថ្ងៃទី១៦តុលាក្រុមយុវជនស្ម័គ្រចិត្តនេះ ដាក់សំណើម្តងទៀត តែសាលារាជធានីភ្នំពេញ នៅតែបដិសេធអនុញ្ញាតឲ្យមានការការជួបជុំ និងហែក្បួននេះ។តែក្រុមយុវជនស្ម័គ្រចិត្ត ប្រកាសថា នៅតែរក្សាជំហរទាមទារឲ្យគោរពសិទ្ធិមនុស្ស និងដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ទៅដាក់សាលារាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែតុលានេះ។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣៕