-
គណបក្សសង្គ្រោះជាតិ ច្រានចោលបម្រាម របស់ក្រសួងមហាផ្ទៃ
- Issue Date 22-Oct-2013
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ច្រានចោលលិខិតក្រសួងមហាផ្ទៃ ដែលបានកំណត់ចំនួនបាតុករ និងមិនអនុញ្ញាតឲ្យមានការដើរដង្ហែក្បួនដាក់ញត្តិនៅតាមស្ថាប័នពាក់ព័ន្ធ ក្នុងអំទ្បុងមហាបាតុកម្មលើកទី៣ ដែលគណបក្សនឹងធ្វើពីថ្ងៃពុធ ដល់ ថ្ងៃសុក្រសប្តាហ៍នេះ។ការច្រានចោលនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃចន្ទម្សិលមិញ បានផ្ញើលិខិតឲ្យអភិបាលរាជធានីភ្នំពេញ ថា ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម តែកំណត់ចំនួនអ្នកចូលរួមមិនលើស១ម៉ឺននាក់ ហើយមិនអនុញ្ញាតឲ្យបោះតង់ ឬសង់រោងស្នាក់នៅលើទីលានប្រជាធិបតេយ្យ និងដើរដង្ហែក្បួនទ្បើយ។ លិខិតបន្តថា គណបក្សនេះត្រូវទទួលខុសត្រូវចំពោះសន្តិសុខសណ្តាប់ធ្នាប់អ្នកចូលរួម មិនឲ្យមានបញ្ហាដូចកាលពីបាតុកម្មលើកទី១ កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣។ ក្រសួងក៏ស្នើឲ្យគណបក្សចាត់តំណាងយកញត្តិ ទៅដាក់នៅស្ថាប័នពាក់ព័ន្ធ។អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថា គណបក្សមិនអាចទទួលយកតាមការកំណត់របស់ក្រសួងមហាផ្ទៃបានទេ ព្រោះការកំណត់នេះខុសទៅនឹងច្បាប់បាតុកម្ម-កូដកម្ម។ លោកថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងពិចារណាឡើងវិញ ហើយគណបក្សនៅតែប្រកាន់ជំហររបស់ខ្លួន ៖ "ច្បាប់ដែលមានជាធរមាន ហើយដែលយើងធ្វើបាតុកម្មដោយអហិង្សានេះ គឺត្រូវតែបានការជួយឃុំគ្រង និងការជួយលើកតម្កើង មិនមែនជាការបដិសេធ មិនឲ្យរបៀបនេះទេ បានដូច្នេះគណបក្សសង្គ្រោះជាតិនៅតែទទូចហើយទទូចទៀត មិនអាចធ្វើតាមលិខិតដ៏អវិជ្ជមាន និងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ឫក៏ម្ចាស់ឆ្នោត ឫក៏គណបក្សបែបនេះ យើងអត់អាចទទួលយកបានទេបាទ"។លោកបញ្ជាក់ថា គណបក្សរំពឹងថា ប្រជាពលរដ្ឋដែលនឹងមកចូលរួមបាតុកម្ម មានចំនួនចន្លោះពី២ម៉ឺននាក់ ទៅ៤ម៉ឺននាក់។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើបាតុកម្មដោយអហិង្សា មានចែងក្នុងច្បាប់ធ្វើបាតុកម្ម-កូដកម្ម បើលើសពី២០០នាក់ ត្រូវជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ តែមិនមែនសុំច្បាប់នោះទេ។ លោកថា អាជ្ញាធរជាអ្នកការពារសន្តិសុខសណ្តាប់ធ្នាប់ ហើយក្រសួងមហាផ្ទៃមិនគួរកំណត់ចំនួនអ្នកចូលរួមទេ ព្រោះការកំណត់នេះមិនមានចែងក្នុងច្បាប់ ៖ "ប៉ុន្ដែសំខាន់ បើសិនជាការដង្ហែក្បួនវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឫក៏ធ្វើឲ្យស្ទះចរាចរណ៍ អាហ្នឹងគឺយើងអាចធ្វើទៅផ្លូវណាដែលអាចទៅបាន ពីព្រោះខ្ញុំឃើញមួយគំនរនៅទីក្រុងភ្នំពេញ ផ្លូវហ្នឹងសឹងរាល់ថ្ងៃផង ប៉ុន្ដែហេតុអីបិទបាន ហើយគ្រាន់តែមហាបាតុកម្មដង្ហែក្បួន មួយព្រឹក ឫក៏មួយម៉ោងពីរម៉ោងទេ វាអាចប៉ះពាល់អី"។គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ឲ្យបានជាង៣លាននាក់ ដើម្បីដាក់ញត្តិទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន តាមរយៈតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឲ្យដោះស្រាយបញ្ហាបោះឆ្នោត កាលពីចុងខែកក្កដា ឆ្នាំនេះ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣៕