• CNRP ដាក់​ញត្តិ​ពលរដ្ឋ​ជូន​លោក បាន គី​មូ​ន ដើម្បី​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា​

    • Issue Date 23-Oct-2013

    គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។​​លិខិត​ចុះហត្ថលេខា​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ថ្ងៃទី​២៣ ខែតុលា អមដោយ​ញត្តិ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង ២​លាន ផ្ញើជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ឲ្យ​ដឹងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ មិនបាន​អនុវត្តតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​នោះឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​។​​លិខិត​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ឯក​បក្ស ដោយបាន​រំលោភ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ និង​ប្រាសចាក​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ត្រូវបាន​ធានា​ដោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែលជា​សញ្ញាណ​មួយ​នាំ​ប្រទេស​កម្ពុជា ទៅរក​ការដឹកនាំ​ដោយ​គណបក្ស​តែមួយ​សាជាថ្មី​។​​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មកហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជូន​ម្ចាស់ឆ្នោត​។ ប៉ុន្តែ​ដោយសារ​មិនមាន​ដំណោះស្រាយ គណបក្សប្រឆាំង​សម្រេច​ធ្វើបាតុកម្ម​អហិង្សា​លើក​ទី​៣ ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែតុលា ដើម្បី​សុំ​ឲ្យ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយចំនួនទៀត ជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣៕