• និស្សិត​និងសាស្ត្រាចារ្យ​ប្រតិកម្មនឹងវិទ្យុអេប៊ីស៊ី ដែលអំពាវឲ្យកុំឲ្យនិយាយរឿងនយោបាយ

    • Issue Date 25-Oct-2013

    ក្រុមនិស្សិត​និង​សាស្ត្រាចារ្យ​មួយចំនួន នៅតាម​សាកលវិទ្យាល័យ ប្រតិកម្ម​ចំពោះ ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី ដែល​អំពាវនាវ​ឲ្យ​និស្សិត រាយការណ៍​ទៅ​វិទ្យុ​នេះ​របស់​អាចារ្យ​អេ​ភ្លាម ប្រសិនបើ​និស្សិត ឬ​លោកគ្រូ​អ្នកគ្រូ​ណា​និយាយ​ទាក់ទង​នឹង​រឿង​នយោបាយ​។​​បុគ្គលិក​ម្នាក់​របស់​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី បាន​និយាយ​ក្នុងពេល​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែតុលា​នេះ​ថា​លោក សេង ប៊ុន​វ៉េង ម្ចាស់​ស្ថា​នី​វិទ្យុ​អេ​ប៊ី​ស៊ី ដែលមាន​ឈ្មោះ​ក្រៅ​អាចារ្យ​អេ​នោះ បាន​អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ទូរស័ព្ទ​មកកាន់​ស្ថានីយ​វិទ្យុ​នេះ ប្រសិនបើ​មាន​គ្រូបង្រៀន​ណា បញ្ចេញ​ទស្សនៈ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​អាចារ្យ​អេ​នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ត្រួតពិនិត្យ​។​​និស្សិត​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា លោក ទុយ ស៊ី​ធាង មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​និស្សិត​មួយរូប លោក​មិន​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់​ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី​នេះ​ទេ ព្រោះ​ប្រទេស​កម្ពុជា​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​។ ផ្ទុយទៅវិញ​លោក​អំពាវនាវ​ឲ្យ​ក្រុមនិស្សិត ក៏ដូចជា​យុវជន​ទាំងអស់​ក្រោកឈរឡើង និង​ចូលរួម​យល់ដឹង​រឿង​នយោបាយ ដើម្បី​ជួយ​ប្រទេសជាតិ។និស្សិត ទុយ ស៊ី​ធាង ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ចំពោះ​ស្ថានីយ​វិទ្យុ​ណា​ដែល​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់ចុះ​។​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ខេមរៈ សុំ​មិន​បញ្ចេញ​ឈ្មោះ មានប្រសាសន៍ថា សម្តី​របស់​អាចារ្យ​អេ គឺ​មិន​ត្រឹមត្រូវ​ទេ មានតែ​ពួក​កុម្មុយនីស្ត​ទេ ដែល​រាយការណ៍​ទៅ​ថ្នាក់លើ​បែបនេះ​។ លោក​សំណូមពរ​ឲ្យ​ក្រុមនិស្សិត​ទាំងអស់ ត្រូវ​សម្រេចចិត្ត​តាម​ឆន្ទៈ​របស់ខ្លួន ព្រោះ​ពួកគេ​ជាសរ​សរ​ទ្រូង​ប្រទេសជាតិ ដែល​ត្រូវ​ចូលរួម​ក្នុង​ឆាកនយោបាយ។​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុង ឈុន មានប្រសាសន៍ថា មិនមាន​អ្វី​ចម្លែក​ទេ​ដែល​អាចារ្យ​អេ អំពាវនាវ​ដដែលៗ​ប្រឆាំងនឹង​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នោះ ដោយ​លោក​ចាត់ទុក​បុរស​ម្នាក់នេះ​ថា ជា​មនុស្ស​បំពុលសង្គម។​ម្ចាស់​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី​លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ មិនបាន​ទទួល​ទូរ​ស័​ទ្ទទេ តែ​ជំនួយការ​របស់លោក ជា​អ្នកទទួល អះអាងថា អាចារ្យ​អេ​មិន​និយាយ​ទូរស័ព្ទ​។ ចំណែក​បុគ្គលិក​ទាំងនោះ មិន​ហ៊ាន​បកស្រាយ​លើ​បញ្ហា​នេះ​ទេ​។​​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោតជាតិ អាចារ្យ​អេ អត្ថាធិប្បាយ​តាម​វិទ្យុ​របស់ខ្លួន​ថា កងយោធពល​ខេមរភូមិន្ទ​នឹងធ្វើ​រដ្ឋប្រហារ ប្រសិនបើ​លោក​សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង​ឈ្នេះ​ឆ្នោត​នោះ​។ ក្រោយមក​គ​.​ជ​.​ប បានស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្អាក​ការផ្សាយ​របស់​វិទ្យុ​នេះ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​អាចារ្យ​អេ ពីបទ​ព្រហ្មទណ្ឌ​ទៅ​តុលាការ ប៉ុន្តែ​តុលាការ​មិនទាន់​ចាត់ការ​បណ្តឹង​នោះទេ​។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣៕