-
កម្ពុជានឹងដាក់របាយការណ៍ស្ដីពីសិទ្ធិមនុស្សទៅអ.ស.បនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣
- Issue Date 27-Oct-2013
រដ្ឋាភិបាលបានសន្យាថា នឹងដាក់របាយការណ៍ស្ដីពីសិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិ (អ.ស.ប) នៅដើមសប្ដាហ៍ខាងមុខនេះ។ ទន្ទឹមនឹងនេះ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវរងការស្ដីបន្ទោសពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា រដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្សក្នុងដំណាក់កាលចុងក្រោយនេះ ដែលគួរមានការកែទម្រង់ឲ្យបានប្រសើរជាងបច្ចុប្បន្ន។របាយការណ៍ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ សប្ដាហ៍នេះ សរសេរថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់របាយការណ៍របស់ខ្លួនជាលើកទីពីរទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ តុលា ខាងមុខនេះ។បើទោះជាបែបណា អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ចាត់ទុកថា រដ្ឋាភិបាលនៅតែមានភាពព្រងើយកន្តើយក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ដូចការសន្យារបស់ខ្លួននៅឡើយ។លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ គិតថា រដ្ឋាភិបាលហាក់អនុវត្តបានតិចតួចអំពីការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សនេះ។ លោកបន្តថា ការខកខានក្នុងការអនុវត្តធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូចការសន្យា នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ ដែលរដ្ឋាភិបាលបានធានា និងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនេះ៖ «សិទ្ធិមួយទៀតដែលយើងមិនបានគោរពហើយ គឺជាសិទ្ធិដាច់ខាតដែរ ហើយខ្វះខាតទាំងស្រុងតែម្ដង គឺសិទ្ធិកាត់ទោសដោយតុលាការឯករាជ្យ ឥតលម្អៀង និងមានសមត្ថភាព និងបង្កើតដោយច្បាប់។ យើងឥតទាន់មានបង្កើតអីបានស្រួលបួលហ្នឹងទេ»។លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បដិសេធក្នុងការផ្ដល់សេចក្ដីលម្អិតអំពីរបាយការណ៍នេះ ដោយលោកអះអាងថា នឹងមិនទម្លាយព័ត៌មានណាមួយតាមទូរស័ព្ទ អំពីសេចក្ដីព្រាងនៃរបាយការណ៍នេះឡើយ៖ «សុំទោសខ្ញុំមិនផ្ដល់សម្ភាសតាមទូរស័ព្ទទេបាទ»។ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាល ក៏ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗដែរ នៅថ្ងៃទី២៦ ខែតុលា។នៅរៀងរាល់បួនឆ្នាំកន្លះម្ដង រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង ១៩៣ប្រទេស ក្នុងនោះមានប្រទេសកម្ពុជា ផង ត្រូវធ្វើរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យ ហើយអនុញ្ញាតឲ្យប្រទេសជាសាមីឡើងការពាររបាយការណ៍របស់ខ្លួន។ នេះជាលើកទីពីរហើយដែលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់របាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។កាលពីខែសីហា ឆ្នាំ២០០៩ កន្លងទៅ កម្ពុជា ក៏ធ្លាប់បានធ្វើសេចក្ដីព្រាងនៃរបាយការណ៍អំពីសិទ្ធិមនុស្សនេះម្ដងដែរ។អង្គការសង្គមស៊ីវិល ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានខកខានម្ដងជាពីរដង អំពីការសន្យារបស់ខ្លួនក្នុងការធ្វើរបាយការណ៍នេះ ដាក់ជូនអង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះ រដ្ឋាភិបាលមានភាពព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សថែមទៀត៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA)ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣៕