-
អាជ្ញាធរខេត្តព្រៃវែងបើកឲ្យមានវេទិកាសាធារណៈលើកដំបូង
- Issue Date 29-Oct-2013
មន្ត្រីក្រុមប្រឹក្សាស្រុក និងមន្ត្រីក្រុមប្រឹក្សាឃុំ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី២៨ តុលា បានរៀបចំចាត់ឲ្យមានវេទិកាសាធារណៈឲ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់បញ្ហាផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន។ អាជ្ញាធរ ឲ្យដឹងថា វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។វេទិកាសាធារណៈនេះ រៀបចំឡើងនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយបញ្ហាដែលលើកឡើងជាសំខាន់ គឺបញ្ហាកសិកម្ម និងសុខាភិបាល។មន្ត្រីក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា វេទិកានេះបានរៀបចំចាត់ឲ្យមានការសួរឆ្លើយរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោយមានមន្ត្រីក្រុមប្រឹក្សាឃុំជាអ្នកសម្របសម្រួលកម្មវិធី ក្នុងរយៈពេលប្រមាណជិត ២ម៉ោង។ជំទប់ទី១ ឃុំជៃកំពត លោក អ៊ុំ ឡាច មានប្រសាសន៍នៅថ្ងៃទី២៨ តុលា ថា អាជ្ញាធរដែលចូលរួមសម្រាប់ឆ្លើយសំណួរប្រជាពលរដ្ឋ រួមមាន មេឃុំ មន្ត្រីប៉ូលិស មន្ត្រីពេទ្យមណ្ឌលសុខភាព និងនាយកសាលាក្នុងឃុំ។ លោកថា បញ្ហាដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកាភាគច្រើន ជាបញ្ហាទុក្ខលំបាកជាក់ស្ដែងរបស់អ្នកភូមិ៖ «បញ្ហាទី១ ជួបប្រទះផ្នែកខាងកសិកម្ម ទឹកជំនន់អីហ្នឹង។ បញ្ហាទី២ ទុក្ខកង្វល់របស់ពួកគាត់ បញ្ហាទំនាស់ផ្សេងៗ ដូចជារឿងប្លង់ដីមិនទាន់ធ្លាក់។ បញ្ហាទី៣ បញ្ហាដែលការងារសុខាភិបាល។ បញ្ហាទី៤ ផ្នែកខាងទំនាស់ដីធ្លី។ បញ្ហាទី៥ រឿងអំពើហិង្សា។ បញ្ហាទី៦ រឿងបញ្ហាដាំដើមឈើតាមមូលដ្ឋានតាមដីនីមួយៗបញ្ហាអស់ហ្នឹង»។លោក អ៊ុំ ឡាច បន្តថា បន្ទាប់ពីទទួលបានបញ្ហាហើយ តម្រូវឲ្យអាជ្ញាធរដែលមានការពាក់ព័ន្ធឡើងឆ្លើយសំណួរ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋភ្លាមៗ។ លោកថា ចំពោះបញ្ហាណាដែលអាជ្ញាធរដោះស្រាយមិនចេញ នឹងនាំបញ្ហាទាំងនោះបញ្ជូនទៅឲ្យថ្នាក់លើជួយដោះស្រាយបន្ត។កម្មវិធីវេទិកាសាធារណៈនេះ រៀបចំឡើងលើកទី១ នៅភូមិជៃកំពត ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងឃុំជៃកំពត ចូលរួមប្រមាណជាង ១០០នាក់ ក្នុងនោះរួមមាន ប្រជាពលរដ្ឋមកពីភូមិជៃកំពត និងភូមិប្រថ្ម។ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកា លោក ឃឹម សានី រស់នៅភូមិជៃកំពត ឃុំជៃកំពត ឲ្យដឹងថា ទុក្ខលំបាករបស់អ្នកភូមិដែលបានដាក់សួរទៅអាជ្ញាធរភាគច្រើនទៅលើបញ្ហាកសិកម្ម និងផ្នែកសុខាភិបាល។ លោកថា អាជ្ញាធរឆ្លើយសំណួររបស់ប្រជាពលរដ្ឋមិនបានគ្រប់ជ្រុងជ្រោយខ្លឹមសារសំណួរដែលប្រជាពលរដ្ឋចង់បាននោះឡើយ៖ «ខ្ញុំគ្មានអីក្រៅអំពីផ្នែកកសិកម្មហ្នឹងទេ។ កាលណាផលិតដាំដុះបានផលិតផលហ្នឹងទៅលក់ទៅ វាថោក ហើយប្រេងគេវាឡើងថ្លៃ ហ្នឹងចាប់អារម្មណ៍របស់ខ្ញុំជាចម្បងហើយហ្នឹង។ ហើយឥឡូវហ្នឹងថាឲ្យផ្នែករដ្ឋាភិបាលមកជួយដោះស្រាយអារឿងបញ្ហាហ្នឹង ព្រោះខាងខ្ញុំធ្វើស្រូវហ្នឹងវាពឹងផ្អែកទៅលើជីប្រេងហ្នឹង។ ដល់តែស្រូវថោក គ្រូអើយខាត ហើយបើមិនធ្វើវាអត់មានលុយដោះគេ»។ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធររៀបចំកម្មវិធីរបៀបនេះ ឲ្យបានញឹកញាប់ និងស្នើឲ្យយកសំណួររបស់ប្រជាពលរដ្ឋទៅដោះស្រាយឲ្យត្រូវតាមអ្វីដែលប្រជាពលរដ្ឋចង់បាន ព្រោះមតិយោបល់ដែលអ្នកភូមិលើកឡើង សុទ្ធសឹងតែជាទុក្ខលំបាកជាក់ស្ដែងដែលអាជ្ញាធរមានការពាក់ព័ន្ធ គួរនាំយកទៅដោះស្រាយដើម្បីកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣៕