• NGOs៖ រដ្ឋាភិបាលខកខានមិនបានបញ្ជូន របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ទៅUN

    • Issue Date 29-Oct-2013

    មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នានា ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល ដែល​ខកខាន​មិនបាន​ផ្ញើ​របាយការណ៍ ស្ដីអំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូនទៅ​អង្គការសហប្រជាជាតិ តាម​កាលកំណត់ កាលពី​ថ្ងៃទី​២៨​តុលា​។​​ក្រុមមន្ត្រី​អង្គការ​ទាំងនោះ​បញ្ជាក់ថា ការខកខាន​នេះ​អាច​នាំ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​បន្តទៅទៀត ក្នុងពេលដែល​កម្ពុជា​កំពុង​ជាប់គាំង​នយោបាយ​ដូច​សព្វថ្ងៃនេះ​។ មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩​តុលា​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់ដឹង​អំពី​លទ្ធផល​នៃ​របាយការណ៍​សំខាន់​មួយ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ដែល​រដ្ឋាភិបាល​នឹងត្រូវ​ឡើង​បកស្រាយ​ចំពោះមុខ​អង្គការសហប្រជាជាតិ នៅ​ខែមករា​ឆ្នាំ​២០១៤ ខាងមុខនេះ​។​​របាយការណ៍​សំខាន់​នោះ គឺជា​របាយការណ៍​ត្រួតពិនិត្យ​សិទ្ធិមនុស្ស​ជាស​កល និង​ទៀងទាត់ ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ត្រូវ​រាយការណ៍​អំពី​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​របស់ខ្លួន​ជូន​អង្គការសហប្រជាជាតិ​រៀងរាល់​៤​ឆ្នាំ​ម្ដង​។​​មន្ត្រី​ស៊ើបអង្កេត​ជាត់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការយឺតយ៉ាវ ដែល​រដ្ឋាភិបាល​មិនបាន​ផ្ញើ​របាយការណ៍​សិទ្ធិមនុស្ស ទៅ​អង្គការសហប្រជាជាតិ​លើក​នេះ ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​មិនបាន​ដឹង​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កន្លងមក ដែល​គេ​តែង​រិះគន់ថា​មាន​សញ្ញា​មិនល្អ​។​​ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​យល់​ដូច​លោក អំ សំអាត ដែរ តែ​លោ​កថា បើទោះបីជា​រដ្ឋាភិបាល​ខ​ក​ខានមិនបាន​បញ្ជូន​របាយការណ៍​សិទ្ធិមនុស្ស​ទៅ​អង្គការសហប្រជាជាតិ​ក្តី ខាង​ភាគី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា និង​ភាគី​អង្គការសហប្រជាជាតិ​ក៏​នឹង​ចេញ​របាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ នា​ដើមឆ្នាំ​២០១៤ ខាងមុខនេះ​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បានទេ នៅ​ថ្ងៃទី​២៩ តុលា​។ ក៏ប៉ុន្តែ​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ត្រូវបាន​កាសែត ឌឺ​ខេ​ម​បូ​ឌៀ​ដែ​លី (The Cambodia Daily) ស្រង់​សំដី​ថា មូលហេតុ​យឺតយ៉ាវ​ដូច្នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុ​ជា​ចង់​ដាក់បញ្ចូល​ព័ត៌មាន នៃ​ទស្សនវិស័យ​របស់​រដ្ឋា​ភិ​បាល​ស្ដីអំពី​ការកែទម្រង់​បន្ថែមទៀត ក្នុង​អាណត្តិ​នេះ​ដូចជា​ការកែទម្រង់​ប្រព័ន្ធតុលាការ និង​យុត្តិធម៌​ជាដើម​។​​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ភាគី​អង្គការសហប្រជាជាតិ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការគោរព​សិទ្ធិមនុស្ស​ចំនួន​៩១​ចំណុច ក្នុងនោះ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​កែទម្រង់​លើ​ចំណុច​សំខាន់​មួយចំនួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូចជា​៖ សុំ​ឲ្យ​កែទម្រង់​ប្រពន្ធ​តុលាការ និង​យុត្តិធម៌ កែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បើក​ឲ្យ​មាន​សិទ្ធិសេរីភាព​បញ្ចេញមតិ បញ្ឈប់​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅស្ថាន និង​បញ្ឈប់​ការរំលោភ​ដីធ្លី ជាដើម​។ ជាការ​ឆ្លើយតប​រដ្ឋាភិបាល​បាន​រិះគន់​ភាគី​អង្គការសហប្រជាជាតិ រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​តែងតែ​គាំទ្រ​អង្គការសហប្រជាជាតិ​នោះ​ថា មាន​ចេតនា​ធ្វើការ​បម្រើ​ឲ្យ​បក្សប្រឆាំង​៕អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ី​សេរី (RFA) ចុះផ្សាយ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣៕