• ពលរដ្ឋ​ខ្លះ​បាត់​ជំនឿ​លើ គ​.​ជ​.​ប ទើបមិនព្រមទៅ ចុះឈ្មោះ​បោះឆ្នោត​

    • Issue Date 30-Oct-2013

    លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០១៣ បង្ហាញថា នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ចុះឈ្មោះ​ថ្មី​ចំនួន ៩.៦៨៥​នាក់ គិតពី​ថ្ងៃទី​០១ តុលា ដល់​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៣​។ បើ​គិត​ជា​ភាគរយ​គឺ​បាន ៣៣.១៩ ភាគរយ នៃ​ចំនួន​ប៉ាន់ស្មាន ២៩.១៧៩ នាក់​។ តួរ​លេខ​នេះ ឃើញថា មាន​ចំនួន​ទាប​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប៉ាន់ស្មាន​។​​មូលហេតុ​អ្វី បាន​ពលរដ្ឋ​មិន​ទៅ​ចុះឈ្មោះ​បាន​គ្រប់​ចំនួន​តាម​ការប៉ាន់ស្មាន​? ​ពលរដ្ឋ​មួយចំនួន​បាន​លើកឡើងថា ពួកគាត់​មិនមាន​ជំនឿ​ទុកចិត្ត លើ​ការអនុវត្ត​របស់ គ​.​ជ​.​ប​។​​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា គាត់​មិនមាន​ភាពជឿជាក់​លើ គ​.​ជ​.​ប ទេពី​ព្រោះ គណៈកម្មាធិការ​នេះ​មាន​លក្ខណៈ លំអៀង​ទៅរក​បក្ស​កាន់អំណាច​ដោយ​សមាសភាព គ​.​ជ​.​ប ភាគច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​៖ "​រឿង គ​.​ជ​.​ប សព្វថ្ងៃនេះ​មិនអាច​ទុកចិត្ត​ទេ គឺ គ​.​ជ​.​ប ស្ថិតក្នុង​ជួរ​គណបក្ស [​ប្រជាជន​កម្ពុជា​] វា​អត់​ឯករាជ្យ​ទេ​យក​បក្ស​មក​ដាក់​អញ្ចឹង​នោះ ឯករាជ្យ​លុះត្រាតែ​សមាជិក​ទាំងនោះ​មិនមែន​នៅក្នុង​បក្ស មេ គ​.​ជ​.​ប ហ្នឹង​គណបក្ស​ប្រជាជន​បាត់​ទៅហើយនោះ​"​។​​លោក គ្រុយ សុ​ខេ​ម​រិ​ទ្ធ ចៅសង្កាត់រង​ទី​២ សង្កាត់​ទួល​សង្កែ បាន​បញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​២០១៣ នេះ​មាន​ចំនួន​តិចជាង​រាល់​ឆ្នាំ ពីព្រោះ​ស្មៀន​ធ្វើ​កិច្ចការ​នេះ​តែម្នាក់ឯង ហើយ​ម្យ៉ាងទៀត ដោយសារ​ស្ថាន​ការ​ណ៏​នយោបាយ​បច្ចុប្បន្ន ទើប​ពលរដ្ឋ​មិនសូវមាន​ជំនឿ​លើ គ​.​ជ​.​ប គេ​រង់ចាំ​មាន គ​.​ជ​.​ប ថ្មី​៖ "​ប្រជាពលរដ្ឋ​មានការ​ធុញថប់​ដែរ គាត់​ថា​វា​មិនបាន​ប្រយោជន៍​អី គ​.​ជ​.​ប​មិន​ឯករាជ្យ ជួនកាល​ខ្លះ​គេ​រង់​ចាំមើល​ការដូរ គ​.​ជ​.​ប​របៀប​ម៉េច បាន​គាត់​ចុះ​"​។​​លោក លុន ឆេង​កៃ ប្រធាន​លេខាធិការ​រដ្ឋា​ន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ការពិនិត្យ​បញ្ជី​ឈ្មោះ ចុះឈ្មោះ​ប្រចាំឆ្នាំ​២០១៣ មិនសូវមាន​អ្នក​ចាប់អារម្មណ៍ ដូច​ឆ្នាំ​បោះឆ្នោត​ទេ ៖ "​ឆ្នាំ​អត់​បោះឆ្នោត​ហ្នឹង ពីមុនៗ​ក៏​ចុះ​បាន​ជាង​មួយ​ម៉ឺន​ដែរ វា​អស់ហើយ​ត្រឹម​ពីរម៉ឺន ប្រជាជន​មិន​​សូវ​មក​ទេ បើ​ឆ្នាំ​បោះឆ្នោត​បាន​គេ​ចុះ​ច្រើន​"​។​​មិនមែន​តែ​អ្នក​នៅ​រាជធានី​ទេ​ដែល​មិន​ជឿជាក់ លើគ​.​ជ​.​ប ចំណែក​អ្នក​មក​ខេត្ត​ដែលជា​កសិករ​ក៏​អស់ជំនឿ​លើ គ​.​ជ​.​ប ដែរ​។ កំពុង​អង្គុយ​លើ​សួនច្បារ​ក្បែរ​វត្តភ្នំ ដើម្បី​ត្រៀមលក្ខណៈ ធ្វើដំណើរ​ត្រឡប់​ទៅ​លំនៅដ្ឋាន ឯ​ខេត្តកណ្ដាល​វិញ កសិករ មួន មន ដែល​បានមក​ចូលរួម មហា​បាតុកម្មអហិង្សា នៅ​រាជធានី ភ្នំពេញ​កាលពី​ថ្ងៃទី​២៥ តុលា ២០១៣ បាន​បញ្ចេញ​ទស្សនៈ​ថា​៖ “​ការចែក​បណ្ណ​ព័ត៌មាន​មុន ពេល​បោះ ឆ្នោត មានការ​រើសអើង គឺ​ចែក​ឲ្យ​មិន​គ្រប់គ្នា ការចុះឈ្មោះ​ពេលខ្លះ ពលរដ្ឋ​ទៅ ចុះ​មិន ឃើញ​អ្នក​ចុះឈ្មោះ ការចុះឈ្មោះ​គឺ​គេ​មិន​ងាយ​ចុះ​ឲ្យ​យើង​ទេ​”​។​​លោក​មួន មន បន្តថា កាល​ឆ្នាំ​១៩៩៣ គឺមាន​ភាពងាយស្រួល ព្រោះ​មិនដែល​មាន​ឮថា​បាត់ឈ្មោះ​ដូច​សព្វថ្ងៃ​នេះឡើយ​។ គាត់​ចង់បាន​នីតិវិធី​ដូច​កាលសម័យ អ៊ុនតាក់ (UNTAC) និង​សំណូមពរ​រៀបចំ​ការបោះឆ្នោត នៅតាម​ទីវាល ដោយ​គ្រាន់តែ​សង់រោង​ប្រក់​ដំបូល ប្រសើរ​ជាង​ការបោះ​នៅក្នុង​បន្ទប់​៖ "​បើ​រៀបចំ​ដូច​ឆ្នាំ​១៩៩៣​គឺ​ស្រូល គេ​មាន​កាត​របស់គេ​ចុះ​ត្រង់ណា​ក៏បាន ជំនាន់​អ៊ុនតាក់​ពេល​បោះ អត់​ដែល​ឮ​បាត់ឈ្មោះ​ទេ យើង​កាន់​ប័ណ្ណ​ហ្នឹង​ទៅ​ពេល​បោះ​រួច គេ​ចោះ​ប្រហោង​មួយ​ចំណាំ វា​ងាយស្រួល​ហ្មង​"​។​​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ហ៊ីង សីលា ដែល​មកពី​ខេត្តកំពង់ចាម បានលើកឡើង​ង​ថា គ​.​ជ​.​ប មាន​បញ្ហា​ច្រើន មាន​ភាពលំអៀង​ទៅរក​បក្ស​កាន់អំណាច គាត់​ចង់បាន​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះឆ្នោត​៖ "​ចង់​ឲ្យ​ដូរ​តែម្ដង ពីព្រោះ​ដូរ​ទើប​អាច​ដំណើរការ​ទៅ​ល្អ បើ​មិន​ដូរ​ទេ​នៅតែ​អញ្ចឹង​ប្រកាន់ បក្សពួក​"​។​​ក្រោយពី​មានការ​រកឃើញ​នូវ​ភាពមិនប្រក្រតី​ជាច្រើន នៃ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា​នោះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤​អាណត្តិ​មក​នោះ បានទទួល​ស្គា​ល់ពី​កំហុសឆ្គង​របស់ គ​.​ជ​.​ប​។ គណបក្ស​នេះ​បានប្រកាស​ឲ្យ​មាន​កិច្ចពិភាក្សា រវាង​សង្គម​ស៊ីវិល តំណាង​គណបក្ស​នីមួយៗ និង​អនុសាសន៍​របស់​អន្តរជាតិ ដើម្បី​កែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣៕