-
CPP មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួម កិច្ចចរចាខាងមុខនេះឡើយ
- Issue Date 01-Nov-2013
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា គណបក្សកាន់អំណាចនេះ មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ រវាងគណបក្សទាំងពីរ ក្នុងការដោះស្រាយវិបត្តិនយោបាយឡើយ។តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការមិនគាំទ្រនេះ ដោយយល់ឃើញថា កិច្ចចរចាផ្នែកនយោបាយ ដើម្បីទម្លុះភាពជាប់គាំងនយោបាយ រវាងគណបក្សទាំងពីរ គឺមានការពិភាក្សាកិច្ចការផ្ទៃក្នុងមួយចំនួន ដែលត្រូវលាក់បាំង ដូចជា បញ្ហាសន្តិសុខជាតិជាដើម។ លោកបន្តថា គ្រាន់តែចាត់តាំងតំណាងរបស់គណបក្ស ធ្វើសន្និសីទសារព័ត៌មាន ពីលទ្ធផលនៃការចរចានេះ គឺគ្រប់គ្រាន់ទៅហើយ សម្រាប់អ្នកសារព័ត៌មាន។កាលពីម្សិលមិញនេះ លោក សម រង្ស៊ី បានថ្លែងថា គណបក្សសង្គ្រោះជាតិស្នើឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួម ក្នុងគោលបំណងកុំឲ្យគណបក្សទាំងពីរ បកស្រាយខុសគ្នាពីអ្វីដែលបានព្រមព្រៀងនាំឲ្យការផ្សាយព័ត៌មានខុសពីគំនិតដើមរបស់ភាគី ដើម្បីឲ្យលទ្ធផលនៃការចរចាអាចទទួលបានផ្លែផ្កា និងមានសង្ឃឹមច្រើន។អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា ការបដិសេធបើកចំហរកិច្ចចរចានេះ គឺជាលេសមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគេចវេសការចរចា ដែលប្រកបដោយតម្លាភាព និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោកឲ្យដឹងដែរថា រហូតមកទល់ពេល គណបក្សសង្គ្រោះជាតិ នៅតែមិនអាចទាក់ទង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាពីកិច្ចចរចាជាថ្មីនេះបានឡើយ។សម្រាប់អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការបើកចំហរទាំងស្រុង ចំពោះការចាលើកទី៣ គឺអាចមានផលវិបាកសម្រាប់គណបក្សទាំងពីរ ក្នុងជជែកវែកញែក ចំណុចរសើប ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍រៀងៗខ្លួន និងពិបាកឈានទៅរកដំណោះស្រាយ។ តែលោកថា ព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ គឺគប្បីបើកចំហរ ដើម្បីបង្ហាញពីឆន្ទៈរបស់អ្នកនយោបាយ ដោះស្រាយវិបត្តិនយោបាយ ។សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែតុលា គណបក្សសង្គ្រោះជាតិ បានដាក់លក្ខខណ្ឌ៣ចំណុចក្នុងការចរចា គឺទី១ ស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ទី២ ទាមទារឲ្យអ្នកដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលាលែងពីតំណែង និងទី៣ ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការNDI និងអង្គការខុមហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត៕ អត្ថបទដកស្រង់ពីវិទ្យុសម្លងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២១០៣៕