• មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៥​រូប ជួបពិភាក្សា​ជាមួយ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​

    • Issue Date 03-Nov-2013

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប នឹង​ជួប​ពិភាក្សាគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា សប្តាហ៍​ក្រោយនេះ នៅ​វិមាន​រដ្ឋសភា ដើម្បី​សម្រេច​លើ​របៀបវារៈ ចំនួន​៣ មុនពេល​មេដឹកនាំ​កំពូល​បើក​កិច្ចចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​។​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ដែល​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ រួមមាន រូបលោក​ផ្ទាល់ លោក សុន ឆ័យ លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃ​អៀង និង លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ​។​​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១ ខែតុលា របស់​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លក្ខខណ្ឌ​៣​ចំណុច គឺ​ទី​១ ទាមទារ​ឲ្យ​ស៊ើបអង្កេត ដោយ​តម្លាភាព ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ទាមទារ​ឲ្យ​អ្នកដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លាលែង​ពី​តំណែង និង​ទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ​NDI និង​អង្គការ​ខុមហ្វ្រែល ក្នុង​ការកែទម្រង់ការ​បោះឆ្នោត​។​​ចំណែក​ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏មាន​៥​រូប​ដែរ គឺ​ដឹកនាំ​ដោយ​លោក ព្រុំ សុខា​។​​លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣១​ខែតុលា​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​អាជ្ញាកណ្តាល​ចូលរួម ក្នុង​កិច្ចចរចា​របស់​គណបក្ស​ទាំងពីរ​នៅ​ថ្ងៃ​ខាងមុខ ក្នុង​គោលបំណង​កុំ​ឲ្យ​គណបក្ស​ទាំងពីរ បកស្រាយ​ខុសគ្នា​ពីអ្វី​ដែល​បាន​ព្រមព្រៀង​នាំ​ឲ្យ​ការផ្សាយ​ព័ត៌មាន​ខុស ពី​គំនិត​ដើម​របស់​ភាគី ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការចរចា​អាច​ទទួលបាន​ផ្លែផ្កា និង​មានសង្ឃឹម​ច្រើន​។ប៉ុន្តែ​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា គណបក្ស​នេះ​មិន​គាំទ្រ​ឲ្យ​មាន​ភាគី​ទី​៣​ចូលរួម​ឡើយ​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៣៕