-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
- Issue Date 06-Nov-2013
រាជរដ្ឋាភិបាលកំណត់យកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ លើកទី២។សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចុះថ្ងៃទី៥ ខែវិច្ឆិកានេះ ឲ្យដឹងថា ក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។ ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាលើកទី១ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈក្រុមប្រឹក្សារាជធានី-ខេត្តចំនួន៣០២ គណបក្សសម រង្ស៊ី ចំនួន៦១អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ៦អាសនៈ គណបក្សនរោត្តម រណឬទិ្ធ ៥អាសនៈ។ ចំណែកចំនួនអាសនៈក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបាន២២៤៩អាសនៈ គណបក្សសមរង្ស៊ី ៥១៨អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ៥៥អាសនៈ គណបក្សនរោត្តម រណឬទ្ធិ ៣៩អាសនៈ។ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពីខែមេសា ឆ្នាំ២០០៨ ចែងថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកល និងសម្ងាត់ ជ្រើសក្រុមប្រឹក្សា។ច្បាប់នេះ ចែងដែរថា ការបែងចែកអាសនៈត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី៧ ដល់២១អាសនៈ (ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ កំណត់ដោយអនុក្រឹត្យដែលនឹងផ្សព្វផ្សាយយ៉ាងតិច១២០ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា)។ ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី២១រូប។ ក្រុមប្រឹក្សាខេត្ត មានចំនួនពី៩រូប ដល់ ២១រូប។ ក្រុមប្រឹក្សាក្រុង មានចំនួន៧រូប ទៅ១៥រូប។ ចំណែក ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន៧ទៅ ១៩រូប។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្យាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣៕