• សង្គមស៊ីវិលស្វាគមន៍ការជំរុញឲ្យមានអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានតាមស្ថាប័នរដ្ឋ

    • Issue Date 10-Nov-2013

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត និង​ស្ថាប័នរដ្ឋ ឲ្យ​អនុវត្តតាម​ការទាមទា​រ​របស់​អន្តរក្រសួង ដែលមាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​ព័ត៌មាន បង្កើត​ឲ្យ​មាន​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ​សម្រាប់​បំភ្លឺ​រាល់​បញ្ហា​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​។ វិធានការ​នេះ ត្រូវបាន​ក្រុម​សង្គម​ស៊ីវិល​សាទរ​។​​សង្គម​ស៊ីវិល ធ្វើការ​លើ​វិស័យ​សេរីភាព​បញ្ចេញមតិ និង​អ្នកធ្វើការ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន បាន​ស្វាគមន៍​ចំពោះ​ការជំរុញ​ឲ្យ​មាន​អ្នកនាំពាក្យ និង​មន្ត្រី​ព័ត៌មាន​នៅតាម​ស្ថាប័នរដ្ឋ ដើម្បី​លើកស្ទួយ​សិទ្ធិ​ទទួលបាន​ព័ត៌មាន ហើយ​ជាស​ញ្ញា​ល្អ​ក្នុង​ការជំរុញ​ទៅ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​។​​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ មានប្រសាសន៍​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា ការជំរុញ​ឲ្យ​មាន​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ​នៅតាម​ស្ថាប័នរដ្ឋ​នោះ គឺជា​កត្តា​សំខាន់​ដែល​អ្នកធ្វើការ​ក្នុង​អាជីព​សារព័ត៌មាន​ត្រូវការ ពីព្រោះ​កន្លងមក​អ្នកសារព័ត៌មាន​តែង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ព័ត៌មាន​ពិត​ពី​មន្ត្រី​ទាំងនោះ​។ លោក​បន្តថា ដើម្បី​ឲ្យ​មន្ត្រី​ព័ត៌មាន​ដែលមាន​តួនាទី​ទាំងនោះ​អាច​ផ្ដល់នូវ​ព័ត៌មាន​ពិត សម្រាប់​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ គឺ​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ឲ្យ​យល់​ពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ យល់​ពី​សេរីភាព​សារព័ត៌មាន និង​យល់​អំពី​របៀប​ផលិត​ព័ត៌មាន​ជាមុនសិន​។​​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ​៖ «​ដើម្បី​ឲ្យ​គាត់​ដឹងថា តើ​ប្រភេទ​ព័ត៌មាន​ណា​ដែលមាន​តម្លៃ​ជា​ព័ត៌មាន គាត់​ដឹង​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​សង្គម​ដែល​គាត់​អាច​ចែករំលែក​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​។ ជួនកាល​ទៅ យើង​អ្នកសារព័ត៌មាន យើង​មាន​ជ្រុង​មួយ​នៃ​ព័ត៌មាន​ដែល​យើង​ចង់បាន​ហើយ តែ​ជួនកាល​ទៅ ស្ថាប័ន​មួយៗ​គាត់​មាន​ព័ត៌មាន​ដែល​ល្អ​មែនទែន មាន​សារសំខាន់​មែនទែន ដែលមាន​តម្លៃ​ជា​ដំណឹង​ហើយ តែដោយសារ​គាត់​ខ្វះ​ជំនាញ​ផ្នែក​សារព័ត៌មាន​អ៊ីចឹង គាត់​អត់​ដឹង អ៊ីចឹង​ធ្វើ​ឲ្យ​ព័ត៌មាន​ដែល​ល្អ​ត្រូវ​កប់​បាត់​»​។​​នៅក្នុង​របាយការណ៍​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹកថា អាជ្ញាធរ​រាជធានី​ខេត្ត និង​ស្ថាប័នរដ្ឋ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដីប្រកាស​អន្តរក្រសួង ដែល​បាន​ចុះហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១២ បង្កើត​ឲ្យ​មាន​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ ដោយមាន​អ្នកទទួលខុសត្រូវ និង​មាន​អាសយដ្ឋាន​ទាក់ទង​ច្បាស់លាស់ ងាយស្រួល​ឆ្លើយតប ឬ​បំភ្លឺ​រាល់​បញ្ហា​ដែល​បាន​កើតមាន​ក្នុង​មូលដ្ឋាន ឬ​ស្ថាប័ន​របស់ខ្លួន ពិសេស​កែលំអ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​តាម​គេហទំព័រ​។​​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បាន​ថ្លែងថា​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​នេះ គឺជា​សញ្ញា​ល្អ​មួយ ដោយសារតែ​នាយករដ្ឋមន្ត្រី​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់​មន្ត្រីក្រោមឱវាទ​កន្លងមក​។ ប៉ុន្តែ អ្វី​ដែលជា​បញ្ហាសំខាន់​នោះ គឺ​ត្រូវមាន​យន្តការ​ឃ្លាំមើល​ដាក់​ទោសទណ្ឌ​មន្ត្រីក្រោមឱវាទ​ដែល​មិន​អនុវត្តតាម​។ លោក​បន្តថា ជាងនេះទៅទៀត ដើម្បី​ឲ្យ​ការអនុវត្ត​នេះ​ប្រកបដោយ​ប្រសិទ្ធភាព គឺមាន​ទំនាក់ទំនង​ទៅដល់​ការបង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​សាធារណៈ ដែល​ស្ថាប័ន និង​អង្គភាព​របស់​រដ្ឋ​ត្រូវតែ​ផ្ដល់ព័ត៌មាន​ឲ្យ​សាធារណជន និង​អ្នកសារព័ត៌មាន​នៅពេល​ដែលមាន​ការស្នើសុំ​។​​លោក ប៉ា ងួនទៀង​៖ «​ការអនុវត្ត​នៃ​ប្រទេស​ដទៃ ពិសេស​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ គឺ​គេ​មានចែង​អំពី​ទោសទណ្ឌ ប្រសិនបើ​មន្ត្រី​ហ្នឹង ឧទាហរណ៍​ប្រសិនបើ​មន្ត្រី​ហ្នឹង ឧទាហរណ៍​ថា​គេ​ដាក់ពាក្យ​កំណត់​ស្នើសុំ​១​អាទិត្យ ហើយ​បើ​មិន​ឆ្លើយតប ត្រូវ​បញ្ជាក់​ហេតុផល បើសិន​ហេតុផល​វា​មិនត្រូវ​ទេ អ្នក​ហ្នឹង​ត្រូវ​មានទោស​ម៉េច ហើយ​អ្នកសារព័ត៌មាន​ត្រូវមាន​សិទ្ធិ​ប្ដឹង​ទៅណា ប្ដឹងទៅ​តុលាការ​ដើម្បី​ប្ដឹង​ពី​មន្ត្រី​ហ្នឹង​។​ល​។​»​។​​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង តាំងពី​ឆ្នាំ​២០០៧ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​។ ហើយ​កាលពី​ឆ្នាំមុន អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ក៏បាន​យក​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​ដាក់​សភាជាតិ ដើម្បី​ធ្វើ​សេចក្ដីស្នើច្បាប់ ប៉ុន្តែ​ត្រូវ​ច្រានចោល​។​នៅ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ហ៊ុន សែន ក៏បាន​សម្រេច​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ រៀបចំតាក់តែង​ឲ្យ​បានសម្រេច​នូវ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី (RFA) ចុះផ្សាយ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣៕