• ពលរដ្ឋ​នៅ​ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ថា អាជ្ញាធរ​ឃុំ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ និង​ជួបជុំ​របស់គាត់​

    • Issue Date 11-Nov-2013

    ប្រជាពលរដ្ឋ​មួយចំនួន នៅ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យ​ដឹងថា​អាជ្ញាធរ​ភូមិ​-​ឃុំ គំរាមកំហែង​លើ​ពួកគាត់ តាមរយៈ​ពាក្យសម្តី និង​រូបភាព​ផ្សេងៗ ដោយ​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​ចូលរួម​ប្រជុំ ឬ​បញ្ចេញមតិ​ជាដើម​។​ ​ពួកគាត់​លើកទ្បើង​បែបនេះ ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​(CCFC) កាល​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែវិច្ឆិកា នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ស្តីពី​ការយល់ដឹង​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​​តំណាង​ពលរដ្ឋ​នៅក្នុង​ឃុំ លោក សន សា​រន ឲ្យ​ដឹងថា មេភូមិ​ព្រែ​កតា​កូវ មេឃុំ និង​នគរបាល​ឃុំ បានបង្ហាញ​ខ្លួន​នៅក្បែរ​វេទិកា​នោះ​។ លោក​ចាត់ទុក​ការបង្ហាញ​វត្តមាន​របស់​អាជ្ញាធរ​ឃុំ​នេះ​ជា រូបភាព​គំរាមកំហែង​ពលរដ្ឋ​។ លោក​បន្តថា ការគំរាមកំហែង​នេះ​មិនមែនជា​លើកទីមួយ​ទេ គឺ​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨​ម្ល៉េះ ៖ “​ជួបជុំ​សមាជិក​បួនដប់​នាក់ មាន​អាជ្ញាធរ​មករា​រាំង ដូច​ថា​គាត់​មិន​មកឃាត់​យើង​ទេ គាត់​ចេញ​ជា​សកម្មភាព​ជិះ​ម៉ូតូ​ឆ្វែល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច មិន​ហ៊ាន​ចូលរួម ហើយ​អំឡុងពេល​គណបក្សប្រឆាំង​ធ្វើបាតុកម្ម ប្រជាពលរដ្ឋ​គាត់​ទៅ មាន​អាជ្ញាធរ​ភូមិ មាន​ប្រជា​ការពារ​ទៅ​ថា ឲ្យ​ប្រជាពលរដ្ឋ​ថា បើ​ឯង​ហ៊ាន​ឈាន​ជើង​ទៅ​ងាប់ មកដល់ពេលនេះ ប្រជាពលរដ្ឋ​ខាង​ខ្ញុំ​មានទុក្ខ​កង្វល់​យូរហើយ​រឿង​គំរាមកំហែង តាំងពី​ជំនាន់​ឆ្នាំ​១៩៩៨”​។​​ប្រជាពលរដ្ឋ អ្នកស្រី គាន់ សោ​ភ័​ណ្ឌ ថា អាជ្ញាធរ​តែងតែ​រើសអើង​ប្រជាពលរដ្ឋ នៅពេល​ខ្លួន​ដឹងថា​ពលរដ្ឋ​ណាមួយ​គាំទ្រ​គណបក្សប្រឆាំង​។ អ្នកស្រី​បន្តថា កន្លងមក មានការ​គំរាមកំហែង​សម្លាប់​ពលរដ្ឋ នៅពេលដែល​ពលរដ្ឋ​ចង់​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៖ “​បង​គ្រាន់​និយាយ​បន្តិច បង​ចង់​យំ​បាត់​ហើយ​ហ្នឹង​អូន ដូច​បញ្ហា​គាបសង្កត់​ក្នុង​ឃុំ​ព្រែក​តា​កូវ​នេះ វា​ច្រើនពេក ក្រោយពី​បោះឆ្នោត​មក គាត់​ប្រកាន់​និន្នាការ​គណបក្ស​ផ្សេងៗ គាត់​ជេរ​យើង គាត់​ថា គ្នា​របស់គេ មិន​បោះ​ឲ្យ​គេ​ទេ ពួក​មី​ក្រ​ល្ហា​ម មី​អត់​ដំបូល​ជ្រក​”​។​​សមាជិក​ក្រុមការងារ​អង្គការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក សយ ហ្សឺ​ឌី មានប្រសាសន៍ថា ពលរដ្ឋ​ប្រមាណ​៤០​នាក់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។ ប៉ុន្តែ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​បង្ហាញ​វត្ត​មាននៅ​កន្លែង​នោះ ចំនួន​អ្នកចូលរួម​ថយចុះ​ពាក់កណ្តាល ព្រោះតែ​ពួកគេ​ភ័យខ្លាច​។ លោក​យល់ថា ទង្វើ​របស់​អាជ្ញាធរ ជាការ​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ ៖ “​នេះ​ជា​រូបភាព​នៃ​ការគំរាមកំហែង ហើយ​មាន​ប្រជាជន​ដែល​ចង់​ចូលរួម មក​នៅពេល​ថ្ងៃ​ហ្នឹង គាត់​មិន​ហ៊ាន​មក​ចូលរួម​ទៀត​ទេ យើង​មាន​ប្រហែលជា​ដប់​នាក់ នៅពេល​ថ្ងៃ ដោយសារ​មាន​ប៉ូលីស មាន​មេឃុំ គាត់​រារាំង​មិន​ឲ្យ​មក​”​។​​មេឃុំ​ព្រែ​កតា​កូវ លោក ជា ម៉ាច បដិសេធ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​។ លោក​អះអាងថា អាជ្ញាធរ​ទៅ​មើល​នៅ​កន្លែង​កម្មវិធី​នោះ ព្រោះតែ​ប្រជាពលរដ្ឋ និយាយ​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា ៖ “​បើ​ពន្យល់ ជា​ករណី​របស់​យើង ការបង្រៀន ក៏​បង្រៀន​ទៅ​ប៉ុន្តែ​ប្រជាពលរដ្ឋ ដៀល​ដល់​គណបក្ស​ប្រជាជន​ច្រើនពេក ខ្ញុំ​ថា​ធ្វើ​ដើម្បី​អ្វី​បើ​និយាយ​អ​ញ្ជឹ​ង បើក​សិទ្ធិ​ខ្លាំងពេក ខ្ញុំ​ថា​ឲ្យ​ផ្អាក​ទៅ មិនបាច់​ឲ្យ​រៀន​ទេ បើ​និយាយ​អ​ញ្ជឹ​ង បើ​វា​លេង​មួយ​ទំហឹង អំណោយ អ​ញ្ជេះ អ​ញ្ជោះ វា​ស្រគាល​ក្បាល​ណាស់​ធ្វើ​អ​ញ្ជឹ​ង ដើម្បី​សិទ្ធិសេរីភាព​វា​ហួសហេតុ​”​។​​លោក​បញ្ជាក់ថា កន្លងមក អាជ្ញាធរ​ឃុំ​មិន​បិទ​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ចូលរួម​វេទិកា​ណាមួយ​ទេ​។ ប៉ុន្តែ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ជៀសវាង​ការវាយប្រហារ​ទៅលើ​គណបក្សនយោបាយ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​ស​ម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕