• អ្នកលេង​ហ្វេ​ស​ប៊ុ​ក រិះគន់​វិធានការ​របស់​កម្លាំង​ សមត្ថកិច្ច​ក្នុង​ហេតុការណ៍​ហិង្សា​ជាមួយ​រោងចក្រ​SL

    • Issue Date 12-Nov-2013

    អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន ចាប់ផ្តើម​រិះគន់​ខ្លាំងៗ​លើ​សកម្មភាព​របស់​ក​ម្លាំ​ង​សមត្ថកិច្ច​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ក្រុមកម្មករ​រោងចក្រ​SL នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ជាច្រើន​អ្នករងរបួស​។​​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កម្មករ​ជាង​១​ពាន់​នាក់ ភាគច្រើន​ជា​បុរស មកពី​រោងចក្រ​SL ដែលមាន​ទីតាំងនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គ្រោង​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ក្បួន​ដង្ហែ​នេះ ត្រូវបាន​រារាំង​ត្រង់ចំណុច​ស្ពាន​ស្ទឹងមានជ័យ ត្រើយ​ខាងលិច ដោយ​សមត្ថកិច្ច​ប្រមាណ​៣០០​នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់​។ ការរារាំង​នេះ រហូត​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​។​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ សមត្ថកិច្ច​បាន​ប្រើ​គ្រាប់បែក ផ្សែង រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រាប់កាំភ្លើង​បាញ់​លើ​ក្រុមកម្មករ​។​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ ចាប់ផ្តើម​ចែករំលែក​រូបភាព​នៃ​ហិង្សា និង​លើកឡើងថា កម្លាំង​សមត្ថកិច្ច មិនគួរ​ធ្វើ​សកម្មភាព​បែបនេះ​ទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ដែល​មិនមែនជា​អ្នក​តវ៉ា​។ អ្នកខ្លះ​លើកឡើងថា នេះ​មិនមែន​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ទេ​។​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ អាយុ​២៧​ឆ្នាំ លោក ព្រំ សិលា ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា វិធានការ​របស់​កម្លាំង​សមត្ថកិច្ច គឺ​មិន​សមស្រប​ទេ ដោយសារ​ប៉ូលិស​ជា​អ្នកអនុវត្ត​ច្បាប់​។ លោក​បញ្ជាក់ថា​៖«​បើ​អស់លោក​មន្ត្រី និង​ប៉ូលិស គិតថា​វិធាន​បែប​ហ្នឹង​សមស្រប​របៀប​ហ្នឹង​គ្រប់ៗ​គ្នា មិនដឹងថា ប្រជាជន​យើង​ប៉ុន្មាន​អ្នក​ដែល ត្រូវ​រងរបួស និង បាត់បង់​ជីវិត​។ [​យើង​]​សង្ឃឹមថា​យើង ទាំងអស់​ចេះ​យោគយល់​គ្នា កុំ​ប៉ះ​ដៃ តដៃ​ប៉ះ ជើង​ត​ជើង ។ បើ​អញ្ចឹង​រវាង​ប៉ូលិស និង​ជន​អន្ធពាល រវាង​អ្នកអនុវត្ត​ច្បាប់ និង​អ្នក​ល្មើសច្បាប់​មាន​ស្អី​ខុសគ្នា​ទៀត​»​។​​ចំណែក លោក ជុំ កុសល ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ហ៊ុន សែន សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា តើ​ក្រុម​ជនបង្ក​ហិង្សា​គប់​ដុំថ្ម​ដាក់​ប៉ូលិស​និង​ដុតបំផ្លាញ​រថយន្ត មុខ​វត្ត​ស្ទឹងមានជ័យ ជា​ក្រុមកម្មករ​SL​ពិតប្រាកដ ឬក៏​ជា​ក្រុម​ដែល​បង្ក​ហិង្សា​ដុត​រថយន្ត​ប៉េអឹម​កាលពី​ថ្ងៃ​បោះឆ្នោត​កន្លងមក​? លោក​បន្តថា ព្រះសង្ឃ មិនគួរ​មាន​សកម្មភាព​ក្នុង​ហិង្សា​បែបនេះ​ទេ ព្រោះ​ព្រះសង្ឃ​ជាទី​សក្ការ​:​របស់​ប្រជា​ពុទ្ធបរិស័ទ ។ លោក​បញ្ជាក់ថា​៖«​ជា​រឿង​ចម្លែក​ណាស់ បាតុកម្ម​កើតឡើង​ដោយ​កម្មករ​ទេ តែ​ហេតុ​អី​បាន​ជាមាន​ព្រះសង្ឃ​ចូល​រួមមាន​សកម្មភាព​បែបនេះ​ជាមួយ​កម្មករ​ទៅវិញ​?​បាតុកម្ម​មួយ​ដែល​កើតឡើង​វា​រីក​វាល​ដាល​ទៅជា​កុប្បកម្ម​មាន​ហិង្សា​ហើយ ដាច់ខាត​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប ។ បើកាលណា​មានការ​បង្ក្រាប គឺ​គេច​មិន​ផុតពី​មានការ​ប៉ះទង្គិច​នោះទេ​។ ជម្រើស​មានតែ​មួយ​ទេ គឺ​កុំ​នាំគ្នា​ធ្វើអោយមាន​ហិង្សា​»​។​​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បន្តថា កម្លាំង​សមត្ថកិច្ច រងរបួស​ធ្ងន់ និង​ស្រាល មាន​ចំនួន​៤៧​នាក់ ស្លាប់​ពលរដ្ឋ​១​នាក់ របួសធ្ងន់​ស្រាល​៩​នាក់ ខូចខាត​រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង​របស់​កម្លាំង​សមត្ថកិច្ច ដោយសារ​ការដុត​បំផ្លាញ និង​ធ្វើ​ឲ្យ​បែក​កញ្ចក់​រថយន្ត​អគ្គិភ័យ​២​គ្រឿង​។​​សេចក្តីថ្លែងការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប៉ះទង្គិច​នោះ ជន​ឱកាសនិយម​មួយក្រុម ដែល​មិនមែនជា​កម្មករ បាន​ឆ្លៀត​ញុះញង់​បញ្ឆេះ​បង្ក​ឲ្យ​មាន​អំពើហិង្សា​ម​លើ​សមត្ថកិច្ច ដោយ​គប់​ដុំថ្ម បាញ់​ទឹក​ចំ​ពាម​គ្រាប់​ដែក និង​វាយ​ដុតបំផ្លាញ​មធ្យោបាយ ព្រមទាំង​ហ៊ុំព័ទ្ធ ចាប់ខ្លួន​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៥​នាក់ នៅ​វត្ត​ស្ទឹងមានជ័យ​។​សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចាប់​ប​ង្ខុំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​វិធានការ​សមស្រប ដើម្បី​ការពារ​ខ្លួន រាំង​ស្កាត់​អំពើហិង្សា​កុំ​ឲ្យ​រីក​រាលដាល និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​កម្មករ ដែល​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។​​ក្នុង​ហេតុការណ៍​នៅ​ស្ទឹងមានជ័យ​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បានចេញ​បញ្ជា​ឲ្យ​មានការ​បង្ក្រាប​លើ​ក្រុមកម្មករ ដោយសារ​ស្ថានភាព​តានតឹង​។​បន្ទាប់ពី​ហេតុការណ៍​នៃ​ការប៉ះទង្គិច​គ្នា​នេះ លោក ជួន សុវណ្ណ ឲ្យ​ដឹងថា លោក​សោកស្តាយ ដែល​ក្រុមកម្មករ មិនបាន​អនុវត្ត​បាតុកម្ម​របស់ខ្លួន​ដោយ​សន្តិវិធី និង​បានធ្វើ​ឲ្យ​សមត្ថកិច្ច​ជាច្រើន​នាក់​រងរបួស ៖ «​យើង​ក៏បាន​ទប់ស្កាត់​ទៀត ដោយ​សន្តិវិធី ប៉ុន្តែ​ក្នុងនេះ​ហេតុផល គឺ​ដុំថ្ម​នៅ​រាយ​ពេល​ផ្លូវ​ទាំងអស់ គឺ​គាត់​បានធ្វើការ​គប់​ស្រោច​ទៅលើ​កម្លាំង​សមត្ថកិច្ច​យើង រហូតដល់​របួសធ្ងន់​ស្រាល​ជាច្រើន​»៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​។