-
សម្ព័ន្ធសង្គមស៊ីវិលគ្រោងដង្ហែក្បួននៅភ្នំពេញ ដើម្បី ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ
- Issue Date 13-Nov-2013
សម្ព័ន្ធសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងច្បាប់ គ្រោងដង្ហែក្បួន នៅថ្ងៃទី១០ ខែធ្នូខាងមុខ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ក្រោមប្រធានបទ “យើងទាំងអស់គ្នាលើកស្ទួយ និងការពារយុត្តិធម៌សង្គម”។លិខិតស្នើសុំការអនុញ្ញាតចុះថ្ងៃទី៨ ខែវិច្ឆិកា របស់ក្រុមសម្ព័ន្ធសង្គមស៊ីវិលចំនួន១៩ ផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដឹងថា ក្រុមការងារសង្គមស៊ីវិលចំនួន៣០០០នាក់គ្រោងជួបជុំគ្នានៅមុខពហុកីទ្បាដ្ឋានអូទ្បាំពិក រួចហែក្បួនដោយសន្តិវិធី កាត់វិថី និងមហាវិថីមួយចំនួន ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តកម្ម (CHRAC) លោក សួន ប៊ុនស័ក្តិ ដែលចុះហត្ថលេខាលើលិខិតស្នើសុំការអនុញ្ញាត ឲ្យដឹងនៅថ្ងៃពុធនេះថា អង្គការសិទ្ធិមនុស្ស នៅតែរកឃើញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដូចជាសិទ្ធិបញ្ចេញមតិ របស់ប្រជាពលរដ្ឋមិនទាន់បានបើកទូលាយ។ លោកថា អាជ្ញាធរនៅតែប្រើហិង្សាទៅលើអ្នកបញ្ចេញមតិ ទាមទាររកយុតិធម៌ជាដើម។ លោកបន្តថា ពលរដ្ឋមានសិទ្ធិតវ៉ាដោយសន្តិវិធី ចំណែកអាជ្ញាធរមានតួនាទីការពារសុវត្ថិភាពអ្នកតវ៉ា និងយកបញ្ហារបស់ពួកគេទៅដោះស្រាយ គឺមិនមែនបង្ក្រាប ឬបាញ់ប្រហារទៅលើអ្នកតវ៉ា ដូចករណីកម្មកររោងចក្រSLនោះទេ ៖ “កន្លងមកគឺរដ្ឋាភិបាល គាត់មានការបំពេញកាតព្វកិច្ច សម្រួលឲ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិបានច្រើន ក៏ប៉ុន្តែយើងឃើញភាគច្រើនប្រចាំឆ្នាំ ការបំពេញកាតព្វកិច្ចសម្រួលឲ្យបានបញ្ចេញមតិ ឲ្យស្រួលនោះ ដូចជាតិច ក៏ប៉ុន្តែការដែលដាក់វិធានការតានតឹង រឹតត្បឹត ទប់សេរីភាពក្នុងការបញ្ចេញមតិនោះដូចជាច្រើនជាងទៅវិញ”។អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់VODថា មកដល់ពេលនេះ លោកមិនទាន់ទទួលបានលិខិត របស់សម្ព័ន្ធសង្គមស៊ីវិលនៅឡើយទេ។ ប៉ុន្តែ លោកថា សាលារាជធានីមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនទេ ៖ “ខ្ញុំគិតថា ករណីហែក្បួនទាំងឡាយ មិនត្រូវបានអនុញ្ញាត អញ្ជឹងទេ បើមានករណីដូចនេះមែន សាលារាជធានីភ្នំពេញ នឹងត្រូវអញ្ជើញភាគីសំណើរ មកជួបធ្វើការគ្នាឲ្យបានហ្មត់ចត់”។លោកបន្តថា សាលារាជធានីភ្នំពេញគ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដែរ ដោយគ្រោងអញ្ជើញអង្គការសង្គមស៊ីវិលចូលរួម ដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន។ លោកថា លោកចង់ឲ្យអង្គការសង្គមស៊ីវិល ប្រារព្ធទិវានេះរួមគ្នាជាមួយសាលារាជធានីភ្នំពេញ។ លោកនឹងប្រជុំពិភាក្សាគ្នា ពីបញ្ហានេះនៅសប្តាហ៍ក្រោយ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣៕