-
ព្រះសង្ឃ៧អង្គ គង់នៅវត្តស្ទឹងមានជ័យ គ្រោងប្តឹងមេប៉ូលិសនិងមេប៉េអឹមរាជធានីភ្នំពេញ ករណីហិង្សានៅស្ពានស្ទឹងមានជ័យ
- Issue Date 15-Nov-2013
ព្រះសង្ឃចំនួន៧អង្គ និងនិស្សិត ដែលស្នាក់នៅវត្តស្ទឹងមានជ័យ គ្រោងដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទរំលោភសិទ្ធិមនុស្ស។ការគ្រោងដាក់ពាក្យបណ្តឹងនេះ បន្ទាប់ពីព្រះអង្គទាំង៧អង្គ ត្រូវដោះលែងកាលពីថ្ងៃអង្គារ ដោយរកឃើញថា មិនមានជាប់ពាក់ព័ន្ធទៅនឹងករណីប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចនៅក្បែរស្ពានស្ទឹងមានជ័យ ដែលបណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់ដោយសារគ្រាប់កាំភ្លើងពិត និងរបួសជាច្រើននាក់ទៀត។ព្រះតេជគុណស្នាក់នៅវត្តស្ទឹងមានជ័យ ព្រះនាម យិន រតនៈសុធារី ប្រាប់VODនៅថ្ងៃសុក្រនេះថា ក្រុមនិស្សិត និងព្រះសង្ឃ កំពុងរៀបចំពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងអង្គការមួយចំនួន។ ព្រះតេជគុណបន្តថា អ្នករងគ្រោះ នឹងប្តឹងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងមេបញ្ជាការកងរាជអាវុជហត្ថ លោក រ័ត្ន ស្រ៊ាង ដែលបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បាញ់កម្មករ និងពលរដ្ឋស្លូតត្រង់ ដែលធ្វើឲ្យព្រះសង្ឃ និងយុវជនរងរបួសជាច្រើននាក់ នៅមុខវត្តស្ទឹងមានជ័យ។ ព្រះតេជគុណ មានសង្ឃដីកាថា ព្រះអង្គ មានភ័ស្តុតាងជាខ្សែវីដេអូ និងរូបថត ដើម្បីបង្ហាញតុលាការពីករណីនេះ។កាលពីថ្ងៃព្រហស្បតិ៍ យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន បានដាក់ពាក្យបណ្តឹងទៅព្រះរាជធាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹង លោក ជួន សុវណ្ណ និង លោក រ័ត្ន ស្រ៊ាង ពីបទឃាតកម្មប្រព្រឹត្តដោយរាជការសាធារណៈ ករណីប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ។VOD មិនទាន់អាចទាក់ទងលោក ជួន សុវណ្ណ ដើម្បីសុំការអត្ថាធិប្បាយលើការដាក់ពាក្យបណ្តឹងនេះ បាននៅឡើយទេ។ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ប្រាប់VODកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពាក្យបណ្តឹងនេះ គឺជាសិទ្ធិរបស់បុគ្គល ដោយលោកមិនចាប់អារម្មណ៍នោះទេ ៖ "ខ្ញុំអត់មានអីផង នេះជាសិទ្ធិសេរីភាពរបស់អ្នកប្តឹង ចុះបើមានភ័ស្តុតាងអីដាក់ទៅ មានទៅថាអី"។វត្តស្ទឹងមានជ័យ ត្រូវបានគណបក្សសង្គ្រោះជាតិហែកឋិនចូលកាលពីពេលថ្មីៗនេះ។ នៅក្បែរវត្តស្ទឹងមានជ័យក៏មានករណីដុតរថយន្តនគរបាល កាលពីថ្ងៃបោះឆ្នោត ដោយសារអ្នកបោះឆ្នោតរកឃើញថា មានភាពមិនប្រក្រតី។ ប៉ុន្តែសមត្ថកិច្ចពុំបានវាយបង្ក្រាប ឬចាប់ខ្លួននរណាឡើយ។ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា ករណីនេះ តុលាការគប្បីចាត់វិធានការតាមនីតិវិធី ដោយសារមានភ័ស្តុតាងជាខ្សែវីដេអូខ្លីជាច្រើន បានបង្ហាញពីមន្ត្រីទាំងពីររូបនេះ ពិតជាជាប់ពាក់ព័ន្ធនឹងការផ្ទុះហិង្សានេះ ៖ "ប្រសិនតុលាការ មិនចាត់វិធានការតាមនីតិវិធីទេ មានន័យថា តុលាការផ្សំគំនិតគ្នាជាមួយបទល្មើលនេះហើយ គឺបិទបាំងបទល្មើសនេះ មិនធ្វើការដាក់ទោស ទៅលើអ្នកប្រព្រឹត្តបទល្មើស នេះហើយគេហៅថា អំពើនិទណ្ឌភាព នេះហើយដែលមតិជាតិ និងអន្តរជាតិ កន្លងមកតែងតែទិតៀនថា តុលាការមិនឯករាជ្យ តុលាការខ្លាចអំនាចនីតិប្រតិបត្តិ"។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣។