-
ព្រឹទ្ធសភាបក្សប្រឆាំងនៅកម្ពុជា ចាត់ទុកការបើកសម័យប្រជុំសភាដំបូងគឺជាអំពើខុសច្បាប់
- Issue Date 20-Nov-2013
សមាជិកព្រឹទ្ធសភាទាំង១១រូប មកពីគណបក្សសមរង្ស៊ី បានហៅការបើកសម័យប្រជុំសភាដំបូង ដែលធ្វើឡើងដោយឯកបក្សកាលពីថ្ងៃ១២ ខែវិច្ឆិកា ថាជាការរំលោភទាំងស្រុងលើរដ្ឋធម្មនុញ្ញ ខណៈដែលក្រុមសមាជិកព្រឹទ្ធសភាទាំងនេះ ព្រមានមិនចូលរួមប្រជុំព្រឹទ្ធសភានៅថ្ងៃទី២១ ខែវិច្ឆិកា នេះ។នៅក្នុងសេចក្ដីថែ្លងការណ៍ របស់សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ដែលក្នុងនោះមាន លោក គង់ គាំ ជាប្រធានគណបក្សសមរង្ស៊ី មានចុះហត្ថលេខាជាមួយព្រឹទ្ធសភា ១០រូបទៀត បានរៀបរាប់ថា ការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា គឺជាការកត់ត្រាប្រវត្តិសាស្ត្រនូវជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរ ដែលបោះជូនគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យមានការផ្លាស់ប្ដូរមួយនៅកម្ពុជា។សេចក្ដីថែ្លងការណ៍ បន្តថា កាលដែលគណបក្សមួយប្រជុំសភាដើម្បីអនុម័តច្បាប់ថវិកាឆ្នាំ២០១៤ ដោយមានសំឡេងតែមួយ មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយគ្មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួម គឺការប្រជុំមួយដែលមិនសមស្របឆន្ទៈប្រជាជនកម្ពុជា និងមិនស្របនឹងរដ្ឋធម្មនុញ្ញ ខណៈសហគមន៍អន្តរជាតិមួយចំនួន នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ មិនទទួលស្គាល់រាជរដ្ឋាភិបាលថ្មីទៀត គឺការប្រជុំមិនមានកិត្យានុភាពឡើយ។ក្នុងន័យនេះ ព្រឹទ្ធសភា គណបក្សសមរង្ស៊ី បានអះអាងថា ការប្រជុំព្រឹទ្ធសភានៅថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីអនុម័តច្បាប់ថវិកា ឆ្នាំ២០១៤ គឺក្រុមសមាជិកព្រឹទ្ធសភាទាំង១១រូបនឹង មិនចូលរួមប្រជុំជាដាច់ខាត។អត្ថបទដកស្រង់ពីវិទ្យុសម្លរងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣៕