• អាជ្ញាធរស្រុកសែនមនោរម្យ ស្នើប្រជាពលរដ្ឋ លើកពីទុក្ខកង្វល់ ដើម្បីជួយដោះស្រាយ

    • Issue Date 21-Nov-2013

    អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ លើកឡើង​ពី​ទុក្ខ​កង្វល់​របស់ខ្លួន ដើម្បី​ផ្តល់ឱកាស​ឲ្យ​អាជ្ញាធរ រិះរក​មធ្យោបាយ​ជួយ​ដោះស្រាយ​។​​ការអំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​នៅ​ក្រុង សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ដោយមាន​អ្នកចូលរួម​ពី​ពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់​មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​អូររាំង និង​ស្រុក​សែន​មនោ​រម្យ​។​​ក្រុមប្រឹក្សា​ខេត្ត​ម​ណ្ឌ​គិរី លោក រ៉ាង ចាន់ មានប្រសាសន៍ថា វេទិកា​នេះ ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ក្លាហាន ហ៊ាន​បញ្ចេញមតិ និង​ប្រាប់​ពី​បញ្ហា​របស់ខ្លួន​សព្វថ្ងៃ ដូចជា​បញ្ហាដីធ្លី​ជាដើម ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ដោះស្រាយ ។​​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​មន្ត្រីក្រោមឱវាទ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង ដោយ​អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័ន ត្រូវធ្វើ​វេទិកាសាធារណៈ ចុះ​សំណេះសំណាល​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​នៅតាម​មូលដ្ឋាន ជាប្រចាំ​ដើម្បី​ជា​ការជួយ​កាត់បន្ថយ​អំពើពុករលួយ​របស់​ម​ន្ត្រី​ខិលខូច​នៅតាម​ស្ថាប័ន​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕