• អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​៤​ជួបជុំ​នៅ​ ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ ទាមទារ​បញ្ចប់​និ​ទណ្ឌ​ភាព​ លើ​ឃាតកម្ម​អ្នកសារព័ត៌មាន​

    • Issue Date 21-Nov-2013

    សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​៤​រៀបចំ​ពិធី​ជួបជុំ នៅខាងមុខ​របង​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ដល់​ម៉ោង​៧​យប់ ក្នុង​បំណង​ទាមទារ​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន​១១​រូប ដែល​ត្រូវបាន​សម្លាប់​កាលពី​២០​ឆ្នាំមុន​ទេ​។​​ការមិន​អនុញ្ញាត​នេះ​ធ្វើ​ទ្បើង តាមរយៈ​លិខិត​ចុះហត្ថលេខា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ដោយ​អភិបាលរង​សាលា​រាជធានី លោក ឃួន ស្រេង ផ្ញើជូន​តំណាង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​។​លិខិត​បញ្ជាក់ថា ការស្នើសុំ​ទីតាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ការកកស្ទះ​ចរាចរណ៍​។ សាលា​រាជធានី​ភ្នំពេញ​ស្នើ​អង្គការ​ទាំង​៤​យក​ទីតាំង​ឯកជន​សមស្រប​ធ្វើ​វិញ​។​​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា អង្គការ​ទាំង​៤​បាន​ផ្ញើលិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី ពី​គម្រោង​ប្រមូលផ្តុំ​អ្នកចូលរួម​ប្រមាណ​១៥០​នាក់ រួមមាន​អ្នកសារព័ត៌មាន គ្រួសារ​ជនរងគ្រោះ ជាដើម នៅមុខ​របង​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ដែលជា​កន្លែង​អ្នកយកព័ត៌មាន​លោក ឃឹម សំបូរ ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ពីរ​នាក់ កាលពី​ឆ្នាំ​២០០៨​។ ការជូនដំណឹង​នេះ គឺ​យោងតាម​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឆ្នាំ​២០០៩​។​​នាយ​ប្រតិបត្តិ​CLEC លោក យ៉េ​ង វីរៈ មានប្រសាសន៍ថា សង្គម​ស៊ីវិល​នៅតែ​ជួបជុំគ្នា​នៅ​ទីតាំង​ដែល​បានកំណត់​ដដែល​។ លោក​ហួសចិត្ត​ចំពោះ​ការលើក​ទ្បើង​របស់​សាលា​រាជធានី​ភ្នំពេញ ពី​ការកកស្ទះ​ចរាចរណ៍។​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បដិសេធ​អត្ថាធិប្បាយ​បន្ថែម​លើ​ការមិន​អនុញ្ញាត​របស់​សាលា​រាជធានី។​ការជួបជុំ​របស់​អង្គការ​ទាំង​៤​នេះ​នឹងធ្វើ​ទ្បើង មុន​ពីរ​ថ្ងៃ​ដែល​សហគមន៍​អន្តរជាតិ​នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​បញ្ចប់​និ​ទណ្ឌ​ភាព​លើក​ទី​៣ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​៤​ចេញផ្សាយ​នៅថ្ងៃនេះ ឲ្យ​ដឹងថា ការជួបជុំ​នេះ​ក៏​ជា​ឱកាស​មួយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បរាជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្វែងរក​ឃាតករ និង​សន្យា​ធ្វើ​សកម្មភាព​បន្ថែមទៀត ដើម្បី​ស្វែងរក​វិធី​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​មាន​សុវត្ថិភាព​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕