• តុលាការកំពូល សម្រេចដោះលែង យ៉ោម បុប្ផា ឲ្យមានសេរីភាព

    • Issue Date 22-Nov-2013

    តុលាការ​កំពូល នៅ​ម៉ោងជាង​១២​ថ្ងៃ​ត្រង់នេះ ប្រកាស​សម្រេច​ដោះលែង​សកម្មក​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា តែ​បញ្ជូន​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យ​សើរើ​ឡើងវិញ​។​​ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ បាន​បើកសវនាការ​រយៈពេល​ជិត​៤​ម៉ោង ដោយ​ស្តាប់​ការលើកឡើង​ដាក់បន្ទុក និង​ដោះ​បន្ទុក​របស់​ភាគី​ពាក់ព័ន្ធ​។​​ចៅក្រម​ប្រកាសថា តុលាការ​កំពូល សម្រេច​ឲ្យ​អ្នកស្រី​យ៉ោ​ម បុប្ផា​នៅក្រៅ​ឃុំ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​វិញ ដោយសារ​សាលា​ដីកា​របស់​សាលាឧទ្ធរណ៍​កាលពី​កន្លងទៅ មិនមាន​សំអាង​គ្រប់គ្រាន់​ក្នុងការ​កាត់ក្តី​។ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយពី​បញ្ចប់​សវនាការ ដោយ​រង់ចាំ​ការដោះលែង​នៅ​ថ្ងៃ​បន្ទាប់​។​​មុន​ចូល​បន្ទប់​សវនាការ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា បង្ហាញ​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា អ្នកស្រី នឹង​ត្រូវបាន​តុលាការ​កំពូល​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​អ្នកស្រី បាន​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ​មកហើយ​។​អ្នកស្រី​បញ្ជាក់ថា តុលាការ​កំពូល មិនមាន​ភ័ស្តុតាង​ណា ដាក់បន្ទុក​លើ​អ្នកស្រី​ទេ​។​​នៅ​ខាងក្រៅ​តុលាការ​កំពូល ពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ រួមមាន​សហគមន៍​ដីធ្លី និង​ព្រះសង្ឃ​ផង​បាន បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ជំរុញ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌ ដោះលែង​អ្នកស្រី​យ៉ោ​ម បុប្ផា​។​​យ៉ោ​ម បុប្ផា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលា​ឧ​ទ្ទ​ណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅជា​បទ​ផ្តួចផ្តើម​ឲ្យ​មាន ហិង្សា​វិញ ក្រោយពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ទទួលទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣៕