-
ព្រះសង្ឃ៥អង្គ រិះគន់សកម្មភាពអាជ្ញាធរខេត្តប៉ៃលិន ហាមឃាត់ការចុះចែកអំណោយដល់ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់
- Issue Date 22-Nov-2013
ព្រះសង្ឃចំនួន៥ព្រះអង្គ មានសង្ឃដីកាថា អាជ្ញាធរខេត្តប៉ៃលិន កាលពីថ្ងៃពុធ បានចុះទៅហាមឃាត់សកម្មភាពរបស់ព្រះអង្គ ដែលចុះចែកអំណោយដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ព្រះតេជគុណ ឃឹម សំអឿន ព្រះជន្ម ៣៣ព្រះវស្សា គង់នៅវត្តភ្នំខ្ពស់ ស្រុកបាណន់ ខេត្តបាត់ដំបង មានថេរដីកាថា ខណៈពេលដែលព្រះសង្ឃ៥អង្គ កំពុងចែកអំណោយដល់ប្រជាពលរដ្ឋនៅម៉ោងប្រមាណជា ៥ល្ងាច រហូតដល់ម៉ោង១០យប់ អាជ្ងាធរ បានចុះមកហាមឃាត់ដោយសួររកសំបុត្របញ្ជាក់ពីវត្ត និងម្ចាស់អំណោយ ដោយសង្ស័យថា ជាព្រះសង្ឃក្លែងក្លាយ ឬក៏មកពីគណបក្សនយោបាយណាមួយ។ ព្រះអង្គមាន សង្ឃដីកាថា ទង្វើរបស់អាជ្ងាធរប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ សិទ្ធិ និងប្រមូលផ្ដុំ ៖ "គេចុះមកដើម្បីឆែកឆេរកសង្ឃដីការហើយនឹង សំបុត្របញ្ជាក់ ហើយម្ចាស់អំណោយ ហើយនឹងភាពពិតច្បាស់លាស់ ថាតើអាត្មាហ្នឹងគឺជាព្រះសង្ឃ ឫជាអ្នកបួសក្លែងក្លាយ ហើយមកតាមគណបក្សណា គេមកឆែកឆែ គេមកសួរចឹង បំណងគេហ្នឹងគេចង់ឃាតខ្លួន" ។ព្រះតេជគុណមួយអង្គទៀត ព្រះនាម ប៊ុត ប៊ុនតេង មានថេរដីកាថា អំណោយដែលព្រះអង្គបានមកចែកដល់ប្រជាជនរងគ្រោះទឹកជំនន់ បានមកពីការរៃអង្គាសពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។ ទឹកប្រាក់ដែលប្រមូលបាន មានចំនួន៣២០០ដុល្លារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន២១០គ្រួសារ។ ក្រៅពីទឹកប្រាក់ ព្រះសង្ឃក៏បានចែកជូនប្រជាពលរដ្ឋនូវអង្ករចំនួន៥០គីឡូក្រាម សម្រាប់មួយគ្រួសារ មីមួយកេស និងគ្រឿងបរិភោគផ្សេងៗទៀត។ ព្រះអង្គបញ្ជាក់ថា អាជ្ញាធរបានចុះមកនិយាយពាក្យមិនសមរម្យទៅលើព្រះសង្ឃ គំរាមវាយព្រះសង្ឃ និងប្រាប់ព្រះសង្ឃមិនគួរយកអំណោយមកចែកនៅពេលយប់ដូច្នេះទេ ៖ “ប៉ះពាល់គេហៅសិទ្ធិបុគ្គល យើងក្នុងនាមជាពលរដ្ឋម្នាក់ៗ គឺមានតួនាទីនិងកាតព្វកិច្ចទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ ធ្វើអំពើក្នុងសម្រាប់ជាតិរបស់ខ្លួន សិទ្ធិក្នុងការធ្វើការងារ សិទ្ធិក្នុងការដើរហើរ អាត្មាមានការងារអាចដើរហើរបាន ព្រោះក្នុងអធិបតេយ្យភាពរបស់ខ្មែរ អាត្មាជាជនជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ហេតុអ្វីអាត្មាមិនអាចធ្វើសកម្មភាព នៅស្រុកខ្មែរបាន ម៉េចក៏យួនមកបង្កើតសមាគម២៤ខេត្តក្រុងលើស្រុកខ្មែរកើត”។អភិបាលរងស្រុកសាលាក្រៅ លោក សំ សារ៉េត ប្រាប់VODថា លោក មិនបានហាមឃាត់ក្រុមព្រះសង្ឃ ដែលបានចុះចែកអំណោយទេ ដោយលោកគ្រាន់តែចង់ដឹងថា តើការចុះចែកអំណោយនោះ មានការជូនដំណឹងដល់អាជ្ងាធរដែរឬទេ។ លោក បានបដិសេធនឹងការចោទប្រកាន់ថា អាជ្ញាធរ បានប្រើពាក្យមិនសមរម្យទៅលើព្រះសង្ឃ។ លោកបញ្ជាក់ថា ៖ "ខ្ញុំនិយាយជាមួយព្រះសង្ឃសុទ្ធតែជាពាក្យសមរម្យទាំងអស់ មិនបាននិយាយដូចការចោទប្រកាន់ទេ។ លោកបន្ដថា លោកមានអារម្មណ៍ត្រេកអរណាស់ដែលមានសប្បុរសជនមកចែកអំណោយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្ញុំ ព្រោះប្រជាពលរដ្ឋរស់នៅសាលាក្រៅសុទ្ធតែមានជីវភាពមិនសូវធូរធារ និងខ្ញុំសង្ឃឹមថា បើអ្នកចែកអំណោយលើកក្រោយទៀតសូមផ្ដល់ដំណឹងដល់អាជ្ងាធរផង"។ប្រជាពលរដ្ឋម្នាក់រស់នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ អ្នកស្រី អោម សំអុល បានមានប្រសាសន៍ថា អ្នកស្រី និងភូមិផ្សេងទៀត ជាទទួលអំណោយពីព្រះសង្ឃ។ អ្នកស្រីចាត់ទុកទង្វើរបស់អាជ្ញាធរ អាចប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣៕