-
លោក ខៀវ កាញារីទ្ធ៖ រាជរដ្ឋាភិបាលកម្ពុជា គោរពវិជ្ជាជីវៈ និងការពារសុវត្ថិភាពអ្នក សារព័ត៌មាន
- Issue Date 22-Nov-2013
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅថ្ងៃសុក្រនេះ ច្រានចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលលើកឡើងពីនិទណ្ឌភាពអ្នកសារព័ត៌មាននៅកម្ពុជា ដោយចាត់ទុកថានេះជាការកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។កាលពីថ្ងៃព្រហស្បតិ៍ អង្គការ៤ គឺមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានរៀបចំពិធីជួបជុំមួយ ដើម្បីទាមទារយុត្តិធម៌ដល់អ្នកសារព័ត៌មាន១១រូបដែលត្រូវបានសម្លាប់ កាលពី២០ឆ្នាំមុន។ អង្គការទាំង៤ លើកឡើងថា និទណ្ឌភាពនៅកម្ពុជានៅតែជាឧបសគ្គដ៏ធំមួយក្នុងការពង្រឹងនីតិរដ្ឋ និងឲ្យពលរដ្ឋកម្ពុជាទទួលបានយុត្តិធម៌។ អង្គការទាំង៤ ក៏បានអំពាវនាវឲ្យមានការស្វែងរកយុត្តិធម៌ដល់អ្នកសារព័ត៌មាន លោក ឃឹម សំបូរ ដែលត្រូវបានសម្លាប់ កាលពីឆ្នាំ២០០៨ និងសុំឲ្យរាជរដ្ឋាភិបាលជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វាជារឿងសោកស្តាយមួយ ដែលអង្គការមួយចំនួន យកបញ្ហានិទណ្ឌភាពមកទម្លាក់ជាកំហុសលើរាជរដ្ឋាភិបាល ដោយសារនេះជាកិច្ចការរបស់នគរបាល ហើយសុំណុំរឿងលើឃាតកម្មអ្នកកាសែត មិនដែលត្រូវបានបិទទេ តែអ្វីជាបញ្ហា គឺមិនមានសាក្សីណា ចេញមុខបកស្រាយ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែគោរពលើវិជ្ជាជីវៈសារព័ត៌មាន បើទោះបីអ្នកសារព័ត៌មាន រិះគន់លើរដ្ឋាភិបាលក៏ដោយ។ លោកចាត់ទុកការលើកឡើងរបស់សង្គមស៊ីវិល គ្រាន់តែជាការកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានច្រានចោលការចោទប្រកាន់ថា ការលើកឡើងពីនិទណ្ឌភាពអ្នកសារព័ត៌មានរបស់សង្គមស៊ីវិលថា ជាការកេងចំណេញនយោបាយ។ លោកបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលត្រូវបានសម្លាប់មកដល់ពេលនេះ មិនត្រូវបានវែកមុខរកឃាតកពិតឃើញទេ។នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា តាមការស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស ភាគច្រើននៃឃាតកម្មលើអ្នកសារព័ត៌មានតាំងពីឆ្នាំ១៩៩៤មក គឺពាក់ព័ន្ធនឹងនយោបាយ ដែលតុលាការ មិនអាចវែកមុខឃាតកបានទេ ៖ “ តុលាការមិនឯករាជ្យ គាត់ទទួលឥទ្ធិពលនយោបាយ គាត់មិនហ៊ានធ្វើការស៊ើបអង្កេតទេ ខ្លាចទីមួយអាចត្រូវគេដកចេញពីតំណែង ព្រោះអីរដ្ឋាភិបាលកាលណាគេមានឥទ្ធិពល ទៅលើតុលាការគេមានអំណាច ដកមន្ត្រីតុលាការណាម្នាក់ចេញពីតំណែង”។អ្នកសារព័ត៌មានចុងក្រោយដែលត្រូវបានសម្លាប់ កាលពីខែកញ្ញា ឆ្នាំ២០១២ គឺលោក ហង្ស សេរីឧត្តម ជាភ្នាក់ងារសារព័ត៌មាន “វីរជនខ្មែរ” នៅខេត្តរតនគិរី។ សាកសពលោកត្រូវបានញាត់ចូលទៅក្នុងគូទរថយន្តរបស់គាត់ ក្នុងចម្ការស្វាយចន្ទីមួយ នៅក្នុងខេត្តរតនគិរី។ ជនសង្ស័យពីរនាក់ជាប្តីប្រពន្ធត្រូវបានចាប់ខ្លួន។ ប៉ុន្តែ តុលាការខេត្តបានទម្លាក់ការចោទប្រកាន់អ្នកទាំងពីរ។ ក្រោយការដោះលែង សមត្ថកិច្ចនៅតែមិនទាន់បើកការស៊ើបអង្កេតរកឃាតកពិត។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី២២ ខែវិច្ឋិកា ឆ្នាំ២០១៣៕