• អង្គការ​លើកលែងទោស​អន្តរជាតិ ខកចិត្ត​នឹង​ តុលាការ​កំពូល​កម្ពុជា ដែល​មិន​ទំលាក់​បទ​ចោទ អ្នកស្រី យ៉ោ​ម បុប្ផា​

    • Issue Date 23-Nov-2013

    អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាត់ទុកថា សាលដីកា​តុលាការ​កំពូល ដោះលែង​សកម្មជន​តវ៉ា​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នា​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ ជា​សេចក្តីសម្រេច​មិនបាន​ពេញលេញ​តាម​ឆន្ទានុសិទ្ធិ​។​​តុលាការ​កំពូល បានសម្រេច​ឲ្យ​អ្នកស្រី យ៉ោ​ម បុប្ផា ដែល​ជាប់ចោទ​ពីបទ ផ្តួ​ម​ផ្តើម​ឲ្យ​មាន​ហិង្សា​ដោយ​ចេតនា ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បង្វិល​សំណុំរឿង​ឲ្យ​សាលាឧទ្ធរណ៍​ស៊ើបអង្កេត​ទ្បើង​វិញ ក្រោយពី​រកឃើញថា សាលដីកា​សាលាឧទ្ធរណ៍ មិនមាន​សំអាង​ហេតុ និង​ភស្តុតាង​គ្រប់គ្រាន់​។​​តាម​លិខិត​ចុះផ្សាយ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា អ្នកស្រាវជ្រាវ​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក រូ​ភើ​ត អាប់​ប៊​ត (Rupert Abbott) ចាត់ទុកថា ការដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោ​ម បុប្ផា គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ប៉ុន្តែ​លោក ខកចិត្ត​ដែល​ការផ្តន្ទាទោស និង​បទចោទប្រកាន់ នៅតែ​រក្សា ហើយ​សំណុំ​រឿងនេះ មិនត្រូវ​បានបញ្ចប់​។ លោក​បន្តថា អ្នកស្រី​យ៉ោ​ម បុប្ផា មិនគួរ​ត្រូវបាន​ឃុំឃាំង និង​បំបែក​ចេញពី​ក្រុមគ្រួសារ​របស់​អ្នកស្រី​ឡើយ​។​​លោក Rupert Abbott បន្តថា \"​ករណី​អ្នកស្រី​យ៉ោ​ម​បុប្ផា គឺជា​និមិត្តសញ្ញា នៃ​និន្នាការ​ដ៏​គួរឱ្យ​បារម្ភ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បង្ហាញ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​អាច​នឹង​ប្រឈម​ការយាយី ការគំរាមកំហែង និង​ការចាប់ខ្លួន​ដាក់ពន្ធនាគារ ចំពោះ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ​\""​។​​អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ និង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​៣​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក់​សរុប​៦០​លាន​រៀល ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលាឧទ្ធរណ៍​បាន​ប្តូរ​បទ​ចោទ ទៅជា​បទ​ផ្តួចផ្តើម​ឲ្យ​មាន​ហិង្សា​ដោយ​ចេតនា​វិញ បន្ទាប់ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ទទួលទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក់ ២០​លាន​រៀល​។​​បច្ចុប្បន្ននេះ អ្នកស្រី យ៉ោ​ម បុប្ផា បាន​ចេញពី​ពន្ធ​ធនាគារ​ហើយ ក្រោយពី​តុលាការ​កំពូល បានសម្រេច​ឲ្យ នៅក្រៅ ឃុំ បណ្តោះ អាសន្ន​។​ អត្ថបទ​ដក​ស្រង់​ពី​វិទ្យុ​សម្លេង​ប្រជា​ធិបតេយ្យ​ (VOD) ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣ខែ​វិច្ឆិកា ឆ្នាំ​២០១៣៕"