-
សង្គមស៊ីវិលជំរុញជាថ្មីឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍UNស្តីពីសិទ្ធិមនុស្ស និងប្រព័ន្ធតុលាការ
- Issue Date 25-Nov-2013
សង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ នៅថ្ងៃចន្ទនេះ ជំរុញជាថ្មីទៀតឲ្យរាជរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ដីធ្លី និងកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាឲ្យមានប្រសិទ្ធភាព។ការជំរុញនេះធ្វើទ្បើងក្នុងសន្និសីទមួយស្តីពី “ការដាក់របាយការណ៍នៅក្នុងដំណើរការនៃការពិនិត្យមើលជាសកលតាមកាលកំណត់(UPR) វគ្គទី២ សម្រាប់កម្ពុជា” នៅរាជធានីភ្នំពេញ។ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តកម្ម ដែលមាន២១អង្គការ និងសមាគម លោក សួន ប៊ុនស័ក្តិ រំលឹកថា អង្គការសហប្រជាជាតិធ្លាប់ដាក់របាយការណ៍ចំនួន៩១ចំណុចឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ក្នុងនោះរួមមាន កំណែទម្រង់ប្រព័ន្ធតុលាការ ការរំលោភដីធ្លី និងសិទ្ធិមនុស្ស ជាដើម។ ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជា អនុវត្តអនុសាសន៍ទាំងនោះបានតិចតួចនៅឡើយ ៖ “យើងមានអនុសាសន៍ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធច្បាប់និងតុលាការជាច្រើនដែលគេប្រាប់ឲ្យព្រះរាជាណាចក្រកម្ពុជាឲ្យធ្វើ អង្គការសហប្រជាជាតិប្រាប់ឲ្យកម្ពុជាឲ្យធ្វើកំណែទម្រង់ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌និងតុលាការ យើងមើលឃើញថា អនុសាសន៍ទាំងអស់ហ្នឹង បើខ្ញុំមើលទៅដូចជាមិនបានដល់៣០ភាគរយនៃអនុសាសន៍ផងដែលត្រូវបានអនុវត្ដ” ។នាយកប្រតិបត្តិអង្គការវេទិកាស្តីពីកម្ពុជា(NGO Forum) លោក ឈិត សំអាត យល់ថា របាយការណ៍ស្តីពីកំណែទម្រង់ការរំលោភសិទ្ធិមនុស្ស ការបញ្ឈប់ផ្តល់ដីសម្បទាន ជាដើម ដែលរដ្ឋាភិបាលអាណត្តិទី៥នេះដាក់ទៅអង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា សង្គមស៊ីវិលនឹងបន្តតាមដានលើបញ្ហាទាំងនេះឲ្យមានប្រសិទ្ធភាព ៖ “ហើយយើងក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសដែលជាក្រុមប្រឹក្សាសិទ្ធិមនុស្សនិងរដ្ឋាភិបាលកម្ពុជាក្នុងការតាមដាន នៃការអនុវត្ដនៃអនុសាសន៍ដែលបានឯកភាពនិងលើកឡើងដោយអង្គការសហប្រជាជាតិ ចឹង៩១ដែលអង្គការសហប្រជាជាតិបានប្រគល់លើកមុនហ្នឹង ដែលរដ្ឋាភិបាលបានឯកភាពហ្នឹង តើអាហ្នឹងគាត់បានធ្វើប៉ុន្មានហើយនៅសល់ប៉ុន្មានទៀតចឹងយើងមើលអាហ្នឹងទៀតនែ ៩១បានធ្វើប៉ុន្មានហើយ នៅសល់ប៉ុន្មានទៀតត្រូវធ្វើម៉េច ឫក៏៩១ហ្នឹងអត់ទាន់បានធ្វើទាំងអស់ អញ្ចឹងមានធ្វើខ្លះ មិនទាន់ធ្វើខ្លះ យើងនឹងធ្វើការវិភាគទៅលើបញ្ហា អនុសាសន៍ហ្នឹង” ។អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនស្ថិតនៅក្រោមគំនាបសង្គមស៊ីវិលណាមួយទេ។ លោកអះអាងថា រដ្ឋាភិបាលមិនបានច្រានចោលអនុសាសន៍របស់អង្គការសហប្រជាជាតិនោះទេ។ លោកថា កម្ពុជាជាប្រទេសឯករាជ្យ ហើយកម្ពុជាធ្វើអ្វីដែលជាចំណុចល្អ ទៅតាមលទ្ធភាពរបស់ខ្លួន ៖ “យើងធ្វើតាមអ្វីដែលយើងអាចធ្វើបាន ក៏ប៉ុន្ដែមិនមែនច្រានចោលនៃការផ្ដល់យោលរបស់គេទេ យើងទទួលក៏ប៉ុន្ដែយើងមានតួនាទីជាប្រជាជាតិអធិបតេយ្យជ្រើសរើសយកតែចំណុចណាមួយដែលយើងមានលទ្ធភាពអាចធ្វើបានឆ្លើយតបទៅនឹងផលប្រយោជន៍មហាជនរបស់យើងបាទ” ។កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលអាណត្តិទី៥ធ្វើកំណែទម្រង់ស៊ីជម្រៅ លើស្ថាប័នជាតិធំៗ ដូចជាបញ្ហាដីធ្លី អំពើពុករលួយ អយុត្តិធម៌សង្គម ប្រព័ន្ធតុលាការ ដើម្បីបង្ហាញតម្លាភាពរបស់ស្ថាប័នជាតិ ដែលអង្គការសង្គស៊ីវិលទាមទារយូរឆ្នាំមកហើយ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣៕